សៀមរាប៖ ផេកហ្វេសប៊ុករដ្ឋបាលខេត្តសៀមរាបបង្ហាញថា បងប្អូនប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀង ចំនួន ២៨០គ្រួសារ មកពី ៥ឃុំ ស្មើ ៣៤ភូមិ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប បានទទួលអំណោយរបស់សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីព្រឹកថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ២០២២ នៅបរិវេណសាលាឃុំ ចន្លាស់ដៃ ស្រុកក្រឡាញ់ ដោយមានការចូលរួមពី លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។
លោក ទៀ សីហា បានថ្លែងថា អំណោយមនុស្សធម៌ដែលនាំមកជូននាពេលនេះគឺអាចជួយសម្រាលទុក្ខលំបាករបស់លោកយាយលោកតា ពុកម៉ែ បងប្អូន បានមួយរយៈខ្លីក៏ពិតមែន តែនេះជាការបង្ហាញពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល និង កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលកាកបាទក្រហមតែងតែនៅជាមួយបងប្អូនប្រជាពលរដ្ឋយើងជានិច្ច ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
លោកអភិបាលខេត្ត បានថ្លែងសង្កត់ធ្ងន់ថា«អ្វីដែលយើងទាំងអស់គ្នាមិនអាចបំភ្លេចបាន និងចងចាំជានិច្ចនោះ គឺ ទីណាមានការលំបាក ទីនោះតែងតែមាន កាកបាទក្រហមកម្ពុជា ឬ ទុក្ខលំបាករបស់បងប្អូន គឺជាទុក្ខលំបាករបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន»៕
ដោយ៖ ឆឹម ទិត