ទំនាក់ទំនងកម្ពុជា-គុយបា កើតមានតាំងពីឆ្នាំ១៩៥៩មកម្លេះ

ភ្នំពេញ៖ «ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិដ៏ល្អរវាងប្រទេសកម្ពុជា និងប្រទេសគុយបាកើតមានឡើងតាំងពីឆ្នាំ១៩៥៩មក ជាពិសេសទំនាក់ទំនងដ៏ល្អប្រពៃរវាងថ្នាក់ដឹនាំគុយបា និងសម្តេចព្រះបរមរតនកោដ្ឋ។ ក្រៅពីនេះ ប្រទេសទាំងពីរក៏មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសភានៃប្រទេសទាំងពីរផងដែរ»។ នេះបើតាមការរម្លឹករបស់ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋគុយបា ក្នុងឱកាសជួបសវនាការជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី0៥ ខែតុលា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា។

លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស បានគូសបញ្ជាក់ក្នុងដំណើរទស្សនកិច្ច៣ថ្ងៃរបស់លោកនៅកម្ពុជាថា ពិតជាមានសារៈសំខាន់ណាស់ ក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការផ្សារភ្ជាប់ពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដែលអាចរួមចំណែកដល់ការអភិវឌ្ឍប្រទេសគុយបានាពេលខាងមុខ។

ជាមួយគ្នានេះ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស បានសន្យាថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។
សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការល្អរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើង និងរឹងមាំថែមទៀត នឹងនាំមកនូវផលប្រយោជន៍ ដ៏ធំធេងទៅវិញទៅមក ទាំងក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត៕ ដោយ៖ គង់ សេដ្ឋាមុនី