ចៅក្រមស៊ើបសួរខេត្តកណ្ដាល ចេញដីបង្គាប់ឱ្យឃុំខ្លួន លោក ធែល ធីលែន ពីបទលួចលក់អចលនវត្ថុរបស់អ្នកដទៃ

ភ្នំពេញ៖ លោក ប្លុង វិសាល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល បានចេញដីបង្គាប់ឱ្យឃុំខ្លួន លោក ធែល ធីលែន ពីបទលួចលក់អចលនវត្ថុរបស់អ្នកដទៃ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២។ នេះបើតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់សាលាដំបូងខេត្តកណ្ដាល ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២។

បើយោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនដដែល បានឱ្យដឹងថា លោក ធែល ធីលែន ត្រូវដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យ ពីបទលួចលក់អចលនវត្ថុរបស់អ្នកដទៃ ដែលមិនមែនជារបស់ខ្លួន បានប្រព្រឹត្តនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល កាលពីអំឡុងឆ្នាំ២០១៦ បទល្មើសដែលមានបញ្ញត្ដិឱ្យផ្ដន្ទាទោស តាមមាត្រា ២៥៥ នៃច្បាប់ភូមិបាល។

ក្នុងខ្លឹមសារនៃដីកាបង្គាប់ឱ្យឃុំខ្លួនរបស់សាលាដំបូងខេត្តកណ្ដាល បានបង្គាប់ឱ្យ រួមមាន៖ ទី១.ភ្នាក់ងារសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ ធែល ធីលែន ភេទប្រុស អាយុ ៣២ឆ្នាំ ទៅពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែ ខេត្តកណ្ដាល នៃក្រសួងមហាផ្ទៃ ដោយអនុវត្ដឱ្យបានត្រឹមត្រូវតាមច្បាប់។ ទី២.ប្រធានពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែ ខេត្តកណ្ដាល នៃក្រសួងមហាផ្ទៃទទួល និងឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មី សម្រេចផ្សេងពីនេះ។ ទី៣.គ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្ដឱ្យបានល្អ នៅពេលដីកានេះត្រូវបានបង្ហាញក្នុងករណីចាំបាច់។

សូមជម្រាបជូនថា លោក ធែល ធីលែន ដែលត្រូវបានគេស្គាល់ថា ជាយុវជនដែលចេញមុខរិះគន់ការផ្ដល់បណ្ណស្នាក់នៅអចិន្រ្តៃយ៍ និងប្រឆាំងការបង្កើតដេប៉ាតឺម៉ង់វៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវបានសមត្ថកិច្ចស្លៀកពាក់ស៊ីវិលជាច្រើននាក់ ចាប់ខ្លួនវាយខ្នោះដាក់ឡាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយសាលាក្រុងភ្នំពេញទាក់ទងនឹងការធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់ពីលោក អ៊ំ ឆុម សមាជិកនៃក្រុមយុវជន៕ ដោយ៖ ឆឹម ទិត