សៀមរាប៖ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍កម្ពុជា បានរំពឹងថា នៅឆ្នាំ២០២២ កម្ពុជានឹងអាចទទួលបានអ្នកទេសចរអន្តរជាតិពី១លានកន្លះ ទៅ២លាននាក់ ខណ:ក្នុងរយ:ពេល ៨ខែនេះ កម្ពុជា ទទួលបានអ្នកទេសចរណ៍បរទេសប្រមាណជិតមួយលាននាក់រួចទៅហើយ។
ថ្លែងក្នុងសិក្ខាសាលា ស្តីពីការស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមថ្នាលបច្ចេកវិទ្យា CamDx និងការផ្សព្វផ្សាយបទដ្ឋានគតិយុទ្ធ និងវិធានការណ៍ថ្មីៗរបស់ក្រសួងទេសចរណ៍ នៅខេត្តសៀមរាប នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ លោក សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: នៃក្រសួងទេសចរណ៍បានបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជារំពឹងថានឹងងើបទ្បើងក្នុងអត្រាដ៏ល្អប្រសើរក្នុងឆ្នាំ២០២២ ក្នុងចំនួនទេសចរអន្តរជាតិពី ១,៥ទៅ២លាននាក់ និងទេសចរផ្ទៃក្នុងពី១០ ទៅ១១លាននាក់។
ជាក់ស្តែង រយ:ពេល ៨ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិជិត១លាននាក់ និងទេសចរផ្ទៃក្នុងជាង ៨,៦លាននាក់។ ទន្ទឹមនេះ គិតត្រឹមខែកក្កដា ឆ្នាំ២០២២ អាជីវកម្មទេសចរណ៍សរុបទូទាំងប្រទេសបានបិទ និងផ្អាកដំណើរការសល់ត្រឹមតែចំនួន ១,២០៧ទីតាំង ដែលស្នើនឹង១៥.៣០% នៃអាជីវកម្មទេសចរណ៍សរុប ដោយមានបុគ្គលិករងផលប៉ះពាល់សរុប ២២,៤២៩នាក់ ស្នើនឹង២៦,២០% នៃចំនួនបុគ្គលិកសរុប ពោលគឺមានអាជីវកម្មទេសចរណ៍ប្រមាណ ២,៧០៨ទីតាំង បានបើកដំណើរការទ្បើងវិញ និងបុគ្គលិករងផលប៉ះពាល់ទទួលបានការងារទ្បើងវិញ ៣១,១០៥នាក់ បន្ទាប់ពីរាជរដ្ឋាភិបាលបានបើកប្រទេសទាំងស្រុងទទួលទេសចរអន្តរជាតិ, ការដាក់ឱ្យអនុវត្តវិធានការគោលនយោបាយសេដ្ឋកិច្ច-សង្គម និងកម្មវិធីសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនវិស័យទេសចរណ៍។
លោកបានបន្តថា ជាមួយគ្នានេះ ការអនុញ្ញាតឱ្យជនបរទេសដែលស្នាក់នៅ និងបំពេញការងារនៅក្នុងប្រទេសកម្ពុជាចាប់ពី២ឆ្នាំឡើងទៅអាចចូលទស្សនារមណីយដ្ឋានអង្គរ ដោយមិនគិតប្រាក់នោះ ក៏ជាចំណែកមួយនៃកំណើនអ្នកទេសចរនេះដែរ។
លោកបន្តទៀតថា ជាមួយគ្នានេះ ក្រសួងទេសចរណ៍កំពុងបន្តជំរុញយ៉ាងសកម្មក្នុងការសម្រេចឱ្យបានផែនការសកម្មភាពការងារការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:ដំណាក់កាលទី៣ បូក២ ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍ ដើម្បីបន្តការកែទម្រង់ជាបន្តបន្ទាប់ឱ្យស្របតាមឌីជីថលូនីកម្ម សម្រួលដល់ការធ្វើធុរកិច្ចទេសចរណ៍ និងពង្រឹងឧត្តមភាពប្រកួតប្រជែង ឆ្ពោះទៅការងើបទ្បើងវិញឱ្យបានឆាប់ នៃវិស័យទេសចរណ៍កម្ពុជា។
លោកបានបន្ថែមថា ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:របស់ក្រសួងទេសចរណ៍បានសម្រេចសកម្មភាពការងារចម្បងៗជាច្រើន ជាអាទិ៍ ការកែទម្រង់ប្រព័ន្ធស្នើសុំអាជ្ញាបណ្ណទេសចរណ៍ឱ្យស្របតាមសម័យកាលបច្ចេកវិទ្យា, ការពិនិត្យទ្បើងវិញនូវអនុលោមភាពបទដ្ឋានគតិយុត្តទាក់ទងវិស័យទេសចរណ៍, ការសម្រួលនីតិវិធីស្នើសុំធ្វើធុរកិច្ចទេសចរណ៍ និងការជំរុញការអនុវត្តគោលនយោបាយសេដ្ឋកិច្ច-សង្គម របស់រាជរដ្ឋាភិបាលសម្រាប់វិស័យទេសចរណ៍៕ ដោយ៖ គង់ សេដ្ឋាមុនី