ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ហាក់បានសម្តែងការហួសចិត្តចំពោះជនបរទេសដែលត្រូវបានចាញ់បោកបញ្ឆោតគេ ឱ្យមកធ្វើការនៅស្រុកខ្មែរ រហូតឈានទៅដល់ការជួញដូរថែមទៀត ។
“យើងមិននឹកស្មានដល់ថា ជនបរទេសមកចាញ់បោកគេ មិនចេះតិចនៅក្នុងនេះ (ខ្មែរ) រាប់ពាន់នាក់ ប៉ុន្តែយើងរកឃើញជនរងគ្រោះពិតប្រាកដតែដល់រយទេ” ។ នេះជាប្រសាសន៍របស់សម្តេចតេជោ ក្នុងវេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦ ឆ្នាំ២០២២ នាថ្ងៃ២៩ កញ្ញា។
ជាមួយគ្នានេះ សម្តេចតេជោបន្ថែមថា ជនបរទេសភាគច្រើនចាញ់បោកគេ មកធ្វើការនៅខ្មែរមានដូចជាឥណ្ឌូណេស៊ី ម៉ាឡេស៊ីជាដើម ។ ទន្ទឹងនឹងនេះ សម្តេចក៏បានរំលឹកថា ពីដើមឡើយ មានតែពលរដ្ឋទេទៅធ្វើការនៅម៉ាឡេស៊ី តែឥឡូវជនជាតិម៉ាឡេស៊ី មកធ្វើការនៅស្រុកខ្មែរ ដោយសារគេទៅបោកប្រាស់ថា មកធ្វើការនៅស្រុកខ្មែរបានប្រាក់ខែច្រើន។
សម្តេចនាយករដ្ឋមន្រ្តីថា ពីមុនគេថា មកធ្វើការនៅស្រុកខ្មែរទទួលបានប្រាក់ខែតិចទេ ចាញ់ទៅធ្វើការនៅថៃ ឬប្រទេសផ្សេងទៀត “ឥឡូវគេបោកថាស្រុកខ្មែរមានប្រាក់ខែច្រើនណាស់”។
បើតាមរបាយការណ៍របស់សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងវេទិកាព្រឹកនេះដែរ គឺគិតចាប់តាំងពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន ចំនួនបណ្ដឹងបានទទួលតាមប្រព័ន្ធហ្វេសប៊ុក និងប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ អំពីការជួញដូរមនុស្សមានប្រមាណ៣៦៨ករណី ក្នុងនោះជនល្មើសបានធ្វើសកម្មភាពក្នុងខេត្តព្រះសីហនុច្រើនជាងគេ រហូតដល់២៤៩ករណី៕ ដោយ៖ គង់ សេដ្ឋាមុនី