ភ្នំពេញ៖ កម្ពុជាសម្ពោធបើកពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី ហូលពិតាន៖ ការវិវឌ្ឍ និង បញ្ហាប្រឈម នៅសារមន្ទីរជាតិកម្ពុជា ។ ពិធីនេះ ត្រូវបានរៀបចំនៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។
ពិព័រណ៍នេះមានគោលបំណង ចែករំលែកព័ត៌មានបន្ថែមពីសមុច្ច័យតម្បាញហូលពិតានរបស់សារមន្ទីរ ផ្តល់សារនៃការព្រួយបារម្ភរបស់សិប្បករតម្បាញលើហានិភ័យនៃការបាត់បង់ការផលិតហូលពិតានតាមបែបប្រពៃណីខ្មែរ បង្ហាញពីបរិបទនៃការផ្លាស់ប្តូរក្នុងសង្គមខ្មែរលើតម្រូវការហូលពិតាន និងចរន្តនៃការផលិតហូលពិតានដើម្បីប្រើប្រាស់នាពេលបច្ចុប្បន្ន។ បន្ថែមពីនេះទៀត ពិព័រណ៍នេះធ្វើឡើងក៏ដើម្បីចូលរួមអបអរសាទរខួបលើកទី១០៤ឆ្នាំនៃការបង្កើតសារមន្ទីរជាតិកម្ពុជា។
ទន្ទឹមនឹងនោះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបាននិងកំពុងបណ្តុះបណ្តាលជំនាញដូនតាជំហានទី១ដល់យុវជចំនួន៣០០នាក់នៅតាមបណ្តារាជធានីខេត្តទាំង៨ ជាមួយនឹង១២ជំនាញ ដោយរាប់បញ្ចូលទាំងតម្បាញសូត្រផងដែរ។ បន្ថែមពីនេះ ក្រសួងក៏បានរៀបចំផ្តល់គោរមងារជាអាទិ៍ជូនលោកយាយ ម៉ក់ ជាង ជា ទេពសោភ័ណ ម៉ក់ ជាង ទៅលើផ្នែកតម្បាញហូលជាដើម។
ក្នុងនោះក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមាននាយកដ្ឋានសារមន្ទីរជាសេនាធិការ ក៏បានធ្វើការអំពាវនាវដល់សប្បុរសជនជាតិនិងអន្តរជាតិក្នុងការជួយបន្តឧបត្ថម្ភសមុច្ច័យអំពីសូត្រមកកាន់សារមន្ទីរបន្ថែមទៀត។
ពិព័រណ៍ហូលពិតានលើកនេះជាលើកទី៤ដែលពិព័រណ៍ហូលពិតានលើកទី១នៅក្នុងឆ្នាំ២០១០ លើកទី២ក្នុងឆ្នាំ២០១២ លើកទី៣ក្នុងឆ្នាំ២០១៦។ ក្នុងពិព័រណ៍លើកនេះ ក្រុមការងារនៃនាយកដ្ឋានសារមន្ទីរបានជ្រើសរើសហូលពិតានចំនួន ១៧វត្ថុមកតាំងបង្ហាញ។ ការតាំងបង្ហាញចាប់ផ្តើមពីថ្ងៃទី២១ ខែមីនា ដល់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។
សូមបញ្ជាក់ផងដែរថា ហូលពិតានជាហូលដែលមានលក្ខណៈពិសេសជាងហូលដទៃទៀត ព្រោះអ្នកតម្បាញត្បាញជាខ្សែរឿងអំពីព្រះពុទ្ធសាសនា និង ជាគោមក្បាច់លម្អពិសេសៗ៕