អ្ន​កស្រា​វ​​ជ្រាវវប្បធម៌ខ្មែរនៅអាជ្ញាធរជាតិអប្សរា៖ ការបោះបាយបិណ្ឌអាច​ធ្វើបា​ន៤​ដង​ក្នុ​ង​១​ឆ្នាំ​

សៀមរាប៖ ​ការបោះបាយបិណ្ឌបានក្លាយជាប្រពៃណីដ៏ពេញនិយមមួយនៅក្នុងសង្គមខ្មែរ​។ ​នៅថ្ងៃទី២០ខែកញ្ញានេះ​​ អាជ្ញាធរជាតិអប្សរា បានបង្ហោះរឿងរ៉ាវជុំវិញកា​របោះ​បាយ​បិ​ណ្ឌនេះ អមដោយសំនួរ ចម្លើយ និង មានការពន្យល់បកស្រាយយ៉ាងច្បាស់លាស់  របស់អ្ន​ក​ស្រា​វ​​ជ្រាវវប្បធម៌ខ្មែរ ភ្ជាប់ដោយ រូបចម្លាក់នៅតាម​ប្រាសាទ​បុរា​ណជា​ភស្តុ​តាង​ថែ​ម​ទៀ​ត​។

តើ​បោះបាយបិណ្ឌកិច្ចពិធីសំខាន់ឬយ៉ាងណា? តើខ្មែរអាចធ្វើ​កិច្ច​នេះនៅ​ពេ​ល​ណា​ខ្លះ? បា​យ​បិណ្ឌ​គេដឹងទូទៅថា រៀបចំបោះឱ្យប្រេត។ តើយើងស្គាល់រូបប្រេតតាំងពីពេលណា? នៅ​ពេ​លបច្ចុប្បន្ននេះ យើងស្គាល់ប្រេត នៅ​តា​ម​រូ​ប​គំនូរក្នុងទីវត្តអារាម និង​តា​មជញ្ជាំ​ងនៃ​ព្រះ​វិ​ហា​រព្រះពុទ្ធសាសនាប៉ុណ្ណោះ។ ប៉ុន្តែអ្ន​កស្រា​វ​​ជ្រាវវប្បធម៌ខ្មែរនៅអាជ្ញាធរជាតិអប្សរា លោ​ក គ្រូអាំង ជូលាន បានប្រទះឃើញរូបភា​ព​ប្រេ​​​ត​ នៅលើចម្លាក់មួយនៅប្រា​សាទ​តា​នៃ​ក្នុ​ង​តំ​បន់អង្គរ ហើយ​ប្រហែ​លមា​នតែ​មួយ​គត់​ដែ​​លចាស់ជាងគេក្នុងសិល្បៈខ្មែរ។

អ្នកបុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និង​ផ្សព្វ​ផ្សា​យ​នៃ​អា​ជ្ញា​ធ​រ​ជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បានលើកបង្ហាញឱ្យឃើញថា យោ​ងតា​មគ​ម្ពី​រ​ព្រះ​ពុ​ទ្ធ​សា​ស​នាមហាយាន Karandavyuha ដែលបានសរសេរនៅក្នុងតំបន់កាស្មៀនៃប្រទេសឥណ្ឌា តាំ​ងពីអំឡុងសតវត្សរ៍ទី៥នៃគ្រីស្តរាជ និយាយពីរឿងរ៉ាវរបស់ព្រះអវលោកិតេសូរ ដែ​ល​ព្រះ​បា​​ទជ័យវរ្ម័នទី៧ បានយកមកប្រតិបត្តិក្នុងរជ្ជកាលរបស់ព្រះអង្គរនៅចុងសតវត្សរ៍ទី១២ មា​ន​បង្ហាញរឿងព្រះអវលោកិតេសូរសង្គ្រោះប្រេត។

តាំងតែ​ពីជាង៩០០ឆ្នាំមុន អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី៧ ទំនងជា​ប្រតិ​ប​ត្តិ​គ​ម្ពីរព្រះពុទ្ធសាសនាមហាយាន Karandavyaha តាំងពីអំឡុងចុងសតវត្សរ៍ទី១២ និង​ដើ​ម​ស​តវត្សរ៍ទី១៣នៃគ្រីស្តសករាជ សម្រាប់ស្រោចស្រង់អ្នកស្លា​ប់ក្នុ​ង​ច​ម្បាំ​ង​ប​ង្ហូ​រ​ឈា​ម​ដ៏​ធំ​មួ​យ ដើម្បីរំដោះរាជធានីអង្គរចេញពីទ័ពចម្ប៉ា។

