អភិបាលស្រុកប្រាសាទសំបូរ ខេត្ដកំពង់ធំ អំពាវនាវឱ្យប្រជាពលរដ្ឋក្នុង​មូលដ្ឋានបង្កើន​ការប្រុងប្រយ័ត្ន ពីគ្រោះជំនន់ទឹកភ្លៀង

កំពង់ធំ៖  លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ ខេត្ដកំពង់ធំ និងលោកវរៈ​សេ​នី​យ៍​​ត្រី អ៊ិន ប៉ូ មេបញ្ជាការផ្នែកសឹករងស្រុកប្រាសាទសំបូរ បានដឹកនាំកម្លាំងអន្តរាគមន៍​ចំនួន​២​០នាក់ ដោយសហការជាមួយប្រជាពលរដ្ឋ លោកមេភូមិ បានចុះត្រួតពិនិត្យស្ថានភាព​ជំនន់​ទឹ​ក​ភ្លៀងដែលកំពុងលិចលង់ ប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ បងប្អូនប្រជាពលរដ្ឋនៅ​ភូមិ​កំ​ព​ង់​ឈើ​ទាល ភូមិតាំងក្រង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ការចុះ​ពិនិត្យនេះ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។

«លោក ឃីម សុខឃាង បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងមូលដ្ឋាន សូមបង្កើន​ការ​ប្រុ​ង​ប្រយ័ត្នពីជំនន់ទឹកភ្លៀងកើតឡើងជាយថាហេតុ ដោយសារប៉ុន្មានថ្ងៃចុងក្រោយ​នេះ​នៅ​ក្នុ​ង​ស្រុ​កប្រាសាទសំបូរ នៅឃុំតាំងក្រសៅ និងឃុំឈូកបានរងនូវឥទ្ធិពលទឹក​ភ្លៀង​ជាប់​ៗ​គ្នា​ខ្លាំ​ង​ជា​ងគេ ដែលបណ្ដាលឱ្យមានទឹកជំនន់កំពុងជន់លិចភូមិឋាន និងផ្លូវលំ​មួយ​ចំនួន»។ នេះ​បើតាម ទីភ្នាក់ងារ AKP។

លោកអភិបាលស្រុកបានបញ្ជាក់ថា ដោយសារស្ថានភាព អាកាសធាតុនៅក្នុងតំបន់ ក៏​ដូ​ច​ជា​នៅ​ក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងតែរងនូវឥទ្ធិពលទឹកភ្លៀងជាបន្តបន្ទាប់ថែម​ទៀត នៅ​ប៉ុ​ន្មា​នថ្ងៃខាងមុខ ហេតុនេះហើយ សូមបងប្អូនបង្កើនការប្រយ័ត្នខ្ពស់។ ទន្ទឹមនេះ សូ​ម​ប្រុ​ង​ប្រ​យ័​ត្ន​ចំពោះកូនចៅក្មេងតូចៗកុំបណ្ដោយឱ្យលេងទឹក និងបានអំពាវនាវឱ្យបងប្អូន​ប្រជាព​ល​រ​ដ្ឋ​ត្រូ​វ​បង្កើនការយកចិត្តទុកដាក់ខ្ពស់លើផ្នែកសុខភាព និងសុវត្ថិភាពចំណីអាហារ។ រដ្ឋបាលឃុំត្រូវតាមដាន និងធ្វើរបាយការណ៍ស្ថានភាពទឹនជំនន់នេះឱ្យ​បានជាប្រចាំរាល់ថ្ងៃ​ដ​​ល់​​រដ្ឋបាលស្រុក ដើម្បីបានជាមូលដ្ឋានក្នុងការជួយសង្គ្រោះឱ្យ​បានទាន់ពេលវេលា​បើមាន​ស្ថា​ន​ភាពធ្ងន់ធ្ងរជាងនេះ។

ក្នុងឱកាសនោះដែរ លោកអភិបាលស្រុក និងលោកមេបញ្ជាការផ្នែកសឹករងស្រុក ក៏​បា​ន​ចុះ​ជួ​យ​ច្រក​ដីខ្សាច់​ទប់ទឹកជំនន់ ដែលកំពុងហូរកាត់ផ្លូវនៅចំណុចពីភូមិកំពង់ឈើទាល ទៅ​ភូ​មិ​តាំ​ង​ក្រង​ដែលមានចម្ងាយ ១ ២០០ ម៉ែត្រ ស្ថិតនៅក្នុងឃុំតាំងក្រសៅ ស្រុកប្រាសាទ​សំបូរ ខេត្ត​កំ​ព​ង់ធំ។

លោកអភិបាលស្រុកក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋគ្រប់គេហដ្ឋានសូមជួយកាយលូដែ​លស្ទះនៅតាមភូមិឋានរបស់ខ្លួន ដើម្បីជួយសម្រួលការ​រំដោះទឹកឱ្យបានទាន់ពេល​វេលា និង​ដើ​ម្បី​កុំឱ្យមានការកកស្ទះយូរថ្ងៃ។ លើសពីនេះទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋ​ទាំ​ង​អ​ស់​ដែ​ល​រស់នៅតាមដងស្ទឹងសែនមានការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះទឹកជំនន់នៅតែ​ឡើង​ជា​ប​ន្ត​ប​ន្ទាប់៕

ដោយ៖ គង់ សេដ្ឋាមុនី