លោក ហ៊ុន ម៉ានី ចាត់ទុកគ្រូបង្រៀន គឺជាឆ្អឹងខ្នងនៃគុណភាពអប់រំ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រទេសជាតិ

ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី សមាជិកសភា តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)បានចាត់ទុកគ្រូបង្រៀន គឺជាឆ្អឹងខ្នងនៃគុណភាពអប់រំ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រទេសជាតិ។

នៅលើគេទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ លោក បានសរសេររៀបរាប់ថា <<គ្រូបង្រៀន គឺជាបេះដូងនៃកំណែទម្រង់វិស័យអប់រំ ដើម្បីការអភិវឌ្ឍ។ គ្រូបង្រៀន គឺជាឆ្អឹងខ្នងនៃគុណភាពអប់រំ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រទេសជាតិ។គ្រូបង្រៀន ជាប្រទីបបំភ្លឺលោកប្រកបដោយគតិបណ្ឌិត>> ក្រោមប្រធានបទ គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង។

ឆ្លៀតក្នុងឱកាសអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា លោក បានសម្តែងនូវសេចក្តីគោរព និងថ្លែងអំណរគុណចំពោះលោកសាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ដែលបានខិតខំប្រឹងប្រែង និងលះបង់ខ្ពស់មិនគិតនឿយហត់ក្នុងការងារអប់រំ ផ្តល់ចំណេះដឹងដល់សិស្សានុសិស្សគ្រប់ៗរូប។ ជាអាទិ៍ក្នុងកាលៈទេសៈ ដែលប្រទេសជាតិជួបប្រទះនឹងវិបត្តិជំងឺឆ្លងរាលដាលកាចសាហាវ កាលពីពេលថ្មីៗកន្លងទៅ លោកគ្រូ អ្នកគ្រូបានព្យាយាមជម្នះឧបសគ្គគ្រប់បែបយ៉ាង ដើម្បីបន្តនិរន្តភាពនៃការងារអប់រំ និងឈានមកដល់ភាពជោគជ័យនៅថ្ងៃនេះ។

ជាមួយគ្នានេះផងដែរ លោក ក៏បានរំលឹក និងបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបសលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ ដែលបានចែកឋានទៅ សូមបានសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ៖ សាន សៀងហៃ