ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនឡើងវិញដល់ទៅកាន់ក្រុមប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនាថ្ងៃទី៣០ កញ្ញាថា ហាមមិនឱ្យកាត់របង ឆ្លងចូលផ្លូវល្បឿនលឿនទៀតឡើយ ក្រោយពលរដ្ឋបានកាត់នាពេលកន្លងមក ព្រោះនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ស្អែកនេះ ជាការកំណត់បើកដំណើរការសាកល្បងធ្វើដំណើរមិនយកថវិកាក្នុងរយៈពេល១ខែ(ក្នុងខែតុលា)។
ក្រសួងក្រើនម្តងទៀតនេះ បានធ្វើឡើងនៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងផ្ទាល់ ។ ក្រសួងបញ្ជាក់ថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានរបងសុវត្ថិភាពដែលត្រូវបានសង់ឡើង ក្នុងគោលបំណងការពារមិនឱ្យមានការឆ្លងកាត់ ពីអ្នកថ្មើរជើង សត្វពាហនៈ ឬមធ្យោបាយផ្សេងៗទៀត។ កន្លងមក របងនេះត្រូវបានកាត់ជាច្រើនកន្លែង ដើម្បីធ្វើការចេញចូលដោយគ្មានការអនុញ្ញាត ហើយក្រសួង អាជ្ញាធរមានសមត្ថកិច្ច និងក្រុមហ៊ុនសាងសង់ ក៏បានចុះធ្វើការពន្យល់ណែនាំដល់ប្រជាពលរដ្ឋដែលបានកាត់របងសុវត្ថិភាពនោះថា ការធ្វើបែបនេះ បង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកបើកបរ និងប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ ហើយសកម្មភាពទាំងអស់នេះក៏ល្មើសនឹងច្បាប់ផងដែរ។
ក្រសួងអះអាងថា “ដើម្បីរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងការធ្វើចរាចរណ៍ ជាពិសេសការត្រៀមបើកឱ្យដំណើរការសាកល្បងដោយឥតគិតថ្លៃ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ខាងមុខនេះ ក្រសួងក្រើនរំលឹកជាថ្មី ដល់ប្រជាពលរដ្ឋឱ្យបញ្ឈប់សកម្មភាពកាត់របងសុវត្ថិភាពនេះបន្តទៀត ហើយចូលរួមសហការតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចឱ្យបានខ្ជាប់ខ្ជួន”។
គួររំលឹកបន្តិចថា ផ្លូវល្បឿនលឿនដំបូងគេបង្អស់នៅកម្ពុជានេះ មានប្រវែងសរុប១៨៧,០៥គីឡូម៉ែត្រ។ ចំណាយថវិកាជាង២ពាន់លានដុល្លារសម្រាប់សាងសង់ ប្រើពេលវេលាសង់ជាង៤០ខែ តភ្ជាប់ពីសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅដល់សង្កាត់លេខ៣ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង៕
ដោយ៖ គង់ សេដ្ឋាមុនី