ភ្នំពេញ៖ អ្នកបើកបរត្រូវគោរពលក្ខខណ្ឌក្នុង “ការប្រើប្រាស់គន្លងផ្លូវ និងរបៀបវ៉ាជែង” លើផ្លូវ ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដែលផ្លូវនេះ គ្រោង នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ។
បើតាមការផ្សព្វផ្សាយលើផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ នៅថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២២ ផ្លូវល្បឿនលឿន ត្រូវបានបែងចែកជា៣គន្លងទៅ និង៣គន្លងមកដែលក្នុងនោះរួមមាន៖ “គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា” “គន្លងផ្លូវសម្រាប់ជែង” និង “គន្លងផ្លូវសម្រាប់ឈប់បន្ទាន់”។
សម្រាប់ “គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា” អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវបើកបរតាមគន្លងផ្លូវខាងស្ដាំនៃផ្លូវល្បឿនលឿនដែលជាគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា។
ចំពោះ “គន្លងផ្លូវសម្រាប់ជែង” ក្នុងករណីសុំជែង អ្នកបើកបរយានយន្តត្រូវឱ្យសញ្ញាប្ដូរទិសខាងឆ្វេងយ៉ាងតិច ៥វិនាទី ហើយត្រូវងាកទៅគន្លងផ្លូវខាងឆ្វេងនៃផ្លូវល្បឿនលឿនដែលជាគន្លងផ្លូវសម្រាប់ជែង។ នៅពេលជែងផុតអ្នកបើកបរត្រូវឱ្យសញ្ញាប្ដូរទិសខាងស្ដាំដើម្បីងាកចូលគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតាវិញ។
សូមចំណាំ៖ ក្នុងករណីចរាចរណ៍មមាញឹក អ្នកបើកបរយានយន្តអាចប្រើប្រាស់គន្លងផ្លូវទាំង២បាន ដោយឡែករយន្តធុនធ្ងន់ត្រូវប្រកាន់យកគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតាដដែល។ ក្នុងករណីនេះ យានយន្តនៅតាមគន្លងផ្លូវណាមួយបើកបរលឿនជាង មិនចាត់ទុកជាការជែងឡើយ ហើយយានយន្តដែលស្ថិតនៅក្រោយគេត្រូវប្រើភ្លើងសញ្ញាអាសន្នជាដំណឹង។
ដោយឡែក “គន្លងផ្លូវសម្រាប់ឈប់បន្ទាន់” ជាគន្លងផ្លូវសម្រាប់ឈប់ ក្នុងករណីយានយន្តខូច ឬមានបញ្ហាផ្សេងៗប៉ុណ្ណោះ៕
ដោយ៖ ឆឹម ទិត