ដោយសារតែចម្បាំងនោះ ធ្វើ​ឱ្យ​រា​ស្ត្រ​ជា​ច្រើ​ន​បា​នស្លាប់ រួមទាំងព្រះញាតិវង្សផង រង​ទុ​ក្ខ​វេ​ទ​នា និរាសព្រាត់ប្រាស់គ្រួសារ ព្រមទាំងកងទ័ពរបស់ព្រះអង្គរជាច្រើនបានពលីជីវិត។ ព្រះ​អ​ង្គមានព្រះទ័យជឿថា ព្រះញាតិវង្ស មន្រ្តី រាស្ត្រប្រជា និងកងទ័ពខ្លះ បានសុគត និង​ស្លា​ប់​ទាំ​ងនោះ មិនដឹងវិញ្ញាណក្ខ័ន្ធទៅដល់ទីណា ឬខ្លះដែលអាចនឹងទៅកើតជាប្រេត ទទួល​រ​ង​ទុ​ក្ខទោសនៅឯឋានប្រេត។

មានតែព្រះអវលោកិតេសូរទេ តាមទំនៀមក្នុងគម្ពីរ Karandavyuha មានអំណាច និង​ល​ទ្ធ​ភា​ពជួយសង្គ្រោះពួកប្រេតទាំងនោះឱ្យរួចផុតពីទុក្ខទោស និងឱ្យវិ​លម​ក​កើ​ត​ជា​ម​នុ​ស្ស​វិ​ញ​បា​ន​។ រឿងរ៉ាវ និងភស្ដុ​តាងអំ​ពីប្រេតនេះ បានឆ្លាក់រូបទុកនៅលើហោជាងថ្ម នៃខ្លោ​ង​ទ្វា​រ​ខា​ងកើតរបស់ប្រាសាទតានៃក្នុងទឹកដីខេត្តសៀមរាបបន្សល់ទុកមកដល់បច្ចុប្បន្ន។ លើ​ស​ពី​នេះទៀត នៅក្នុងជំនឿរបស់ព្រាហ្មណ៍សាសនា ដើម្បីស​ង្គ្រោះពួ​កប្រេ​ត​ទាំ​ង​ឡា​យ​ឱ្យ​អា​ច​វិ​លមកកើតជាមនុស្សវិញបាននោះ មានកិច្ចពិធីមួយ គឺបោះបាយបិ​ណ្ឌដែល​បុព្វ​បុ​រ​ស​ខ្មែ​រ​តែ​ងតែធ្វើរហូតក្លាយទៅជាប្រពៃណីរបស់ខ្លួនមកដល់បច្ចុប្បន្ន។ លោក អ៊ឹម សុខរិទ្ធី បា​ន​ឱ្យ​ដឹងថា តាមសិលាចារិកថ្នល់បាយរាណ៍ លេខសំគាល់ K279 គឺនិយាយ​អំពីពិ​ធីបុ​ណ្យ​មួ​យ​តាមព្រហ្មញ្ញសាសនា ដែលភាសាសំស្រ្កឹតហៅថា «ស្រាទ្ធ» គឺជាពិធីបោះបាយបិណ្ឌ ដើ​ម្បី​ជួយស្រោចស្រង់ដល់ព្រលឹងអ្នកស្លាប់ដែលបានទៅកើតជាប្រេតហើយនោះ ឱ្យ​អា​ច​វិ​ល​ត្រ​ឡប់មកកើតជាមនុស្សវិញ។

ការបោះបាយបិណ្ឌ មិនមែនក្នុងន័យបោះដើម្បីឱ្យពពួកប្រេត ដែល​កំ​ពុ​ង​ស្រេ​ក​ឃ្លា​ន​ទាំ​ង​នោះ​​ បានទទួលទានចំអែតក្រពះទេ។ គឺបាយដែលគេពូតចេ​ញពី​អ​ង្ក​រ​ដំ​ណើ​ប​ដែ​ល​ស្អិ​ត​ចំ​នួ​ន១៩ពំនូត ជាតំណាងឱ្យរូបកាយដែលអាចឱ្យព្រលឹងរបស់អ្នកស្លាប់ ដែលកើ​តទៅ​ជា​ប្រេ​ត អាចមកចាប់យករូបកាយបាន ហើយក៏អាចវិលមកកើតជាមនុស្សវិញបាន។ តាមទំនៀមខ្មែរជឿថាមនុស្សគ្រប់រូប គឺមានធាតុពីរសំខាន់គឺ៖ ទី១នាម(ព្រលឹង) ទី២​គឺ​រូ​ប​(​រា​ងកាយ)។ នៅពេលដែលមនុស្សស្លាប់ទៅនៅសល់តែនាមគឺព្រលឹង ចំណែកឯរូបវិញ គឺ​បា​នរលាយបាត់ទៅហើយ។ ដោយសារហេតុផលនេះគេជឿថា ដើម្បីឱ្យអ្នក​ស្លាប់​អាច​វិល​ម​​ក​​កើតជាមនុស្សវិញបាន គឺទាល់តែធ្វើឱ្យនាមនិងរូបបានភ្ជាប់គ្នាឡើងវិញ។ ដូច្នេះហើ​យ​បា​​ន​ជាបុព្វបុរសខ្មែរ ប្រារព្វធ្វើពិធីបោះបាយបិណ្ឌ នៅក្នុងពេលភ្ជុំបិណ្ឌនេះឡើង។

