ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ឱ្យដឹងថា ដោយមានអំពើមិនប្រក្រតីនៃការផ្ញើសារខ្លី (SMS) ផ្សព្វផ្សាយអំពីល្បែងស៊ីសង កម្ចីឯកជន ឬសាររំខានផ្សេងទៀត ទៅកាន់ទូរសព្ទចល័តរបស់អ្នកប្រើប្រាស់ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានស្រាវជ្រាវ និងរកឃើញថា សកម្មភាពទាំងនេះត្រូវបានធ្វើឡើងតាមរយៈការប្រើ ឧបករណ៍បញ្ជូនទទួលក្លែងក្លាយ (Fake Base Transceiver Station – Fake BTS) ដែលបានបង្កការរំខានដល់អ្នកប្រើប្រាស់ និងមានផលប៉ះពាល់ដល់គុណភាពសេវា ឯកជនភាពនិងសុវត្ថិភាពទិន្នន័យ ព្រមទាំងសណ្តាប់ធ្នាប់សង្គមនិងសន្តិសុខជាតិ។
ឧបករណ៍ Fake BTS នេះ ស្កេនរកលេខអត្តសញ្ញាណរបស់ទូរសព្ទចល័ត ហើយបន្ទាប់មក គឺផ្ដាច់សេវារបស់អ្នកប្រើប្រាស់ពីប្រព័ន្ធរបស់ប្រតិបត្តិករទូរសព្ទចល័ត ដោយបញ្ឆោតឱ្យទូរសព្ទចល័តភ្ជាប់ទៅកាន់ឧបករណ៍ Fake BTS រួចទើបឧបករណ៍នេះបញ្ជូនសារខ្លីទៅកាន់ទូរសព្ទចល័ត ដោយពុំឆ្លងកាត់បណ្ដាញរបស់ប្រតិបត្តិករទូរសព្ទចល័តនោះឡើយ។
ដោយកំណត់បាននូវមុខសញ្ញានេះ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ន.ទ.ក. សហការជាមួយសមត្ថកិច្ចខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យ ក្រុមហ៊ុន ហ្ស៊ីចែ រេនជា ខា វ៉សស៊ីង សឺវីស ឯ.ក មានអាសយដ្ឋានស្ថិតនៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយបានចាប់យកវត្ថុតាង រួមមាន រថយន្តបំពាក់ឧបករណ៍ Fake BTS ៥ គ្រឿង ឧបករណ៍ Fake BTS ១៩ គ្រឿង ឧបករណ៍កាត់ផ្តាច់សេវា (Jammer) ៣ គ្រឿង និងគ្រឿងបង្គុំផ្សេងៗទៀត ព្រមទាំងឃាត់ខ្លួនអ្នកពាក់ព័ន្ធ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
ក្នុងន័យនេះ ដើម្បីទប់ស្កាត់ការប្រើប្រាស់ឧបករណ៍ Fake BTS នេះ ក.ប.ទ. អំពាវនាវដល់ គ្រប់ក្រុមហ៊ុននាំចូលនិងផ្គត់ផ្គង់គ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍៖ មិនត្រូវនាំចូល ឬផ្គត់ផ្គង់ឧបករណ៍ Fake BTS ដោយគ្មានការអនុញ្ញាតពី ន.ទ.ក និង សាធារណជនទាំងអស់៖ ត្រូវជៀសវាងការកាន់កាប់ ដំឡើង ឬប្រើប្រាស់ឧបករណ៍ Fake BTS ជាពិសេស គឺ មិនត្រូវបើកមើល ឬឆ្លើយតប សារខ្លី (SMS) ឬសារតាមប្រព័ន្ធតេឡេក្រាម ឬបណ្តាញសង្គមផ្សេងៗអំពីល្បែងស៊ីសង កម្ចីឯកជន ឬសាររំខានផ្សេងទៀត និង មិនត្រូវចុចលើតំណភ្ជាប់ (Link) ដែលគ្មានប្រភពច្បាស់លាស់ ជៀសវាងទទួលរងការលួចចូល (Hack) យកទិន្នន័យពីជនទុច្ចរិត។
គ្រប់ក្រសួង ស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលរាជធានី ខេត្ត សូមចូលរួមត្រួតពិនិត្យ និងទប់ស្កាត់ការនាំចូល ឬចែកចាយឧបករណ៍ Fake BTS ឱ្យបានម៉ឺងម៉ាត់ និង ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាជនរស់នៅមូលដ្ឋានរបស់ខ្លួនអំពីករណីនេះ ក៏ដូចជា ការជៀសវាងការបើកមើល ឬឆ្លើយតប សារពាក់ព័ន្ធនឹងល្បែងស៊ីសង កម្ចីឯកជន ឬសាររំខានផ្សេងទៀត និង ការជៀសវាងការចុចលើតំណភ្ជាប់ (Link) ដែលគ្មានប្រភពច្បាស់លាស់។
ក.ប.ទ. សូមគូសបញ្ជាក់ថា ការធ្វើប្រតិបត្តិការក្នុងវិស័យទូរគមនាគមន៍ដោយគ្មានអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតពី ន.ទ.ក. និងការធ្វើសកម្មភាពទាំងឡាយណាផ្ទុយពីការកំណត់របស់ច្បាប់ស្ដីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ គឺនឹងត្រូវទទួលរងទណ្ឌកម្មស្របតាមបទបញ្ញត្តិជាធរមាន៕