កម្ពុជា និងឥណ្ឌូណេស៊ីបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត ដើម្បីស្ដារវិស័យទេសចរណ៍ទាំងអស់គ្នា

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Sandiaga Salahudin Uno រដ្ឋមន្ត្រីទេសចរណ៍និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូណេស៊ី បង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត ដើម្បីស្ដារវិស័យទេសចរណ៍ទាំងអស់គ្នា។

កិច្ចពិភាក្សានេះធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នាអំឡុងនៃការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ប្រទេស G20 (G20 Tourism Ministerial Meeting) និងទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី២៦-២៧ ខែកញ្ញា ឆ្នាំ២០២២។

បើតាមក្រសួងទេសចរណ៏ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត ក្នុងនោះរួមមាន បង្កើតក្រុមការងាររួមដើម្បីអនុវត្តអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលបានចុះហត្ថលេខានាអំឡុងវេទិកាទេសចរណ៍អាស៊ាន ២០២២ នៅក្រុងព្រះសីហនុ។ជំរុញឲ្យមានការហោះត្រង់ឡើងវិញ និងកាន់តែច្រើនរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដោយក្រុមហ៊ុនអាកាសចរណ៍ឥណ្ដូណេស៊ី ដូចជា Lion Air, City Link ជាដើម។

បន្ថែមពីនេះ កម្ពុជា និងឥណ្ឌូណេស៊ី ជាប្រទេសមានភាពជឿនលឿននាំមុខក្នុងការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) ភាគីទាំងពីរនឹងជំរុញឱ្យមានការចែករំលែកបទពិសោធន៍ពីគ្នាបន្ថែមទៀត តាមរយៈចូលរួមទស្សនកិច្ចសិក្សា និងសិក្ខាសាលាជាដើម។ និងជំរុញឲ្យមានការចែករំលែកបទពិសោធន៍ល្អៗក្នុងការអភិវឌ្ឍទេសចរណ៍សហគមន៍ ទេសចរណ៍ធម្មជាតិ ការអភិវឌ្ឍនិងគ្រប់គ្រងតំបន់ឆ្នេរជាដើម។

សូមជំរាបជូនផងដែរ ស្របតាមការអញ្ជើញរបស់ លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូណេស៊ីនឹងពិនិត្យរៀបចំការមកទស្សនានៅកម្ពុជា ជាពិសេសអំឡុងពេលនៃព្រឹត្តិការណ៍ SEA Games 2023 នៅកម្ពុជា៕ ដោយ៖ សាន សៀងហៃ