ក្រសួងអប់រំ យុវជន និងកីឡា បានចុះពិនិត្យមណ្ឌលប្រឡង និងដឹកនាំកិច្ចប្រជុំណែនាំសាលាគោលដៅ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ធ្នូ ២០២២ ដើម្បីធានាបាននូវប្រសិទ្ធភាព សុវត្ថិភាពសម្រាប់ការប្រឡង។
បើតាមក្រសួងបញ្ជាក់ថា ការចុះពិនិត្យមណ្ឌលប្រឡងនេះត្រូវបានធ្វើឡើងដើម្បីធានាបានថា មណ្ឌលប្រឡងមានបរិស្ថានល្អអំណោយផល មិនមានការបង្កសំឡេងរំខាន មានហេដ្ឋារចនាសម្ព័ន្ធរឹងមាំល្អ មានការរក្សាគម្លាត បង្កាពីការចម្លងជំងឺកូវីដ-១៩ ផ្តល់នូវសុខសុវត្ថិភាពក្នុងដំណើរការសំណេរ។
បន្ថែមពីនេះ មណ្ឌលប្រឡងនីមួយៗត្រូវបំពេញបាននូវស្តង់ដាដែលបានកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។ មណ្ឌលប្រឡងនីមួយៗចាំបាច់ត្រូវមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំគ្រប់គ្រាន់ដូចជា តុ កៅអី ក្កាខៀន ទ្វារ បង្អួច មានបំពាក់ឧបករណ៍បំពងសំឡេង អគ្គិសនី បន្ទប់ទឹក បន្ទប់សង្គ្រោះបឋម និងបន្ទប់ប្រឡងសម្រាប់បេក្ខជនមានបញ្ហាសុខភាព។ បន្ទប់ប្រឡងត្រូវមានពន្លឺចេញចូល មានដំបូលរឹងមាំជិតល្អ មិនមានផលប៉ះពាល់ករណីមានភ្លៀងធ្លាក់ជាដើម៕
ដោយ៖ សាន សៀងហៃ