ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានបើកសវនាការកាត់ទោសលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ក្នុងសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈរឿង «លួចបន្លំសន្លឹកឆ្នោត» តាមបណ្តឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងគណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ។
លោក សុន ឆ័យបានចោទថា ការបោះឆ្នោតជ្រើសរើសមេឃុំ-ចៅសង្កាត់នេះ មានការលួចបន្លំសន្លឹកឆ្នោត ខណៈគណបក្សរបស់លោកមិនបានទទួលលទ្ធផលតាមអ្វីដែលជាការរំពឹងទុកជាមុនរបស់បក្ស ។
គណបក្សប្រជាជនកម្ពុជាបានប្ដឹងលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ កាលពីថ្ងៃទី១៤ មិថុនា និងទាមទារសំណងជំងឺចិត្ត១លានដុល្លារ។ដូចគ្នានេះដែរ គ.ជ.ប ក៏បានដាក់បណ្ដឹងលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ដែរ និងទាមទារឱ្យលោកធ្វើលិខិតសុំទោសជាសាធារណៈ។
ចំពោះករណីនេះ ត្រូវបានលោក មេធាវី ជូង ជូងី ដែលជាមេធាវីការពារក្តីរបស់លោក សុន ឆ័យ លើកឡើងការពារថា ការបញ្ចេញទស្សនៈនៃកូនក្ដីខ្លួន លើការរិះគន់បញ្ហាបោះឆ្នោតជាសិទ្ធិបញ្ចេញមតិមិនមែនជាការបរិហារកេរ្តិ៍ជាសាធារណៈ ដូចការចោទប្រកាន់ឡើយ។
ចំណែក លោក សុន ឆ័យ វិញតែងតែអះអាងដដែលៗថា លោកមិនបាននិយាយខុសពីការពិតឡើយ អ្វីដែលលោកនិយាយជាសិទ្ធិសេរីភាពរបស់លោកស្របតាមរដ្ឋធម្មនុញ្ញ លោកក៏រក្សាជំហរមិនសុំទោសនូវអ្វីដែលលោកបានរិះគន់នោះដែរ ៕ ដោយ៖ គង់ សេដ្ឋាមុនី