ក្រសួងការបរទេសខ្មែរ ព្រួយបារម្ភចំពោះការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោង ដោយកូរ៉េខាងជើង

ភ្នំពេញ ៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការបរទេសខ្មែរ បានសម្តែងការព្រួយបារម្ភចំពោះការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោងដែលធ្វើឡើង ដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េនៅថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២២ ។

យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសនៅថ្ងៃ៤ តុលា បានឱ្យដឹងថា “ក្រសួងព្រួយបារម្ភអំពីបាញ់មីស៊ីលផ្លោងនេះ”។
ក្រសួងថា នេះគឺជាការរំលោភមួយទៀតលើសេចក្តីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និង ដែលអាចបង្កឱ្យមានភាពតានតឹង និងគំរាមកំហែងដល់ សន្តិភាព និងស្ថិរភាពក្នុងតំបន់ ។

ក្រសួងក៏បានអំពាវនាវដល់កូរ៉េខាងជើង អនុវត្តឱ្យបាន ពេញលេញរាល់សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និងកាតព្វកិច្ច អន្តរជាតិរបស់ខ្លួន ។ ក្នុងនោះអំពាវនាវឱ្យភាគីពាក់ព័ន្ធ រក្សា ភាពអត់ធ្មត់ និងបង្កើតបរិយាកាសអំណោយផលដល់ ការបន្តកិច្ចចរចា៦ភាគីឡើងវិញដែលអាចនាំមកការរំសាយអាវុធនុយក្លេអ៊ែរ នៃឧបទ្វីបកូរ៉េដែល ពេញលេញអាចផ្ទៀងផ្ទាត់បានមិនអាចវិលត្រឡប់ ថយក្រោយ និងដោយសន្តិវិធី ។

គួរឱ្យដឹងថា កូរ៉េខាងជើង នៅថ្ងៃ៤ តុលានេះ បានបាញ់មីស៊ីលផ្លោង ឆ្លងផុតភាគឦសានប្រទេសជប៉ុន ជាលើកទីមួយ ដែលខ្លួនបានបញ្ជូនមីស៊ីលឆ្លងកាត់ប្រជុំកោះជប៉ុន ក្នុងរយៈពេលជិត៥ឆ្នាំ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការបាញ់មីស៊ីល ឆ្ពោះទៅសមុទ្រជប៉ុន ៕ ដោយ៖ រិន ចំរើន