ក្រសួងការពារប្រទេសកម្ពុជា-រុស្ស៊ី ប្រកាសបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការយោធាលើវិស័យ ហ្វឹកហ្វឺន

ភ្នំពេញ៖ ក្រសួងការពារប្រទេស កម្ពុជា-រុស្ស៊ី ប្រកាសបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការយោធា លើវិស័យហ្វឹកហ្វឺន សំដៅលើកកម្ពស់សមត្ថភាពកងយោធពលខេមរភូមិន្ទឱ្យកាន់តែ ប្រសើរឡើងថែមមួយកម្រិតទៀតសម្រាប់ឆ្នាំ២០២២ និងឆ្នាំខាងមុខៗទៀត ។

ការប្រកាសបន្តរវាង សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាមួយលោ​ក អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សហ​ព័ន្ធរុស្សី ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ គឺជាការបោះមួយជំហានទៀតនៃកិច្ចសហប្រតិបត្តិការយោធា ក្រោយវិបត្តិកូវីដ-១៩ ជា​ស​កលមានភាពធូរស្រាលឡើងវិញ។

លោកឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី អះអាងថា ទំនាក់ទំនងរវាងរុស្ស៊ី និងកម្ពុជា គឺជាទំនាក់ ទំ​នង​ដ៏ល្អ ដែលមានជាមួយគ្នាតាំងពីយូរលង់ណាស់មកហើយ គិតមកទល់ពេលនេះគឺមានរយៈពេល៦៦ឆ្នាំ។

សម្តេច ទៀ បាញ់ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល កងទ័ព ក៏ដូចជាប្រជាជនរុស្សី ដែលបានជួយដល់ប្រទេសកម្ពុជាកន្លងមក ជាពិសេសនៅក្នុងទសវត្សរ៍៨០ ដែលកម្ពុជាពេលនោះកំពុងតែជួបវិបត្តិជាច្រើន បន្ទាប់ពី រំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ។

សម្ដេចបានបញ្ជាក់ថា កាលនោះមានប្រទេសតិចតួចណាស់ដែលទទួលស្គាល់កម្ពុជា ក្នុងស​ម័​យ​នោះ។ ប៉ុន្តែរុស្ស៊ីជាមិត្តដែលបានជួយកម្ពុជារហូតមក។ នៅក្នុងជំនួយដែលរុស្ស៊ីកាលនោះ ជា​​អតីតសហភាពសូវៀត បានជួយគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ស្វែងរកសុខសន្តិភាព ស្ថិ​រភាព និងការអភិវឌ្ឍ ជាពិសេសជំនួយលើវិស័យអប់រំ ដែលបានបណ្តុះបណ្តាលនូវធន​ធា​ន​មនុស្សល្អៗ សម្រាប់បម្រើការងារនៅក្នុងប្រទេសកម្ពុជា ដែលបានជួយជំរុញឱ្យកម្ពុជារីកច​ម្រើន​រហូតមកដល់ពេលនេះ ។

លើសពីនេះទៅទៀត សម្តេច ទៀ បាញ់ ក៏បានសម្ដែងនូវការអបអរសាទរចំពោះរុស្ស៊ីផងដែរ ដែលបានរ​ក​ឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺ  កូវីដ-១៩ ហើយបានរួមចំណែកផ្ដល់នូវវ៉ាក់សាំងមួយចំនួនធំដ​ល់កម្ពុជា ថែមទៀតផង៕

ដោយ៖ គង់ សេដ្ឋាមុនី