លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ កាលពីថ្ងៃទី១៦ មីនា ម្សិលមិញនេះ បានចូលរួមក្នុងពិធីសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំផ្តាំផ្ញើដល់អតីតសិស្សក្រឡាបញ្ជីជំនាន់ទី៧ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដែលមានចំនួនសរុប ១១៧ រូប។ នេះបើយោងតាមការបង្ហោះរបស់ក្រសួងយុត្តិធម៌នៅថ្ងៃទី១៧ មីនានេះ។
ថ្លែងក្នុងពិធីនោះ លោក កើត រិទ្ធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈ តុលាការ ក្នុងការខិតខំផលិតធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ក្នុងនោះរួមមាន ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងសារការី ប្រកបដោយគុណភាព និងចំណេះដឹង ដើម្បីទៅបម្រើសេវាផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋ។
លោករដ្ឋមន្រ្តីក៏បានលើកឡើងអំពីតួនាទី និងភារកិច្ចដ៏សំខាន់របស់ក្រឡាបញ្ជីនៅគ្រប់កិច្ចនៃនីតិវិធីដែលមិនអាចខ្វះបាន ព្រោះក្រឡាបញ្ជី គឺជាជំនួយដល់អង្គតុលាការ និងអង្គអយ្យការ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានណែនាំដល់ អតីតសិស្សក្រឡាបញ្ជីទាំងអស់ ដែលជាយុវជនទើបចាប់ផ្កើមវិជ្ជាជីវៈ ក្នុងនាមជាមន្ត្រីរបស់រាជរដ្ឋាភិបាល ត្រូវតែការពារសន្តិភាពជាដាច់ខាត ដើម្បីវិបុលភាពកម្ពុជា រួមទាំងបានធ្វើការផ្ដាំផ្ញើដល់អតីតសិស្សក្រឡាបញ្ជីទាំងអស់ ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់តាមច្បាប់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ៕