សម្តេចប្រធានរដ្ឋសភាស្នើនាយករដ្ឋមន្រ្តីគុយបាជួយជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគប្រទេសទាំងពីរឱ្យរីកចម្រើនឡើង

ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកវត្ត មានរបស់ លោកនាយករដ្ឋមន្រ្តី គុយបានៅពេលនេះ នឹងរួមចំណែកបន្ថែមទៀតក្នុងការជំរុញសម្ទុះកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ឱ្យបានកាន់តែប្រសើរថែមមួយកម្រិតទៀត ស្របតាមបរិបទតំបន់ និងសកលលោកបច្ចុប្បន្ន ដែលមានការវិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស។

សម្តេចបានមានប្រសាសន៍ដូច្នេះក្នុងឱកាសអនុញ្ញាតឱ្យ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋគុយបា និងគណៈប្រតិភូចូលជូបសម្តែងការគួរសមនិងពិភាក្សាការងារនៅព្រឹកថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ ២០២២ ខណ:លោកនាយករដ្ឋមន្ត្រីបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅកម្ពុជា ។ ជាមួយគ្នានេះសម្តេចក៏បានស្នើ លោកនាយករដ្ឋមន្រ្តី ជួយជំរុញនិងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរ ដែលនៅមានកម្រិតឱ្យមានការរីក ចម្រើនប្រសើរឡើង។

នៅក្នុងឱកាសនោះដែរ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែលបានផ្តល់កិត្តិយសដល់លោកនិងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសមនាឱកាសនេះ។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា លោកបានអាននិងតាមដានពីវីរភាពរបស់សម្តេចប្រធានរដ្ឋសភា ដែលបានចូលរួមរំដោះនិងកសាង អភិវឌ្ឍន៍ប្រទេសជាតិជារៀងរហូតមក។

លោកនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសគុយបា កាលពីពេលថ្មីៗនេះប្រកបដោយជោគជ័យ និងដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានាពេលនេះ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគប្រទេសទាំងពីរ នឹងមានការរីកចម្រើន។ ជា មួយគ្នានេះ លោកបានពាំនាំនូវលិខិតអញ្ជើញរបស់លោកប្រធានរដ្ឋសភាគុយបា គោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅគុយបា។

ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា មានទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការដ៏ល្អជាមួយគ្នា តាំងពីយូរយាណាស់មកហើយ។ ឆ្នាំ២០២២នេះ គឺជាខួបលើកទី៦២ នៃទំនាក់ ទំនង ចំណងមិត្តភាពយូរ អង្វែងនៃប្រទេសទាំងពីរ។ សម្តេច ហេង សំរិន បានគូសបញ្ជាក់ថា គុយបា ជាមិត្តដ៏ល្អរបស់កម្ពុជា ហើយតែងជួយ ឧបត្ថម្ភគាំទ្រកម្ពុជា នៅគ្រប់កាលៈទេសៈ។ ជាក់ស្តែងនៅពេលកម្ពុជា ទើបបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៧ មករា ១៩៧៩ មិត្តគុយបា បានផ្តល់ជំនួយបន្ទាន់ ផ្នែកសង្គមកិច្ច សុខាភិបាល និងអប់រំ ដែលឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជា ជនកម្ពុជា ក្នុងគ្រាក្រលំបាក ស្របតាមសុភាសិតខ្មែរ «មិត្តល្អជួយគ្នា ក្នុងគ្រាក្រ»។

សម្តេចសូមគាំទ្រ និងវាយ តម្លៃខ្ពស់ ចំពោះលទ្ធផលដ៏ត្រចះត្រចង់ នៃដំណើរទស្ស នកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា នៅសាធារ ណរដ្ឋគុយបា កាលពីសបា្ត ហ៍មុន ក្នុងការពង្រឹងចំណង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យប្រសើរឡើងថែមទៀត សំដៅរួម ចំណែកផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង ។

សម្តេច ហេង សំរិន ទទួលយកការគោរព អញ្ជើញរបស់ លោកប្រធានរដ្ឋសភាគុយបា និងបានសន្យាថា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅប្រទេសគុយបា ក្នុងពេលវេលាសមស្របណាមួយ៕ ដោយ៖ គង់ សេដ្ឋាមុនី