ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថានឹងបានជួបលោក គីស៊ីដា ហ្វុមិអូ នាយករដ្ឋមន្ត្រីជប៉ុន សារជាថ្មីម្តងទៀត ក្នុងខណៈដែលលោកអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន- ជប៉ុន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកាខាងមុខនេះ។
នេះបើតាមការឱ្យដឹងរបស់ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ទាប់ពីជំនួបពិភាក្សាការងាររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោក KISHIDA Fumio នាយករដ្ឋមន្រ្តីជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ខណៈសម្តេចតេជោ អញ្ជើញចូលរួមពិធីបុណ្យសពថ្នាក់ជាតិឯកឧត្តម អាបេ ស៊ីនហ្សូ (ABE Shinzo) អតីតនាយករដ្ឋមន្រ្តីជប៉ុន ។
ក្នុងជំនួបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះលោក គីស៊ីដា ដែលបានគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ និង ថ្លែងអំណរគុណ ចំពោះលោកនាយករដ្ឋមន្ត្រីជប៉ុនដែលបានថ្លែងសន្ទរកថានៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ដោយលើកឡើងពីការចូលរួមជាវិភាគទាន ពាក់ព័ន្ធនឹងប្រទេសកម្ពុជា ជាពិសេសក្នុងក្របខ័ណ្ឌការរក្សាសន្តិភាព ដែលជប៉ុនបានបញ្ជូនកងស្វ័យការពាររបស់ខ្លួនជាលើកដំបូង មកជួយដល់កម្ពុជាក្នុងក្របខ័ណ្ឌក្រោមឆ័ត្រអង្គការសហប្រជាជាតិ ហើយលោក ក៏បានលើកពីកម្ពុជាដែលបានបញ្ជូនកងកម្លាំងចូលរួ មក្នុងប្រតិបត្តិការថែរក្សាសន្តិភាពនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិផងដែរ។ សម្តេចតេជោ ក៏បានរម្លឹកកពីតួនាទីដ៏សំខាន់របស់ជប៉ុនក្នុងការចូលរួមស្វែងរកសន្តិភាពដល់ប្រទេសកម្ពុជា ហើយកិច្ចសហការជាង៣០ឆ្នាំកន្លងទៅនេះយើងនឹងបន្តចូលរួមនៅក្នុងប្រតិបត្តិការ រក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅពេលខាងមុខទៀត។
លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏បានថ្លែងអំណរគុណសម្តេចតេជោដែលបានអញ្ជើញលោកចូលរួមកិច្ចប្រជុំកំពូលអាស៊ានជប៉ុន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅកម្ពុជាក្នុងខែវិច្ឆិកាខាងមុខនេះ។ លោកក៏បានលើកឡើង ពីកិច្ចពិភាក្សាទ្វេភាគីរវាងជប៉ុន កម្ពុជាផងដែរ ជាពិសេសលើវិស័យសន្តិសុខ ហើយក៏បានថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលកន្លងទៅបានទទួលនាវាជប៉ុនចូលចតកំពង់ផែ ខេត្តព្រះសីហនុ និងបានលើកឡើងពីការងារដែលត្រូវធ្វើបន្តដូចជាកិច្ចសហការលើវិស័យសេដ្ឋកិច្ច ជាពិសេសជប៉ុនបង្កើនរោងចក្រក្រុមហ៊ុនតូយ៉ូតានៅប្រទេសកម្ពុជា និងបានស្នើសម្តេចបន្តគាំទ្រក្រុមហ៊ុនជប៉ុនដែលបង្កើតនៅប្រទេសកម្ពុជា។ លោកបន្តថា ទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសកម្ពុជានៅក្នុងខែវិច្ឆិកាខាងមុខ នឹងបន្តពង្រឹងនិងពង្រីងកិច្ចសហប្រតិបត្តិការរវាងជប៉ុន-កម្ពុជា ជាពិសេសធ្វើយ៉ាងណាបង្ហាញការខិតខំ និងយកចិត្តទុកដាក់ខ្ពស់ដល់កិច្ចហការទ្វេភាគីនិងជាមួយដៃគូពាក់ព័ន្ធ ហើយឆ្នាំក្រោយជាខួប៥០ឆ្នាំនៃកិច្ចសហការរវាងអាស៊ាន-ជប៉ុន លោកក៏បានស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រីបន្តគាំទ្រជប៉ុនផងដែរ។
ភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់ពាក់ព័ន្ធបញ្ហាតំបន់មួយចំនួន ដូចជាឧបទ្វីបកូរ៉េ បញ្ហាមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូងនិងបញ្ហាសង្គ្រាមនៅប្រទេសអ៊ុយក្រេន។ ចំពោះបញ្ហាមីយ៉ាន់ម៉ា លោកនាយករដ្ឋមន្ត្រីជប៉ុនបានគូសបបញ្ជាក់ថា លោកពិតជាអរគុណចំពោះការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ខណៈដែលស្ថានភាពនៅមីយ៉ាន់ម៉ា គួរឱ្យព្រួយបារម្ភ ហើយជប៉ុននឹងបន្តគាំទ្រដល់ ការខិតខំរបស់អាស៊ានទាំងឡាយ។ ចំពោះបញ្ហានៅឧបទ្វីបកូរ៉េវិញ លោកបានគូសបញ្ជាក់ថានឹងបន្តសហការជាមួយសម្ដេចតេជោ ជាពិសេសពាក់ព័ន្ធនឹងបញ្ហានុយក្លេអ៊ែរ ដែលបញ្ហានុយក្លេអ៊ែរនៅតែជាបញ្ហាព្រួយបារម្ភរបស់ប្រជាជនជប៉ុន ក៏ដូចជាសហគមន៍អន្តរជាតិផងដែរ។ ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ចំពោះបញ្ហាមីយ៉ាន់ម៉ាយើងនឹងបន្តការងារនេះ ក្នុងក្របខ័ណ្ឌអាស៊ាន យើងនឹងបន្តជំរុញ ទៅជាបញ្ហាប្រឈមក៏ដោយយើងមិនបោះបង់ចោលការងារនេះទេ។ ចំពោះបញ្ហាផ្សេងៗទៀតដែលលោកនាយករដ្ឋមន្ត្រីជប៉ុនបានលើកឡើង សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា យើងនឹងបន្តធ្វើការជាមួយគ្នា នៅពេលខាងមុខទៀត ហើយសម្ដេចរំពឹងថានឹងទទួលលោកនាយករដ្ឋមន្ត្រីជប៉ុននៅប្រទេសកម្ពុជា ក្នុងខែវិច្ឆិកាខាងមុខ៕ដោយ៖ គង់ សេដ្ឋាមុនី