ភ្នំពេញ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល៥ថ្ងៃកន្លងមកនេះ មានបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៥ ០០០នាក់ បានរីករាយជាមួយការទទួលបានសេវាដឹកជញ្ជូនដោយរថយន្តក្រុងសាធារណៈដោយឥតបង់ថ្លៃ របស់រដ្ឋបាលរាជធានីភ្នំពេញ ទៅតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងនៅរាត្រី ថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២ថា សម្រាប់រយៈពេល៥ថ្ងៃនាឱកាសបុណ្យភ្ជុំបិណ្ឌ មានបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៥ ០០០នាក់ បានរីករាយជាមួយការទទួលបានសេវាដឹកជញ្ជូនដោយរថយន្តក្រុងសាធារណៈដោយឥតបង់ថ្លៃ ។
លោកបានលើកឡើងថា សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលបានទទួលសេវានេះ ពួកគាត់បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់អនុសាសន៍ឱ្យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងសាធារណៈចំនួន ១៧៥គ្រឿង ដឹកជញ្ជូនប្រជាពលរដ្ឋទាំងក្នុងរាជធានីភ្នំពេញ និងទៅមកតាមបណ្តាខេត្តរយៈពេល ៥ថ្ងៃកន្លងមកនេះ។ ពួកគាត់ក៏បានអរគុណផងដែរ ចំពោះបុគ្គលិកបើកបរ និងបុគ្គលិកបម្រើការដទៃទៀតនៃ City Bus ដែលបានស្ម័គ្រចិត្តបម្រើប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវនារដូវបុណ្យភ្ជុំនេះ។
ទន្ទឹមនឹងការយកចិត្តទុកដាក់ និងដើម្បីជំរុញឱ្យការងារនៃការផ្តល់សេវាដឹកជញ្ជូនដោយឥតគិតថ្លៃនេះ ទទួលបានភាពកក់ក្តៅជូនប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញាកន្លងទៅនេះ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានចុះពិនិត្យការដឹកជញ្ជូនប្រជាពលរដ្ឋទៅតាមបណ្តាខេត្តនានាដោយមិនគិតថ្លៃជាក់ស្តែង នៅទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ ជាមួយនឹងការស្វាគមន៍ ដោយក្ដីញញឹម ទៅតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ៕ដោយ៖ គង់ សេដ្ឋាមុនី