ក្រសួងសុខាភិបាលបានសម្រេចជាគោលការណ៍លុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរបង្ហាញលទ្ធផល PCR អវិជ្ជមាន ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា ហើយព្រមជាមួយគ្នានេះក៏លុបចោលការតម្រូវឱ្យ ធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជាផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងសុខាភិបាល។
បន្ថែមពីនេះទៀត ក្រសួងក៏អនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់ សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។
បើតាមក្រសួង ការសម្រេចបែបនេះគឺធ្វើឡើងតាមចំណារឯកភាពរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លើរបាយការណ៍ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ របស់គណៈប្រចាំការនៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ (គ.ប.ក)។
ក្រសួង បន្តថា បើទោះបីជាក្រសួងសម្រេចលុបចោលគោលការណ៍ បង្ហាញលទ្ធផលតេស្ត PCR និងលុបចោលការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា ក៏ដោយចុះ ក្រសួងនៅតែលើកទឹកចិត្តដល់អ្នកដំណើរទាំងអស់ គប្បីធ្វើតេស្តរហ័សដោយខ្លួនឯង ហើយអ្នកដំណើរទាំងអស់ត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ១៩ នៅពេលមកដល់កម្ពុជា។
ដោយឡែកចំពោះអ្នកដំណើរដែលពុំបានចាក់វ៉ាក់សាំងកូវីដ១៩ ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមទីតាំងដែលកំណត់ដោយក្រសួងសុខាភិបាលឬអាជ្ញាធរមានសមត្ថកិច្ច។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ៕