រដ្ឋមន្រ្តីធនធានទឹកឱ្យរក្សាច្រកមុខទឹកចាស់ស្ទឹងព្រែកត្នោត ដើម្បីធានាការដោះទឹក

ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានសំណូមពរឱ្យប្រជាពលរដ្ឋមានលំនៅឋាន នៅតាមបណ្តោយស្ទឹងព្រែកត្នោត ស្ថិត ក្នុងភូមិសាស្រ្តខាងលិច រាជធានីភ្នំពេញ និងខេត្តកណ្តាល រក្សាទំហំ ឬច្រកមុខទឹកចាស់ ដើម្បីធានាដល់ការដោះទឹក ឱ្យមានប្រសិទ្ធភាពទាន់ពេលវេលា ។

លោករដ្ឋមន្រ្តីថា បើពុំរក្សាទំហំច្រកមុខទឹកនោះទេ រាជធានីភ្នំពេញ នឹងទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ។
ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ ក្នុងឱកាសលោកដឹកនាំមន្រ្តីចុះពិនិត្យស្ថានទឹកស្ទឹងព្រែកត្នោត នៅព្រឹកថ្ងៃ៤ តុលា។

ការសំណូមពររបស់លោករដ្ឋមន្រ្តីធនធានទឹកនេះ ខណៈស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹក ទំនប់អាង៧មករា នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៦ព្រឹក មានកម្ពស់ទឹកខាងមុខទ្វារ ៤,៨០ ម៉ែត្រ ក្នុងគ្រាកម្ពស់ទឹកប្រុងប្រយ័ត្ន ៥,៣០ ម៉ែត្រ។ ក្នុងនោះកម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,០០ម៉ែត្រ (ស្មើកម្ពស់ទំនប់បង្ហៀរ) កម្ពស់ទឹកខាងក្រោយទ្វារ ៥,៤០ម៉ែត្រ ក្នុងគ្រាកម្ពស់ទឹកប្រុងប្រយ័ត្ន ៧,០០ ម៉ែត្រ ។

សូមបញ្ជាក់ថា ព្រឹកនេះកម្ពស់ទឹកស្ទឹងព្រែកត្នោត បានបន្តស្រកចុះ ០,៣០ម៉ែត្រ ធៀបនឹងព្រឹកថ្ងៃ៣ តុលា ៕ ដោយ៖ រិន ចំរើន