សៀមរាប៖ ភ្នំពេញ-សៀមរាប មានរថយន្តក្រុង ១៥គ្រឿង ដឹកពលរដ្ឋដោយមិនគិតថ្លៃ ក្នុងឱកាសភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដសៀមរាបចុះថ្ងៃអង្គារទី២០ ខែកញ្ញាម្សិលមិញ។
សេចក្ដីជូនដំណឹងដដែល បានឱ្យដឹងថា រថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) ចំនួន១៥ គ្រឿង នឹងត្រូវផ្ដល់សម្រាប់បម្រើសេវាដឹកជញ្ជូនបងប្អូនពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាបទៅកាន់រាជធានីភ្នំពេញ មានរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ ២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមិនបង់ប្រាក់។
ចំពោះទីតាំង និងកាលបរិច្ឆេទ ការធ្វើដំណើរពីរាជធានីភ្នំពេញមកកាន់ខេត្តសៀមរាប នៅចំណុចរង្វង់មូលទេពមច្ឆា “ស្ពានជ្រោយចង្វារ” ចេញដំណើររៀងរាល់ម៉ោង៥ និង ៣០ នាទីព្រឹក (ចេញជាបន្ទាប់រហូតអស់រថយន្ត) ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។
សម្រាប់ការធ្វើដំណើរពីខេត្តសៀមរាបទៅកាន់រាជធានីភ្នំពេញ នៅចំណុច “គ្រឹះស្ថានអង្គរ” ជិតរង្វង់មូលវិថីសម្ដេចវិបុលបញ្ញា សុខ អាន (រង្វង់មូលផ្លូវ៦០ម៉ែត្រ) ចេញដំណើររៀងរាល់ម៉ោង១៣ និង ០០នាទី (ចេញជាបន្តបន្ទាប់រហូតអស់រថយន្ត) ចាប់ពីថ្ងៃទី២៣ ដល់ ២៥ ខែកញ្ញា ឆ្នាំ២០២២។ ដោយឡែកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ចេញដំណើរវេលាម៉ោង៦ និង ០០ នាទី ព្រឹក (ចេញជាបន្តបន្ទាប់រហូតអស់រថយន្ត)។
បើយោងតាមសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ រថយន្តក្រុង៥៥គ្រឿងសម្រាប់ដឹកពលរដ្ឋនៅរាជធានីភ្នំពេញ។ ដោយឡែក អ្នកដំណើរទៅតាមខេត្តវិញ សាលារាជធានី នឹងប្រើប្រាស់រថយន្តចំនួន១២០ គ្រឿង សម្រាប់ដឹកអ្នកដំណើរត្រឡប់ទៅមក៕
ដោយ៖ ឆឹម ទិត