ភ្នំពេញ៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី សៀមរាប បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន បូកផ្សំនឹងបរិមាណទឹកភ្លៀងដែលហូរមកពីប្រទេសថៃបន្ថែមទៀត ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ កញ្ញាខាងមុខនេះ។ ក្រសួងធនធានទឹកថា ស្ថានភាពអាកាសធាតុបែបនេះគឺដោយសារតែកម្ពុជាទទួលរងឥទ្ធិពលព្យុះទី១៦ ឈ្មោះ ណូរុ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។
បើតាមក្រសួង ក្រៅតែមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើនហើយនោះ បណ្តាខេត្តខាងលើនេះក៏ជួបនឹងបរិមាណទឹកភ្លៀងដែលហូរមកពីប្រទេសថៃបន្ថែមទៀត ដែលអាចបង្កឱ្យទីទំនាបជាប់ផ្លូវទឹក និងផ្លូវទឹកនៅក្នុងភូមិសាស្រ្តនៃខេត្តទាំងនេះ ប្រឈមនឹងជំនន់ទឹកភ្លៀង និងជំនន់ដោយបរិមាណទឹកហួសកម្រិត។
ចំណែកបណ្តាខេត្តដទៃទៀត និងរាជធានីភ្នំពេញ មានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លើកលែងតែបណ្តាខេត្តជាប់មាត់សមុទ្រ មានខេត្តកោះកុង និងខេត្តព្រះសីហនុ អាចមានភ្លៀងធ្លាក់ច្រើន ហើយផ្ទៃសមុទ្រក៏នឹងមានភ្លៀងច្រើន ខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់។ នេះបើតាមការបញ្ជាក់បន្ថែមបស់ក្រសួង។
ក្រសួង បន្តថា ភ្លៀងនឹងបន្តធ្លាក់ច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងនៃអាងទន្លេមេគង្គ ដែលអាចធ្វើឱ្យទឹកទន្លេមេគង្គ មានការងើបកើនឡើងវិញជាបន្តបន្ទាប់។ ប្រឈមនឹងស្ថានភាពអាកាសធាតុបែបនេះ ក្រសួងបានណែនាំឱ្យស្ថាប័នពាក់ព័ន្ធ អាជ្ញាធដែនដី និងប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់៕ ដោយ៖ ឧត្តម