ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា នាថ្ងៃ៣ តុលា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បញ្ចប់មុខតំណែងសមាសភាព ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ចំនួន ៣ រូប ។
សមាសភាពទាំង៣រូបនោះរួមមាន៖ លោក គង់ មុនីកា លោក អ៊ីមុយលី និងលោក កុល ប្រាសាទ។
លោក គង់ មុនីកា ត្រូវបានគេដឹងថា ជាកូនប្រុសលោក គង់ គាំ ជាអតីតមន្រ្តីកៀកនឹងលោក សម រង្ស៊ី។
ការចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក គង់ មុនីកា ពោលគឺបាត់ងារជាឯកឧត្តមពីឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះធ្វើឡើងក្រោយគ្នាមួយថ្ងៃ បន្ទាប់ពីគណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀនប្រកាសរួបរួមគ្នា។ ដោយបក្សភ្លើងទៀន បានផ្តល់តួនាទីធំល្មម លោក គង់ គាំ បច្ចុប្បន្ន ជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ ហើយដែលត្រូវជាឪពុក លោក គង់ មុនីកា ជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ។
សូមបញ្ជាក់ថា ក្រោយការបោះឆ្នោតកាលពីនីតិកាលទី៦ នៃរដ្ឋសភា ឆ្នាំ២០១៨មក គណបក្សប្រជាជនកម្ពុជា និងបណ្តាគណបក្សផ្សេងទៀតចូលរួមបោះឆ្នោត ហើយមិនបានទទួលអាសនៈ បានរួមគ្នាឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដោយមានការឡាយ ព្រះហស្ថលេខាពីព្រះមហាក្សត្រនាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ។ ដោយលោក គង់ មុនីកា និងលោក អ៊ី មុយលី និងលោកកុល ប្រាសាទ ទទួលបានការតែងតាំង និងផ្ដល់ឋានៈក្នុងសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ពោលគឺមានឋានៈជា « ឯកឧត្តម » ៕ ដោយ៖ រិន ចំរើន