នាយករដ្ឋមន្រ្តីកម្ពុជា ចាត់ទុកឥរិយាបទរបស់កូរ៉េខាងជើង គឺបង្កការគ្រោះថ្នាក់

ភ្នំពេញ ៖ ការចាត់ទុកឥរិយាបទរបស់កូរ៉េខាងជើង ប្រកបដោយគ្រោះថ្នាក់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដោយសារធារណរដ្ឋប្រជាមានិតប្រជាធបតេយ្យកូរ៉េ បាញ់មីស៊ីលសាកល្បងឆ្លងកាត់ប្រទេសជប៉ុន កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ។

កូរ៉េខាងជើង កាលពីថ្ងៃ៤ តុលា បានបាញ់មីស៊ីលផ្លោង ឆ្លងផុតភាគឦសានប្រទេសជប៉ុន ជាលើកទីមួយដែលខ្លួនបានបញ្ជូនមីស៊ីលឆ្លងកាត់ប្រជុំកោះជប៉ុន ក្នុងរយៈពេលជិត៥ឆ្នាំ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការបាញ់មីស៊ីល ឆ្ពោះទៅសមុទ្រជប៉ុន បើទោះបីជាមានការរិះគន់ ពីអន្តរជាតិក៏ដោយ។

សំណេររបស់សម្តេចចាត់ទុកឥរិយាបទរបស់កូរ៉េខាងជើង បង្កការគ្រោះថ្នាក់នេះ ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍មួយ ក្នុងអំឡុងពេលជួបពិភាក្សាទ្វេភាគី ជាមួយលោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីគុយបា កំពុងទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ។

ក្នុងឱកាសនោះ សម្តេចក៏ថ្កោលទោសការបាញ់ម៉ីស៊ីល ឆ្លងកាត់ជប៉ុន ធ្វើឡើងដោយកូរ៉េខាងជើងផងដែរ។

សម្តេចតេជោបានប្រសាសន៍ថា “ឥរិយាបទរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ គឺប្រកបដោយគ្រោះថ្នាក់ និងជាការបំពានមួយទៀត ទៅលើសេចក្តីសម្រេចនៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ”។

ជាមួយគ្នានេះដែរ សម្តេចតេជោ ក៏បានបញ្ចេញទស្សនៈ ចំពោះសង្គ្រាមនៅអ៊ុយក្រែនផងដែរ ថា កម្ពុជាយល់អំពីហេតុផលប្រវត្តិសាស្ត្រ យល់អំពីការព្រួយបារម្ភផ្នែកសន្តិសុខ និងភាពស្មុគស្មាញនៃបញ្ហា ប៉ុន្តែសម្តេចតេជោ បានមានប្រសាសន៍ថា កម្ពុជាមិនយល់ស្របចំពោះការចូលលុកលុយ អ៊ុយក្រែន និងការភ្ជាប់ជាតំបន់ចំណុះ ពីប្រទេសអធិបតេយ្យមួយនោះទេ៕ ដោយ៖ រិន ចំរើន