ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បណ្តាប្រទេសសមាជិកនៃក្រុមប្រឹក្សាអូឡាំពិកអាស៊ី ផ្ដល់នូវការគាំទ្រក្នុងគ្រប់ទម្រង់ ដើម្បីឱ្យការរៀបចំការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ នៅព្រះរាជាណា ចក្រកម្ពុជាទទួលបានជោគជ័យខ្ពស់។
ការអំពាវនាវរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនេះត្រូវបានធ្វើឡើងក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី លើកទី ៤១ នាព្រឹកថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ សម្ដេចតេជោ ក៏បានផ្ដល់នូវមតិ ដែលជាចំណុចគន្លឹះមួយចំនួន លើកទឹកចិត្តឱ្យមានកិច្ចពិភាក្សា និងចែករំលែកនូវឧត្តមានុវត្តន៍ល្អៗ នៅក្នុងមហាសន្និបាតនេះ ពាក់ព័ន្ធទៅនឹង ការរៀបចំព្រឹត្តិការណ៍កីឡាធំៗ ការគ្រប់គ្រង និងការអភិវឌ្ឍបច្ចេកទេសកីឡា ដើម្បីធ្វើឱ្យវិស័យកីឡាកាន់តែប្រសើរក្នុង តំបន់អាស៊ីយើងនេះ។
សម្ដេចតេជោក៏ស្នើឱ្យ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី បង្កើនការធ្វើពិពិធកម្ម សកម្មភាពកីឡាឱ្យបានកាន់តែច្រើនទៀត នៅតាមបណ្ដាប្រទេសសមាជិក ដើម្បីលើកកម្ពស់វិស័យកីឡានៅតំបន់អាស៊ី និងបង្កើន ការផ្សារភ្ជាប់វិស័យកីឡាទៅនឹងវិស័យសេដ្ឋកិច្ច ជាពិសេសទេសចរណ៍កីឡា ដែលត្រូវបានចាត់ទុកជាប្រភេទទេសចរណ៍បៃតង ដើម្បីពង្រឹងមិត្តភាព សាមគ្គីភាពដែលរួមចំណែកដល់ ការកសាងសុខសន្តិភាពប្រកបដោយចីរភាពក្នុងតំបន់។
ជាងមួយគ្នានេះដែរ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេស គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ត្រូវបង្កើនកិច្ចសហការទាំងបច្ចេកទេស និងបទពិសោធន៍ជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ី គណៈកម្មាធិការជាតិអូឡាំពិកនៃប្រទេសសមាជិក ក្រុមប្រឹក្សាសហ ព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងស្ថាប័នកីឡាអន្តរជាតិក្នុងការបណ្តុះបណ្តាល និងការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡា ដល់អត្តពលិកកម្ពុជាឱ្យបានដល់កម្រិត ដែលអាចធ្វើទៅបាន ដើម្បីឱ្យអត្តពលិកកម្ពុជាអាចចូលរួម កាន់តែទូលំទួលាយ ក្នុងព្រឹត្តិការណ៍អន្តរជាតិនានានៅថ្ងៃ អនាគត។
សម្ដេចតេជោ ក៏បានថ្លែងអំណរគុណក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដែលបានផ្តល់សេចក្តីទុកចិត្ត និងគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី ៤១ នៅ ព្រះរាជាណាចក្រកម្ពុជា។ ការជួបជុំនៃមហាសន្និ បាតលើកទី ៤១ នៅកម្ពុជា ក្នុងឆ្នាំ ២០២២ នេះ គឺជាពេលវេលាមួយដ៏សមស្រប និងមានសារៈ សំខាន់សម្រាប់កម្ពុជា ក្នុងការផ្លាស់ប្តូរយោបល់ និងការដកស្រង់នូវបទពិសោធន៍ជាក់ស្ដែង ព្រមទាំងធាតុចូលល្អៗ ដែលនឹងទទួលបានតាមរយៈការធ្វើបទបង្ហាញដោយអ្នកជំនាញ វិស័យកីឡានិងកិច្ចពិភាក្សាពាក់ព័ន្ធនឹងវិស័យនេះ ពីព្រោះនៅ ឆ្នាំ ២០២៣ កម្ពុជាត្រូវបានផ្ដល់ការគាំទ្រធ្វើជាប្រធានក្រុម ប្រឹក្សាកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ហើយនឹងរៀបចំការ ប្រកួតកីឡាកម្រិតអន្តរជាតិដ៏ធំនេះនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលគូសបញ្ជាក់ថា ឆ្នាំនេះ គឺជាឆ្នាំដ៏មមាញឹក និងមានសារៈសំខាន់សម្រាប់ ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានប្តូរវេនអាស៊ានកម្ពុជាមានការតាំងចិត្តខ្ពស់ ឈរលើគោលការណ៍កិច្ចសហប្រតិបត្តិការសន្តិសហវិជ្ជមាន និងស្មើមុខស្មើមាត់ រួមចំណែកដោះស្រាយ រាល់បញ្ហាប្រឈមនានា ដែលអាចកើតឡើងជាយថាហេតុនៅក្នុងតំបន់ ដើម្បីធានាសុខសន្តិភាព សុខដុមនីយកម្ម និងភាពជាដៃគូគ្រប់ជ្រុងជ្រោយ សំដៅជំរុញល្បឿន និងចីរភាពនៃការ អភិវឌ្ឍសម្រាប់ជោគវាសនា សន្តិសុខតំបន់ ការអភិវឌ្ឍ និង វិបុលភាពរួម៕ដោយ៖ គង់ សេដ្ឋាមុនី