ភ្នំពេញ៖ អគ្គលេខាធិការអាស៊ាន លោក លឹម ចុកហុយ (Lim Jock Hoi) បានគូសបញ្ជាក់នូវភាពចាំបាច់អាស៊ានក្នុងការប្រែក្លាយតំបន់នេះជាតំបន់ដែលមានភាពធន់រឹងមាំ អាចបត់បែនបាន និងមានភាពឆ្លើយតបនឹងតម្រូវការនៃផ្លាស់ប្ដូរជានិច្ចកាល។ ខណៈពេលដែលអាស៊ានបន្ដរៀបចំផែនការសម្រាប់អនាគត អាស៊ានក៏ត្រូវកសាងនូវភាពភ្ជាប់គ្នារវាងអនាគតជាមួយសកម្មភាពដែលអាស៊ានកំពុងធ្វើនៅក្នុងពេលបច្ចុប្បន្ន។
«អាស៊ានត្រូវតែធ្វើការជាមួយដៃគូទាំងអស់ ទោះសម្រាប់រយៈពេលខ្លី មធ្យម និងវែង និងបានពន្យល់ថា ធនធានទាំងអស់ដែលដៃគូរបស់យើងបានប្រើប្រាស់នៅក្នុងការវិនិយោគក្នុងតំបន់យើងនេះនឹងផ្ដល់អត្ថប្រយោជន៍ទៅពួកគេវិញទៅតាមទំហំដែលធនធានទាំងនោះបានផ្ដល់ផលប្រយោជន៍មកអាស៊ាន»។ នេះជាការថ្លែងជំរុញរបស់អគ្គលេខាធិការអាស៊ាន លោក លឹម ចុកហុយ ក្នុងសន្និសីទស្ដីពីការភ្ជាប់អាស៊ានលើកទី១៣ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ខែតុលា ឆ្នាំ២០២២ សហការរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៊ីព៌ា និងលេខាធិការដ្ឋានអាស៊ាន។
តាមរយៈសុន្ទរកថាគន្លឹះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានបញ្ជាក់នូវភាពចាំបាច់នៃការលើកកម្ពស់ការតភ្ជាប់។ លោក ឧបនាយករដ្ឋមន្រ្ដី ក៏បានសង្កត់ធ្ងន់ថា «អនាគតនៃតំបន់នេះនឹងពឹងផ្អែកលើឧត្ដមភាពប្រកួតប្រជែងតំបន់របស់យើង ដែលអាចកើតមានឡើងបានដោយការតភ្ជាប់យ៉ាងល្អនៅក្នុងតំបន់ដែលមានសកម្មភាពរួមគ្នា។ សង្វាក់ផ្គត់ផ្គងតំបន់របស់យើងតម្រូវរក្សានូវភាពស័ក្កសិទ្ធិនិងភាពធន់រឹងមាំ។អាស៊ានត្រូវទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍របស់ខ្លួន ដើម្បីផ្ដើមគំនិតផ្ដូចផ្ដើមស្ដីពីការតភ្ជាប់និងគម្រោងសហប្រតិបត្ដិការនានាពេញក្នុងតំបន់។សម្រាប់អាស៊ានអភិក្រមនេះគឺការទាញយកឱ្យបានជាអតិបរមានូវការបំពេញគ្នាទៅវិញទៅមករវាងគំនិតផ្ដួចផ្ដើមនានាដែល មានស្រាប់ស្ដីពីការតភ្ជាប់ ដើម្បីចំរាញ់យកតម្លៃបន្ថែមដែលចាំបាច់»។
លោកឧបនាយករដ្ឋមន្រ្ដី ក៏បានគូសបញ្ជាក់អំពីការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំសម្បើម និងដែលដឹងនាំសេដ្ឋកិច្ចតំបន់របស់យើង។ នៅមានភាពចាំបាច់ក្នុងការតម្រែតម្រង់ទិសផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ (MPAC 2025) ដើម្បីធានាថា ផែនការមេនេះនឹងដើរតួនាទីជាចំណុចស្នូលក្នុងការតភ្ជាប់ជាយុទ្ធសាស្រ្ដរវាងគំនិតផ្ដួចផ្ដើមផ្សេងៗនៅក្នុងតំបន់ក្នុងការទ្រទ្រង់អាស៊ានដែលប្រកបភាពធនរឹងមាំ ចិរភាពនិងបរិយាប័ន្ន។
ជាមួយគ្នានេះ លោកសាស្រ្ដាចារ្យ ហីដេតូស៊ី នីស៊ីមូរ៉ា (Hidetoshi Nishimura) ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៊ីបូព៌ា បានរំលេចអំពីសារសំខាន់នៃការតភ្ជាប់ផ្នែកឌីជីថលក្នុងការអនុវត្ដផែនការមេស្ដីពីការតភ្ជាប់អាស៊ាមឆ្នាំ២០២៥ (MPA 2025)។ លោកសាស្រ្ដាចារ្យ បានយោងទៅលើការងាររបស់វិទ្យាស្ថានស្រាវជ្រាវ ស្ដីពីផែនការអភិវឌ្ឍអាស៊ីគ្រប់ជ្រុងជ្រោងដំណាក់កាលទី៣ ដែលផែនការនេះបានគូសបញ្ជាក់យុទ្ធសាស្ដ្រ សម្រាប់បង្កើតនូវសេដ្ឋកិច្ចមួយដែលប្រកបដោយសមាហរណកម្ម នវានុវត្ដន៍ បរិយាប័ន្ន និងចិរភាពច្រើនជាងមុន នៅក្នុងតំបន់អាស៊ាន និងអាស៊ីបូព៌ា តាមរយៈការលើកស្ទួយការតភ្ជាប់ផ្នែករូបវ័ន្ដ និងផ្នែកឌីជីថលនៅក្នុងតំបន់។
លោកសាស្រ្ដាចារ្យបានបន្ថែមថា “ខ្ញុំជឿជាក់យ៉ាងខ្លាំងថា ផែនការអភិវឌ្ឍអាស៊ីគ្រប់ជ្រុងជ្រោយដំណាក់កាលទី៣នេះ នឹងរួមចំណែកធ្វើឱ្យការតភ្ជាប់តំបន់អាស៊ានក្រោយឆ្នា២០២៥ កាន់តែស៊ជម្រៅ”។
សន្និសីទស្ដីពីការតភ្ជាប់អាស៊ាន ជាព្រឹត្ដិការណ៍ប្រចាំឆ្នាំដ៏មានសារសំខាន់ ដែលបានចាប់ផ្ដើមប្រព្រឹត្តឡើងដំបូងនៅឆ្នាំ២០១០ ហើយសន្និសីទនេះនឹងបន្ដជាវេទិកាមួយសម្រាប់ឱ្យដៃគូពាក់ព័័ន្ធទាំងអស់អាចស្គាល់ និងកំណត់នូវវិស័យនៃកិច្ចសហប្រតិបត្ដិការប្រកបដោយសក្ដានុពល ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអនុវត្ដផែនការមេស្ដីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងរបៀបវារៈការតភ្ជាប់អាស៊ានកាន់តែទូលំទូលាយ៕ ដោយ៖ ឆឹម ទិត