ទីក្រុងនៃប្រទេស៣ក្នុងតំបន់អាស៊ាន ត្រូវបានជ្រើសរើសជាទីក្រុងសាកល្បងលើការ គ្រប់គ្រងសម្រាម សំណល់រឹងប្រកបដោយនិរន្តរភាព

សៀមរាប៖ គម្រោងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ បានសម្រេចជ្រើសរើសទីក្រុង នៃប្រទេសចំនួន៣ក្នុងតំបន់អាស៊ាន រួមមាន៖ ខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា ខេត្តវ៉ាងវៀង ប្រទេសឡាវ និងខេត្តដាឡាត ប្រទេសវៀតណាម ជាទីក្រុងសាកល្បងលើការគ្រប់គ្រងសម្រាម សំណល់រឹងប្រកបដោយនិរន្តរភាព។

ការពិភាក្សាគម្រោងកិច្ចសហប្រតិបត្តិការនេះបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តសៀមរាប កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ក្រោមវត្តមានរបស់លោក ឃុន លីនណេ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងលោក Frank Jattke នាយកគម្រោងកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់( giz ) ដោយមានការចូលរួមពីតំណាងក្រសួងបរិស្ថាន និងមន្ទីរពាក់ព័ន្ធជាច្រើនទៀត។

នៅក្នុងកិច្ចពិភាក្សានោះ លោក ឃុន លីនណេ បានលើកឡើងថា ក្នុងមួយឆ្នាំៗរាល់កាកសំណល់មានការកើនឡើងដល់១៦០លានតោន ចាប់ពីឆ្នាំ២០០៦ ចំពោះសំណល់រឹងក្នុងក្រុងទេសចរណ៍។ ចំពោះខេត្តសៀមរាបនៅពេលកំណើននៃភ្ញៀវទេសចរកើនឡើងវិញ ក្រោយពេលមានភាពធូស្រាលនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំណោទបញ្ហាការសំណល់ទាំងរឹង និងរាវមានការកើនឡើងផងដែរ។
លោក ឃុន លីនណេ បានអបអរសាទរផងដែរ ដែលគម្រោងកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់ ជ្រើសរើសយកខេត្តសៀមរាប ជាក្រុងអនុវត្តន៍សាកល្បង លើការគ្រប់គ្រងកាកសំណល់រឹង ព្រមទាំងគាំទ្រការអនុវត្តការគ្រប់គ្រងសំណល់ប្រកបដោយនិរន្តរភាព នៅក្នុងទីក្រុងទេស
ចរណ៍ខ្នាតមធ្យម ដែលកត្តាសំខាន់នោះ លើកិច្ចសហប្រតិបត្តិការរវាងក្រសួងស្ថាប័ន ជាដៃគូ សហការជាមួយសមាគមទេសចរណ៍ និងតួអង្គជាតិពាក់ព័ន្ធផ្សេងទៀត ដែលសកម្មក្នុងវិស័យគ្រប់គ្រងសំណល់ និងទេសចរណ៍។

លោក Frank Jattke) បានបញ្ជាក់ថា គម្រោងនេះមានគោលបំណងចូលរួមចំណែក ក្នុងការធ្វើឱ្យប្រសើរឡើង នូវគុណភាពបរិស្ថានក្នុងទីក្រុងទេសចរណ៍ខ្នាតមធ្យម នៅក្នុងតំបន់អាស៊ាន។ តាមរយៈការពង្រឹងសមត្ថភាព នៃការទុកដាក់សំណល់ចុងក្រោយ និងការកែច្នៃឡើងវិញប្រកបដោយប្រសិទ្ធភាព។ ម៉្យាងទៀតគម្រោងនេះ ត្រូវបានផ្តល់មូលនិធិដោយក្រសួងសហព័ន្ធ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ ដែលអនុវត្តន៍ដោយភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់( giz ) ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយលេខាធិការដ្ឋានអាស៊ាន។

លោក Frank Jattke) បានបន្តទៀតថា គម្រោងនេះក៏បានរួមចំណែកដល់ការសម្រេចបាននូវគោលដៅរបស់អាស៊ាន ដូចបានចែងក្នុងផែនការមេ របស់សហគមន៍សង្គមវប្បធម៌អាស៊ាន ឆ្នាំ២០២៥។ កាបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹង និងការកែច្នៃឡើងវិញប្រកបនិរន្តរភាព និងគិតគូរពីតួនាទីរបស់យេនឌ័រ នៅក្នុងទីក្រុងទេសចរណ៍គោលដៅ។ ក្នុងនោះដែរ ក៏មានធ្វើការបង្ហាញរបស់គម្រោង និងចំណាប់អារម្មណ៍របស់តំណាងក្រសួងពាក់ព័ន្ធ ចំពោះការគ្រប់គ្រងសំណល់រឹង ដើមី្បសំដៅឆ្លើយតបទៅនឹងភូមិ ឃុំមានសុវត្ថិភាព ដែលជាសូចនាករមួយដ៏សំខាន់ ក្នុងការប្រឡងប្រណាំងនៅថ្នាក់ក្រោមជាតិ ៕ដោយ៖ គង់ សេដ្ឋាមុនី