ភ្នំពេញ៖ ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញក្រសួងបរិស្ថាន បានពិភាក្សាគ្នានិងសម្រេចលើសកម្មភាពសំខាន់ៗ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីអាស៊ានបរិស្ថានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។
កិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យមើលវឌ្ឍនភាព ការងារនៃការរៀបចំព្រឹត្តិការណ៍ពិសេសនេះ បានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន ក្រោមវត្តមាន លោក ទិន ពន្លក រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីជំនាញ សមាជិក សមាជិកា ក្រុមការងារ ជាច្រើនរូប។
គួរបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ ត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍សំខាន់មួយ ក្នុងឋានៈកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២។ កិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ាន នឹងមានការចូលរួម ពីថ្នាក់ដឹកនាំនៃវិស័យបរិស្ថាន និងធនធានធម្មជាតិ នៃប្រទេសអាស៊ានទាំង១០ និង មកពីប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អាម៉េរិក និងសហភាពអឺរ៉ុប ដែលនឹងពិភាក្សាលើផែនការសកម្មភាពនានា ដែលគិតគូរដល់វិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។
តាមកម្មវិធីដែលបានគ្រោងទុក កិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធគ្រោងបើកជាផ្លូវការក្រោមវត្តមាន លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ មុនមានកិច្ចប្រជុំបន្តបន្ទាប់ រួមមាន កិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ាន នៃសមាជិកទាំង១០ប្រទេស អាស៊ានបូក៣ អាស៊ានបូកចិន អាស៊ានបូកកូរ៉េខាងត្បូង អាស៊ានបូកជប៉ុន អាស៊ានបូកអាម៉េរិក និងបូកសហភាពអឺរ៉ុបជាដើម៕
ដោយ៖ ឆឹម ទិត