តើពិ​ធីបោះបាយបិណ្ឌ ធ្វើបានតែនៅពេលភ្ជុំបិណ្ឌឬនៅពេលណាខ្លះទៀត? តាម​អ្ន​ក​ស្រា​វ​ជ្រា​វសិលាចារិកសម័យបុរាណ បានរកឃើញថាពិធីបោះបាយបិណ្ឌ ដើម្បីជួ​យ​ស្រោ​ច​ស្រ​ង់​ ព្រលឹងអ្នកស្លាប់ ដែលបានទៅកើតជាប្រេត ឱ្យអាច​វិល​ត្រឡ​ប់ម​កកើ​តជា​មនុ​ស្ស​វិ​ញ​នោះ​ ​មិនមែនអាចធ្វើបានតែក្នុងពេលបុណ្យភ្ជុំបិណ្ឌប៉ុណ្ណោះទេ។ ពិធីនេះគឺអាចធ្វើបាន៤ដងក្នុង១ឆ្នាំ គឺនៅពេលបុណ្យភ្ជុំបិណ្ឌ នៅពេលព្រឹត្តិការណ៍យប់ និង​ថ្ងៃ​ស្មើគ្នា(សមរាត្រី)កើតឡើង២ដងក្នុង១ឆ្នាំ នៅ​ពេល​មាន​ព្រឹត្តិ​ការ​ណ៍យ​ប់វែ​ងជា​ងថ្ងៃ​កើត​ឡើង​ម្ដងក្នុង១ឆ្នាំ និងនៅពេលដែលមានព្រឹត្តិការ​ណ៍ថ្ងៃវែ​ងជា​ងយ​ប់​កើ​ត​ឡើ​ង​ម្ដ​ង​ក្នុ​ង​១​ឆ្នាំ។

នៅស្រុកឥណ្ឌា តាមជំនឿព្រហ្មញ្ញសាសនា ការបោះបាយបិណ្ឌដើម្បីជួយស្រោចស្រង់ ព្រ​លឹ​ងអ្នកស្លាប់ ដែលបានទៅកើតជាប្រេត ឱ្យអាចវិលត្រឡប់មកកើតជាមនុស្សវិញនោះ គឺ​គេ​​ធ្វើឡើងទៅតាមគ្រួសារតូចៗប៉ុណ្ណោះ។ ប៉ុន្តែទំនៀមនេះ ត្រូវបា​នព្រះ​មហា​ក្សត្រ​ខ្មែរ​ស​ម័​យបុរាណ យកមកធ្វើជាទម្រង់ពិធីធំ និងទូលំទូលាយរបស់ខ្មែរ សម្រាប់ញា​តិស​ន្តាន​ច្រើ​ន​ជំនាន់ សាច់សារលោហិត មនុស្សចាស់ ក្មេងៗ អ្នកពុំមានទីពំនាក់ ជាពិសេស​គឺដឹ​ងគុ​ណ​ដ​ល់អ្នកសេ្នហាជាតិទាំងឡាយដែលបានស្លាប់ដោយសារការធ្វើចម្បាំងការពារទឹកដី ប្រ​ទេ​ស​ជាតិ ក៏ទទួលបានការឧទ្ទិសនេះផង ហើយបន្តបន្ទាប់មកទៀត កិច្ច​ពិ​ធី​នេះ​បា​ន​ក្លា​យ​ទៅ​ជា​ពិធីបុណ្យធំដុំរហូតដល់ក្លាយជាបុណ្យជាតិ និងប្រពៃណីដ៏ធំជាងគេតែម្ដង៕
ដោយ៖ គង់ សេដ្ឋាមុនី