ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ពាក់ព័ន្ធឹងការងារបង្រ្កាបល្បែងស៊ីសងខុសច្បាប់ដែលកើតមាននៅក្នុងសង្គមកម្ពុជានេះ កុំចាំតែនាយករដ្ឋមន្រ្តី ឬរដ្ឋមន្រ្តីក្រសួងមហាផ្ទៃស្រែកបាននាំគ្នាធ្វើ តែត្រូវធ្វើដូចភ្លៀងរលឹម។ សម្តេចថា បញ្ហាបង្រ្កាបល្បែងស៊ីសងនេះគឺស្ថិតត្រង់ថាអាជ្ញាធរធ្វើឬមិនធ្វើតែប៉ុណ្ណោះនោះទេ។
ថ្លែងនៅព្រឹកថ្ងៃទី២៩ កញ្ញា ពីវេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦ សម្តេចតេជោបានគូសបញ្ជាក់ថា ទីតាំងល្បែងស៊ីសងវាមិនមែនកើតនៅលើមេឃនោះ គឺវាកើតនៅលើដី។ ត្រង់ចំណុចនេះសម្តេចថាទីតាំងទាំងនេះគឺវាមាននៅតាមភូមិ ឃុំ ស្រុក និងខេត្ត សំខាន់ថាតើអាជ្ញាធរធ្វើឬមិនធ្វើនោះទេ។
បើតាមសម្តេចតេជោ គ្រាន់តែសម្តេចចេញសារសម្លេងបញ្ជាឱ្យអាជ្ញាធរទូទាំងប្រទេសបង្រ្កាបបទល្មើសល្បែងស៊ីសងនោះ គឺត្រឹមតែមួយថ្ងៃទីតាំងល្បែងស៊ីសងនៅខេត្តកណ្តាលរកឃើញមានជាង៧០០កន្លែង។ ដោយឡែកនៅរាជធានីភ្នំពេញឯណោះវិញជាង១ពាន់កន្លែងឯណោះ។
ករណីរកឃើញច្រើនបែបនេះ សម្តេចបានដាក់ជាចម្ងល់ថា បើល្បែងស៊ីសងមានច្រើនបែបនេះ ថាតើបញ្ហាភូមិឃុំមានសុវត្ថិភាពដែលបានដាក់ឱ្យអនុវត្តន៍ច្រើនឆ្នាំហើយនោះទៅជាបែបណា៕ ដោយ៖ ឧត្តម