លោក ស សុខា ជំរុញឱ្យរដ្ឋបាលរាជធានីខេត្តគ្រប់គ្រងអាជីវកម្មប្រើប្រាស់រំសេវជាតិផ្ទុះ ដើម្បីសុវត្ថិភាពសង្គម

ភ្នំពេញ៖ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើដល់ រដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការរឹតបន្តឹង សិប្បកម្ម អាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មដែលប្រើប្រាស់រំសែវជាតិផ្ទុះនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម។

លិខិតរបស់លោក ស សុខា ចុះថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ ផ្ញើជូនរដ្ឋបាលរាជធានី ខេត្ត បញ្ជាក់ថា៖  «ត្រូវពិនិត្យរៀបចំធ្វើបច្ចុប្បន្នភាព សិប្បកម្ម អាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មប្រើប្រាស់ រំសេវជាតិផ្ទុះ ដែលមិនមានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតត្រឹមត្រូវ ដោយតម្រូវឱ្យបិទសកម្មភាពសិប្បកម្ម អាជីវកម្មនោះជាបន្ទាន់»។

លោក ស សុខា បន្ថែមថា៖«ចំពោះ សិប្បកម្ម អាជីវកម្ម ដែលមានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតត្រឹមត្រូវ ត្រូវណែនាំពង្រឹង បន្ថែមលើការគ្រប់គ្រងស្របតាមបទដ្ឋានបច្ចេកទេស សំដៅបង្ការ និងទប់ស្កាត់ហានិភ័យនានាដែលអាច បង្កឡើងជាយថាហេតុប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម»។

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃនៅថ្ងៃទី ២១ ខែមីនានេះ ប្រាប់ថា ការដែលលោក ស សុខា ជំរុញឱ្យរដ្ឋបាលរាជធានីខេត្តគ្រប់គ្រងអាជីវកម្មប្រើប្រាស់រំសេវជាតិផ្ទុះ ដើម្បីសុវត្ថិភាពសង្គម គឺដើម្បីដើរឱ្យបានមុននឹងបញ្ហាដែលកើតមានឡើង ។ លោកបញ្ជាក់ថា« ក្នុងន័យនេះ គឺធ្វើយ៉ាងណាការពារប្រសើរជា»។

លោក ទូច សុខៈ សង្ឃឹមថា ម្ចាស់អាជីវកម្ម និង ប្រជាពលរដ្ឋ ប្រកអាជីវកម្ម ប្រើប្រាស់រំសេវជាតិផ្ទុះមានសុវត្ថិភាព និងស្របទៅតាមបទបញ្ញត្តិច្បាប់៕