អភិបាលខេត្តកំពង់ធំ នាំអំណោយសម្ដេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកប្រាសាទសំបូរ

កំពង់ធំ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ព្រមទាំងក្រុមហាត់ប្រាណមិត្តភាព ក្រុមចលនាស្រ្តីស្រុកប្រាសាទសំបូរ លោ កអភិបាលស្រុក និងក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋចំនួន ១៣៣គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់នៅទីទួលសុវត្ថិភាព ស្រុកប្រាសាទសំបូរ កាលពីថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០២២។

លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានធ្វើរបាយការណ៍ពីគ្រួសារដែលរងគ្រោះដោយទឹកជំនន់ ដែលទឹកស្ទឹងសែនកំពុងតែហក់ឡើងយ៉ាងខ្លាំង ក្នុងនោះបងប្អូនប្រជាពលរដ្ឋក៏បានជម្លៀសមកទីទួលសុវត្ថិភាព។

លោក ងួន រតនៈ មានប្រសាសន៍ថា នៅចំពោះមុខរដ្ឋបាលខេត្ត បានបន្តស្រង់ទិន្នន័យគ្រប់ក្រុង ស្រុក ដើម្បីធ្វើលិខិតស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ជួយផ្ដល់ស្បៀងបន្តទៀត សម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលកំពុងជួបទុក្ខលំបាកដោយសារទឹកជំនន់។ សកម្មភាពទាំងនេះបានបង្ហាញ អំពីកាយវិការមនុស្សធម៌របស់ថ្នាក់ដឹកនាំ ដែលបានគិតគូរដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់កាល:ទេសៈ មិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់អត់ស្បៀងឡើយ។
លោក ងួន រតនៈ បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពេលឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលមានការខ្វះខាត ខិតខំកៀរគរស្វែងរកជំនួយពីសប្បុរសជននានា ទាំងថវិកា និងសម្ភារ សម្រាប់ចែកជូនប្រជាពលរដ្ឋនៅពេលកន្លងមក ព្រមទាំងថ្លែងអំណរគុណដល់កងកម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ ដែលបានជួយសម្រួលចរាចរណ៍ និងដាក់កម្លាំងប្រចាំការនៅកន្លែងដែលមានគ្រោះថ្នាក់ ទឹកហូរខ្លាំងលើដងផ្លូវ និងជួយការពារនៅទីទួលុមានសុវត្ថិភាព ។

លោក អភិបាលខេត្តកំពង់ធំ និងប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដល់នូវស្បៀងក្នុងឱកាសនេះ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃបានមួយកម្រិត។
អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែនទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅតូចៗ ព្រោះទឹកស្ទឹងសែនកំពុងតែហក់ឡើងខ្លាំង។ ឯកឧត្តមបានជំរុញបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋណាដែលមិនទាន់ចាក់វ៉ាក់សាំងការពារនូវជំងឺកូវីដ-១៩ សូមមេត្តាទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា នៅមណ្ឌលសុខភាពដែលនៅជិតផ្ទះបងប្អូនជាទីបំផុត។
សូមបញ្ជាក់ផងដែរថា សម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន១៣៣គ្រួសារ បានទទួលអំណោយសម្ដេចតេជោ ហ៊ុន សែន ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ, មី, ទឹកត្រី, សៀង, ត្រីខ, ទឹកបរិសុទ្ធ, ភួយ, និងថ្នាំពេទ្យផងដែរ ៕ដោយ៖ គង់ សេដ្ឋាមុនី