លោក សុខ ឥសាន ៖ បើកម្ពុជាមានបាតុភូតលាងលុយកខ្វក់មែន ជារឿងតូចតាច តែ​ប្រទេ​ស​ចោ​ទគេ ទើបលាងលុយកខ្វក់ច្រើនជាងគេ

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បាន​លើក​ឡើ​ង​ហា​ក់​ប​ញ្ចេ​ញប្រតិកម្មទៅប្រទេសខ្លះដែលចោទកម្ពុជា ជាទីកន្លែងលាងលុយកខ្វក់ថា បើកម្ពុ​ជា​ពិ​ត​ជា​មា​នករណីលាងលុយកខ្វក់ដូចគេចោទប្រកាន់មែន ជារឿងតូចតាចនោះទេ ប៉ុន្តែប្រ​ទេស​ដែ​ល​ដើ​រចោទគេវិញទេ ទើបមានការលាងលុយកខ្វក់ជាលក្ខណៈទ្រង់ទ្រាយធំជាងគេទៅវិញទេ។

តាមរយៈសំណេរបង្ហាញនៅក្នុងគ្រុបតេឡេក្រាម នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ លោក សុខ ឥសាន បានបញ្ចេញមតិថា “បាតុភាពលាងលុយកខ្វក់ បើមាននៅកម្ពុជាមែន ជារឿ​ងតូ​ច​តា​ចទេ ប៉ុន្តែប្រទេសដែលស្រែកចោទគេថា មានលា​ងលុ​យក​ខ្វ​ក់នោះ​ដែ​លមា​នកា​រ​លា​ង​លុ​យ​កខ្វក់ច្រើន និងធំជាងគេ” ។

លោកក៏តបក្នុងន័យឌឺដងបន្ថែមទៀតថា ការ​យកលុ​យទៅ​លេង​ល្បែង​ក្នុង​កាស៊ី​ណូនៅ​ស្រុក​ខ្មែ​រគេថា ជាការលាងលុយកខ្វក់ តែបើយក​លុយទៅ​លេងនៅ​កាស៊ី​ណូនៅ​សហ​រដ្ឋ​អា​មេ​រិ​ក​វិ​ញ មិនមែនជាលុយកខ្វក់ទេ?។

លោកថា បើតាមអ្នកជំនាញលាងលុយកខ្វក់ គឺមានការទិញដី ទិញអាវុធ ជំនួញឈើ ជួញ​ដូរ​ពា​ណិជ្ជកម្មធំៗ។

ការលើកឡើងរបស់លោក សុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាចនេះ បន្ទា​ប់​ពីអ​ង្គកា​រឃ្លាំ​មើល​អំពើលាងលុយកខ្វក់លើពិភពលោកបានបន្តដាក់កម្ពុជាក្នុង “បញ្ជីប្រផេះ” នៃប្រទេ​ស​មា​ន​ហានិភ័យខាងអំពើលាងលុយកខ្វក់ដែលពិភពលោកត្រូវបង្កើនការតាមដាន។ អង្គការអន្តរជាតិមួយនេះ ដាក់ចំណាត់ថ្នាក់កម្ពុជាបែបនេះតាំងពីអំឡុងខែមីនាមកម្ល៉េះ ប៉ុន្តែ​វិ​ទ្យុ​អាស៊ីបានយកមកផ្សាយជាថ្មី តាមរ​យៈកា​រសុំ​បញ្ចេ​ញម​តិពី​ក្រុម​អង្គ​ការ​សង្គ​មស៊ី​វិល​នៅ​ស្រុ​ក​ខ្មែរ ដោយពួកគេចង់ឃើញរាជរដ្ឋាភិបាល មានវិ​ធាន​ការណ៍​ទប់ស្កា​ត់កា​រលា​ងលុ​យ​កខ្វ​ក់ឱ្យ​មា​ន​ប្រសិទ្ធភាព។

អង្គការឃ្លាំមើលអំពើលាងលុយកខ្វក់លើពិភពលោកត្រូវបានគេដឹងថា មាន​ទីស្នា​ក់កា​រនៅ​ទីក្រុ​ងប៉ា​រីស ប្រទេសបារាំង ។ បើតាមអ្វីដែលវិទ្យុអាស៊ីសេរីផ្សាយជាខេមរភាសាផ្សាយ គឺ​អ​ង្គ​កា​រ​នេះក៏ព្រមានកម្ពុជាថា នឹងពិចារណាជំហានបន្ទា​ប់មកលើក​ម្ពុជា​ពាក់ព័ន្ធនឹងបញ្ហានៃអំពើ​លា​ងលុយកខ្វក់នេះ។

ជំហានបន្ទាប់ដែលអង្គការអះអាង គឺសំដៅដល់ការអំពាវនាវដល់ប្រទេសសមាជិក និងយុ​ត្តា​ធិ​កា​រទាំងអស់នៅទូទាំងពិភពលោកឱ្យបង្កើនការតាមដានត្រួតពិនិត្យរាល់ទំនាក់ទំនង និងប្រតិ​ប​ត្តិ​ការអាជីវកម្មទាំងអស់ជាមួយកម្ពុជា៕

ដោយ៖ គង់ សេដ្ឋាមុនី