ព្រះសីហនុ៖ ក្នុងនាមជាអ្នកគ្រប់គ្រងមើលការខុសត្រូវ ក្នុងទឹកដីខេត្តព្រះសីហនុទាំងមូល លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានផ្ញើសារជាបន្ទាន់មួយជាង២នាទី នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ ដើម្បីឱ្យមន្រ្តីជំនាញពាក់ព័ន្ធរិះរកគ្រប់មធ្យោបាយ ប្រាប់ទៅដល់ប្រជានេសាទ និងភ្ញៀវទេសចរកំពុងស្ថិតនៅក្នុងលម្ហសមុទ្រឱ្យឡើងមកគោក ឬកោះ ជាបន្ទាន់។
ក្នុងសារជាសំឡេងជាង២នាទី បង្ហោះក្នុងរដ្ឋបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានសង្កត់ធ្ងន់ឱ្យអ្នកពាក់ព័ន្ធ ជួយណែនាំប្រជាពលរដ្ឋ ប្រជានេសាទ អ្នកដំណើរ ម្ចាស់ទូក កាណូតផ្អាកការធ្វើដំណើរនៅលើផ្ទៃសមុទ្រ ឬទៅតាមកោះ ដែលអាចជួបហានិភ័យកើតឡើង។
មួយទៀត លោកថា ចំពោះអ្នកនេសាទ ពេលបានចេញទៅនេសាទនៅតាមកោះ ឬនៅក្នុងលម្ហសមុទ្រ ត្រូវខិតខំរកមធ្យោបាយជូនដំណឹងទៅឱ្យពួកគាត់ ដើម្បីបានទៅរកទីទួលសុវត្ថិភាព តាមកោះ ឬលើគោកវិញទាន់ពេលវេលា ហើយត្រូវត្រៀមឧបករណ៍ការពារសុវត្ថិភាព ដូចជាអាវពោងជាដើម ក្នុងពេលធ្វើដំណើរមកកាន់ដីគោក ឬដីកោះ ។
សូមបញ្ជាក់ថា ការចេញសារជាប្រញាប់នេះ ក្រោយពីក្រសួងធនធានទឹក ប្រកាសថា កម្ពុជានឹងបន្តទទួលរងឥទ្ធិពលពីព្យុះទី១៦ ឈ្មោះ ណូរុ (NORU) ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ហើយនៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងលាយឡំនឹងខ្យល់បក់បោកខ្លាំង បន្តរហូតដល់ថ្ងៃ៣០ កញ្ញា ខាងមុខ៕
ដោយ៖ គង់ សេដ្ឋាមុនី