កំពង់ធំ៖ ប្រភពពីក្រសួងធនធានទឹក និង ឧតុនិយមបានឱ្យដឹងថា ដោយមានការតាមដានពីស្ថានភាពទឹកជំនន់ស្ទឹងសែន តាមស្ថានីយវាស់កម្ពស់ទឹកស្ទឹងសែន ចំនួន ០៣កន្លែងរយៈពេល១០ថ្ងៃកន្លងមកពីថ្ងៃទី២៥ ខែកញ្ញាដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ ពិនិត្យឃើញថាកម្ពស់ទឹកស្ទឹងកើនឡើងជាលំដាប់ ដូចជា ៖ នៅស្ថានីយ ទំនប់ទឹករក្សាទឹកកើនកម្ពស់ ០,៨២ម នៅស្ថានីយស្រុកសណ្តាន់ ទឹកកើនឡើង ០,៦២ម៉ែត្រ និងនៅស្ថានីយកំពង់ធំ ទឹកកើនឡើង ០,៥០ម៉ែត្រ។ ហើយស្ថានភាពទឹកជំនន់ស្ទឹងសែន នៅតែបន្តការកើនឡើងទៀតនៅឡើយ ជាក់ស្តែងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១២ថ្ងៃត្រង់កម្ពស់ទឹកនៅស្ថានីយវាស់កម្ពស់ទឹកស្ទឹងសែនកំពង់ធំ ឡើងដល់១៤,០០ម៉ែត្រហើយ ដែលជាកម្ពស់ប្រកាសឱ្យមានការប្រុងប្រយ័ត្នកម្រិតខ្ពស់ និងយោងតាមការចុះពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងក្រុងស្ទឹងសែន( ទីរួមខេត្តកំពង់ធំ ) ឃើញថា ៖ ផ្លូវគ្រួសក្រហម និងផ្លូវក្រាលកៅស៊ូមួយចំនួននៅឯជាយក្រុង ទឹកជំនន់បានឡើងជន់លិចនៅលើកំណាត់ផ្លូវខ្លះៗហើយ ហើយទឹកក៏ចាប់ផ្តើមហូរចូលក្នុងក្រុងជាបណ្តើរៗដែរ ( តាមលូ-ស្ពាននិងកាត់ផ្លូវ ) ដែលស្ថានភាព បែបនេះនឹងអាចជន់លិចក្រុងជាបណ្តើរៗ ។
ដោយឃើញបែបនេះ មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំ បានចេញលិខិតប្រកាសឱ្យមានការប្រុងប្រយ័ត្នកម្រិតខ្ពស់នៅកម្ពស់ទឹកស្ទឹងសែនកំពង់ធំ ១៤,០០ម៉ែត្រសិន មុននឹងចេញលិខិតប្រកាសអាសន្ន ជាគ្រាចុងក្រោយនៅពេលដែលកម្ពស់ទឹកនៅស្ថានីយវាស់កំពស់ទឹកស្ទឹងសែនកំពង់ធំឡើងដល់១៤,៣០ម៉ែត្រ៕ ដោយ៖ គង់ សេដ្ឋាមុនី