ភ្ញៀវទេសចរជាង១ម៉ឺននាក់ទស្សនាព្រឹត្តការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

សៀមរាប៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ព្រឹត្តិការណ៍សមរាត្រី ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួនជាង១ម៉ឺននាក់ បានក្រោកមកតាំងពីម៉ោង៥ព្រឹក ដើម្បីរង់ចាំទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះឡើងកាត់តាមកំពូលកណ្តាល នៃប្រាសាទអង្គរវត្ត។

អាជ្ញាធរជាតិអប្សរានៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៤ នេះ បញ្ជាក់ថា ដោយសារអាកាសធាតុនាព្រឹកព្រលឹមនេះ មានអំណោយផលល្អ ទេសចរអាចទស្សនា និងផ្តិតយកទិដ្ឋភាពថ្ងៃរះ គួរទីជាគយគនបានយ៉ាងរីករាយ។


ព្រឹត្តិការណ៍មហស្ចារ្យនៅអង្គរវត្តនេះ តែងតែបានទាក់ទាញ ចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនរាប់ពាន់នាក់ ដែលចង់ឃើញហេតុការណ៍ និងចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍ប។

អ្នកស្រាវជ្រាវបានហៅព្រឹត្តិការណ៍នេះថា សមរាត្រី (Equinox) ដែលមានសរសេរលើសិលាចារឹកបុរាណថា «វិសុវ» គឺជាពេលដែលយប់និងថ្ងៃមានរយៈពេលស្មើគ្នា។

ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។

កររណីពិសេសនៅអង្គរវត្ត នាវេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យនឹងរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ ដែលយើងអាចមើលឃើញពីខ្លោងទ្វារកណ្តាលនៃគុហ៍តារាជ (ខ្លោងទ្វារធំខាងលិច)។

នេះជារឿងអច្ឆរិយរបស់អង្គរវត្ត ដែលបានស្ថាបនាទ្បើងដោយមានការសិក្សាគន់គូរយ៉ាងល្អិតល្អន់របស់អ្នកប្រាជ្ញបណ្ឌិតសម័យអង្គរ រួមផ្សំគ្នារវាងទ្រឹស្តីគណិតសាស្រ្ត វិស្វកម្ម ស្ថាបត្យកម្ម និងតារាសាស្រ្ត។ គឺជាហេតុផលវិទ្យាសាស្រ្តមួយ ដែលបំពេញចម្លើយចំពោះសំណួរដែលសួរមិនចេះចប់ថា ហេតុដូចម្តេចបានជាអង្គរវត្តបែរមុខទៅទិសខាងលិច?៕