គុយបា៖ នៅចំពោះមុខអតីតប្រធានាធីបតីគុយបា លោក រ៉ាអ៊ួល កាស្រ្តូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជា មិនភ្លេចនោះឡើយនូវអ្វីដែលប្រទេសគុយបាបានជួយដល់ប្រទេសកម្ពុជាក្នុងគ្រាដ៏លំបាកក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ សម្តេចតេជោ ថា នៅពេលនោះប្រទេសគុយបា បានជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមចក្រពត្រនិយម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ នេះបើយោងតាមការបង្ហោះរបស់ផេកផ្លូវការសម្តេចតេជោនៅថ្ងៃនេះ។
ក្នុងជំនួបជាមួយលោក រ៉ាអ៊ួល កាស្រ្តូ អតីតប្រធានាធិបតី នៃសាធារណរដ្ឋគុយបា ត្រូវជាប្អូនប្រុសបង្កើតរបស់ លោក ហ្វីដែល កាស្រ្តូ ក្នុងរដ្ឋធានីហាវ៉ាណា សម្តេចតេជោ បានបញ្ជាក់ថា ក្នុងឆ្នាំ១៩៧៩ ប្រទេសគុយបានជួយកម្ពុជាយ៉ាងច្រើន ហើយនៅចងចាំថា ពេលនោះកម្ពុជា មានស្ករគុយបា មានមជ្ឈមណ្ឌលកុមារកំព្រាគុយបា ហើយក៏មានកប៉ាល់ចម្លងរបស់គុយបាផងដែរ។
បើតាមសម្តេចតេជោ ជំនួយគុយបានៅពេលនោះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ជាពិសេសពលរដ្ឋកម្ពុជា ដែលទើបងើបពីសេចក្តីស្លាប់នៃរបបខ្មែរក្រហម ហើយត្រូវការចាំបាច់ការរស់រៀនមានជីវិត ដូច្នេះជំនួយពីប្រទេសគុយបា គឺចាំបាច់បំផុត។
សម្តេចតេជោ បានបញ្ជាក់ថា អ្វីដែលកាន់តែពិសេសទៀតនោះ គឺគុយបាបានជួយបណ្តុះបណ្តាលធនធានមនុស្ស ដែលធនធានមនុស្ស គឺជារឿងសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជានាពេលនោះ៕ ដោយ៖ ឧត្តម