បាត់ដំបង៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានស្នើឱ្យរដ្ឋបាលស្រុកសំពៅលូន និង កងកម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែន ពិនិត្យមើលប្រជាពលរដ្ឋដែលប្រើប្រាស់ប័ណ្ណឆ្លងព្រំដែនមានសុពលភាពតែមួយថ្ងៃតែប៉ុណ្ណោះ ដូច្នេះមិនអនុញ្ញាតឱ្យមានការស្នាក់នៅប្រទេសថៃឡើយ។
ការស្នើនេះធ្វើឡើងនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ខណៈលោកអភិបាលខេត្តចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ជាមួយគ្នានេះ លោក សុខ លូ បានជំរុញឱ្យរដ្ឋបាលស្រុក ក៏ដូចជាកងកម្លាំងដែលនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវតែធ្វើការខិតខំប្រឹងប្រែងទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ មិនថាពីសំណាក់ប្រទេសថៃចូលមកខេត្តបាត់ដំបង ឬពីខេត្តបាត់ដំបងចូលទៅគេនោះទេ គឺត្រូវខិតខំទប់ស្កាត់ឱ្យបានខ្ជាប់ខ្ជួន។«ពិសេសត្រូវតែពិនិត្យមើលប្រជាពលរដ្ឋ ដែលប្រើប្រាស់ប័ណ្ណឆ្លងព្រំដែន ព្រោះប័ណ្ណនេះមានសុពលភាពតែមួយថ្ងៃតែប៉ុណ្ណោះពោលគឺមិនអនុញ្ញាតឱ្យមានការស្នាក់នៅប្រទេសថៃឡើយ។ ដូចនេះត្រូវទប់ស្កាត់ខ្លាចក្រែងប្រជាពលរដ្ឋមួយចំនួនប្រើប្រាស់ប័ណ្ណនេះ ចូលស្នាក់នៅរាប់ថ្ងៃមិនត្រឡប់មកវិញ ក្នុងនោះបញ្ហាជួញដូរមនុស្ស ក៏ត្រូវតែធ្វើការទប់ស្កាត់ផងដែរ »។
លោកអភិបាលខេត្តបានបន្តទៀតថា មិនត្រឹមតែទប់ស្កាត់ការឆ្លងដែនខុសច្បាប់តែប៉ុណ្ណោះទេ គឺត្រូវព្យាយាមស្វែងរកមេខ្យល់ ដែលតែងតែនាំពលករឆ្លងដែនខុសច្បាប់ ដើម្បីធ្វើការចាប់ខ្លួន និងដោះស្រាយទៅតាមនីតិវិធីនៃច្បាប់ និងបន្តទប់ស្កាត់ការជួញដូរគ្រឿងញៀនខុសច្បាប់ ការជួញដូរអាវុធ ក៏មិនត្រូវឱ្យមានសកម្មភាពអសកម្មនេះកើតមានឡើយ ជាពិសេសត្រូវធ្វើការទប់ស្កាត់ទំនិញខុសច្បាប់ ទំនិញគេចពន្ធនានាគ្រប់ប្រភេទ តាមច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រករបៀងនានាដែលធ្វើឱ្យបាត់បង់ចំណូលរបស់រដ្ឋ ។
លោកអភិបាលខេត្ត ក៏បានស្នើដល់កងកម្លាំងប្រដាប់អាវុធនៅតាមព្រំដែន មន្រ្ដីគយ ឬមន្រ្ដីដែលពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាទៅវិញទៅមក ក្នុងន័យ គឺជួយប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋឱ្យបានល្អ។
យោងតាមប្រកាសស្ដីពីការផ្លាស់ប្ដូរ និងប្រគល់ភារកិច្ចជូនមន្រ្ដីរាជការរបស់ក្រសួងមហាផ្ទៃ បានសម្រេច ផ្លាស់ប្ដូរលោក នាង ច័ន្ទថារ៉ា ឋានន្តរស័ក្ដឧត្តមមន្រ្ដី ថ្នាក់លេខ៥ ពីប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ឱ្យមកបម្រើការងារនៅអង្គភាពដើមវិញ និង ប្រគល់ភារកិច្ចជូនលោក ខុង យ៉ាត់លួង ឋានន្តរស័ក្ដិអនុមន្រ្ដី ថ្នាក់លេខ៤ ឱ្យមកកាន់មុខតំណែង ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ស្រុកសំពៅលូន ខេត្តបាត់ដំបង ៕ ដោយ៖ គង់ សេដ្ឋាមុនី