បាត់ដំបង៖ កងកម្លាំងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង រួមមាន៖ ផ្នែកសឹករងភ្នំព្រឹកដឹកនាំដោយលោកវរសេនីយ៍ត្រី យស សាមុត មេបញ្ជាការ ផ្នែកសឹករងភ្នំព្រឹក បានដឹកនាំកម្លាំងចំនួន២០នាក់ និង លោកវរសេនីយ៍ត្រី ឈឹម សំណាង មេបញ្ជាការ ផ្នែកសឹករងសំពៅលូន បានដឹកនាំកម្លាំង ២០នាក់ សហការជាមួយអាជ្ញាធរដែនដី និងពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន០៦ភូមិ រួមមាន៖ ភូមិភ្នំតូច , ភូមិអូរថ្មី ក្នុងភូមិសាស្រ្ត ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក បានជួយសង្គ្រោះប្រជាពលរដ្ឋ បានចំនួន ៣៦គ្រួសារ សរុបចំនួន ១៣៧នាក់ និងភូមិរស្មី ភូមិអូរជ្រៃ ភូមិអូរ និង ភូមិស្ពានយោល ក្នុងភូមិសាស្រ្ត ឃុំជ្រៃសីមាហ៍ បានចំនួន ៣៨គ្រួសារ។
ប្រភពពីកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ទឹកជន់ហូរឡើងខ្លាំងហួសការស្មាន តែទោះយ៉ាងណា កងកម្លាំងអន្តរាគមន៍ជួយសង្គ្រោះងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង បានជួយសង្គ្រោះពួកគាត់ និងដឹកជញ្ជូនតាមទូកបានមកដល់ទីទួលសុវត្ថិភាពទាន់ពេលវេលាហើយក៏កំពុងព្យាយាមបន្តជួយសង្គ្រោះប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតនៅ ក្នុងភូមិសាស្ត្រដែលសឹករងខេត្តបាត់ដំបងទទួលខុសត្រូវផងដែរ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនមានប្រជាពលរដ្ឋណាម្នាក់ទទួលគ្រោះថ្នាក់ដោយសារទឹកជំនន់នោះទេ៕
ដោយ៖ គង់ សេដ្ឋាមុនី