ភ្នំពេញ៖ កម្ពុជានឹងបន្តខិតខំអនុវត្ត «ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យ ទេសចរណ៍កម្ពុជាក្នុងដំណាក់កាល និងក្រោយវិបត្តិកូវីដ-១៩» ទស្សនទាន និងយោបល់នៃ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២។
ព្រឹត្តិការណ៍ប្រារព្ធទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីទេសចរណ៍» នៅទីស្តីការក្រសួងទេសចរណ៍ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Harry Hwang នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការទេសចរណ៍ពិភពលោក បានដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩។
យុទ្ធសាស្ត្រទាំងនោះរួមមាន បង្កើនកម្មវិធីបណ្តុះបណ្តាលជំនាញបន្ថែម និងជំនាញថ្មី ដល់សិស្ស-និស្សិតកំពុងសិក្សា, អ្នកកំពុងបម្រើការងារ និងអ្នកធ្លាប់បម្រើការងារទេសចរណ៍ ដើម្បីកសាងមូលធនមនុស្សក្នុងវិស័យទេសចរណ៍ប្រកបដោយគុណភាព និងចីរភាព, ប្រតិបត្តិករទេសចរណ៍ទាំងអស់ត្រូវបន្ត និងពង្រឹងការបណ្តុះបណ្តាលបុគ្គលិករបស់ខ្លួនឡើងវិញ តាមរយៈយន្តការនៃការបណ្តុះបណ្តាលខាងក្នុង ដែលក្រសួងទេសចរណ៍បានដាក់ឱ្យប្រើប្រាស់ មុនវិបត្តិកូវីដ-១៩។
បន្ថែមពីនេះ បង្កើនការវាយតម្លៃសមត្ថភាពស្របតាមយន្តការនៃការវាយតម្លៃការសិក្សាពីមុន ស្របតាមយន្តការជាតិ និងអាស៊ាន ដើម្បីរក្សាមូលដ្ឋានមនុស្សក្នុងវិស័យទេសចរណ៍ បង្កើនភាពទាក់ទាញជំនាញទេសចរណ៍ ក៏ដូចជាជំរុញការអភិវឌ្ឍអាជីព ស្របតាមវិថីនៃការអភិវឌ្ឍអាជីពទេសចរណ៍កម្ពុជា ដែលក្រសួងទេសចរណ៍ និងដៃគូពាក់ព័ន្ធបានសហការអនុវត្តមុនវិបត្តិកូវីដ-១៩, ធ្វើការបណ្តុះជំនាញទេសចរណ៍ថ្មីៗ ស្របតាមនិន្នាការអាស៊ានដែលបានបញ្ចូលជំនាញម៉ាយចំនួន៣២ជំនាញ និងជំនាញ ស្ប៉ា-ម៉ាស្សាចំនួន ៦ជំនាញ ទៅក្នុងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន បន្ថែមលើមុខជំនាញមានស្រាប់ចំនួន ៣២ជំនាញ។
ដោយឡែក បរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ បង្កើនការបណ្តុះបណ្តាលអក្ខរកម្មឌីជីថលដល់គ្រប់តួអង្គទាំងអស់ក្នុងវិស័យទេសចរណ៍កម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលជាអ្នកផ្តល់សេវាកម្មនៅមូលដ្ឋាន, ជំរុញឱ្យមានការសិក្សាស្រាវជ្រាវរកដំណោះស្រាយថ្មីៗ ក្នុងសេវាកម្មទេសចរណ៍ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល តាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សាទេសចរណ៍នានា សំដៅបំផុសគំនិតបង្កើតថ្មីដោយយុវជន។
ចំណែកឯ ការបង្កើនការអភិវឌ្ឍទេសចរណ៍ជនបទ មន្ទីរទេសចរណ៍ខេត្តត្រូវបន្ត និងពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ រៀបចំផែនការអភិវឌ្ឍទេសចរណ៍ជនបទថែមទៀតឱ្យឆ្លើយតបទៅនឹងនិន្នាការទេសចរណ៍ថ្មីៗ, ចូលរួមដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ និងចំណាកស្រុក ដោយឈរលើគោលការណ៍នៃការការពារ និងអភិរក្សបរិស្ថាន តំបន់ធម្មជាតិ បេតិកភ័ណ្ឌ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់មូលដ្ឋាន៕
ដោយ៖ សាន សៀងហៃ