ភ្នំពេញ ៖ ដោយសារបញ្ហាជំនន់ទឹកភ្លៀងបានធ្វើឱ្យសាលារៀនមួយចំនួនស្ថិតនៅខេត្តរតនគិរី ស្ទឹងត្រែង ព្រមទាំងសាលារៀនមួយចំនួនទៀតក្នុងបណ្តាខេត្តផ្សេងទៀតបានផ្អាកដំណើរការសិក្សាជាបណ្តោះអាសន្ន។នេះជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ។
លោក រស់ សុវាចា បានប្រាប់សារព័ត៌មានខ្មែរឈានមុខ នារសៀលថ្ងៃទី៤ តុលានេះថា ដោយសាររំខាន់ដល់ការសិក្សារបស់សិស្ស ទើបក្រសួងសម្រេចផ្អាកការសិក្សាបណ្តោះអាសន្ន នៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងខេត្តផ្សេងទៀត ដោយសារជំនន់ទឹកភ្លៀង។
ទោះបីជាយ៉ាងណាលោកក៏បានស្នើសិស្សានុសិស្សទាំងអស់ត្រូវបន្តខិតខំរៀនសូត្រក្នុងថ្នាក់និងរៀនខ្លួនឯងបន្ថែមផងដែរ។
លោកបន្តថា ដូចឆ្នាំកន្លងមកដែរ វិធានការដោះស្រាយសម្រាប់សាលារៀនរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង គឺសិស្សានុសិស្សអាចទៅរៀន នៅសាលារៀនក្បែរខាង ឬនៅទីតាំងផ្សេងដែលមានសុវត្ថិភាព អមដោយការរៀនអនឡាញ។
ជាមួយគ្នានេះ លោកថា ក្រសួងអប់រំ បន្តយកចិត្តទុកដាក់កម្រិតខ្ពស់ តាមដានស្ថានភាពធម្មជាតិ ដោយយោងទៅលើការព្យាករណ៍ឧតុនិយមផ្លូវការ និងទិដ្ឋភាពផ្ទាល់នៅមូលដ្ឋាន។ ជាមួយគ្នានេះ ក៏មានក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយវិស័យអប់រំដែលបានបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសជាមួយគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា និងអាជ្ញាធរមូលដ្ឋានផ្ទាល់ដើម្បីត្រៀមលក្ខណៈអន្តរាគមន៍ទៅលើកត្តាចាំបាច់តាមលទ្ធភាពជាក់ស្តែង។
លោកក៏បានស្នើមាតាបិតាបន្តប្រុងប្រយ័ត្នខ្ពស់ដើម្បីចូលរួមការពារមិនឱ្យកូនលង់ទឹក៕ ដោយ៖ រិន ចំរើន