តើអ្នកសម្លាប់សត្វចិញ្ចឹម របស់អ្នកដទៃមានទោសជាប់ពន្ធនាគារដែរឬទេ?

នៅថ្ងៃនេះសារព័ត៌មានខ្មែរឈានមុខ សូមលើកយកអត្ថបទផ្លូវច្បាប់ពាក់ព័ន្ធនឹងប្រធានបទថា តើអ្នកសម្លាប់សត្វចិញ្ចឹមរបស់អ្នកដទៃមានទោសជាប់ពន្ធនាគារដែរឬទេ? ។ អត្ថបទមួយនេះត្រូវបានរៀបរៀងចងក្រងឡើងដោយអ្នកជំនាញច្បាប់របស់សារព័ត៌មានខ្មែរឈានមុខ ក្នុងគោលបំណងដើម្បីចែករំលែកនូវចំណេះដឹងផ្នែកផ្លូវច្បាប់ដល់សាធារណជន ជាពិសេសអ្នកតាមដានសារព័ត៌មានខ្មែរឈានមុខទាំងអស់ អាចធ្វើការសិក្សាស្វែងយល់បន្ថែមពាក់ព័ន្ធនឹងប្រធានបទមួយនេះ។

សារព័ត៌មានខ្មែរឈានមុខ ក៏សូមការអភ័យទោសជាមុនចំពោះសាធារណជន ជាពិសេសអ្នកគាំទ្រសារព័ត៌មានខ្មែរឈានមុខទាំងអស់ ចំពោះរាល់កំហុសខុសឆ្គងដោយអចេតនាណាមួយដែលបានកើតឡើងនៅក្នុងអត្ថបទមួយនេះ ហើយយើងខ្ញុំដែលជាថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់របស់សារព័ត៌មានខ្មែរឈានមុខ សូមទទួលរាល់មតិយោបល់កែតម្រូវក្នុងន័យស្ថាបនាពីសំណាក់សាធារណជនផងដែរ។

១. នៅកម្ពុជាមានក្រមព្រហ្មទណ្ឌឆ្នាំ២០១០ ដែលនិយាយពីការការពាររូបកាយមនុស្ស ឬបូរណភាពបុគ្គល និងការការពារទ្រព្យសម្បត្តិ(វត្ថុ)។ តែក្រមព្រហ្មទណ្ឌពុំបាននិយាយពីបទល្មើសដែលមនុស្ស(ម្ចាស់សត្វ ឬអ្នកដទៃ) ធ្វើទារុណកម្ម ឬសម្លាប់ ដែលប្រព្រឹត្តលើ ភាវរស់ ឬសត្វព្រៃ(លើកលែងសត្វកម្រ ដែលច្បាប់ពិសេស ឬដោយឡែកការពារបានហាមឃាត់ដូចជា ត្រីផ្សោត(Dolphin) ក្រពើភ្នំ ខ្លា តោជាដើម) និងសូម្បីតែសត្វពាហនៈ ឬសត្វចិញ្ចឹមដូចជា ឆ្កែ ជ្រូក គោ ក្របី មាន់ទា ឡើយ។ តើឆ្កែ ឬសត្វចិញ្ចឹម ក្រមព្រហ្មទណ្ឌការពារ ពីការប្រើហឹង្សា ទារុណកម្ម ឬឃាតកម្ម ដូចមនុស្សទេ? ហើយក្រមរដ្ឋប្បវេណីចាត់ទុកថាសត្វ(ឆ្កែ)ជាវត្ថុ ដែលត្រូវការពារដូចទ្រព្យសម្បត្តិ ដែលជាវត្ថុដែរឬទេ? ត្រូវមានលក្ខខណ្ឌបែបណាខ្លះ ទើបច្បាប់ការពារ ហើយលក្ខខណ្ឌបែបណាដែលច្បាប់មិនការពារ?

២. បទល្មើសព្រហ្មទណ្ឌ ដែលអាចចោទអ្នកប្រព្រឹត្តបានមានតែបទលួចតាមមាត្រា ៣៥៣ និងការធ្វើឱ្យខូចខាតដោយចេតនា នូវទ្រព្រ្យសម្បត្តិរបស់អ្នកដទៃ ទាល់តែជនសង្ស័យនោះបានប្រព្រឹត្តនៅទីកន្លែងដែលម្ចាស់ឆ្កែបានកាន់កាប់ ឬឆ្កែចងទុក និងការចាប់យក ឬដណ្តើមយកពីដៃម្ចាស់ឆ្កែ ឬបានដឹងបានស្គាល់ឆ្កែ និងម្ចាស់ឆ្កែច្បាស់លាស់ ទើបជាបទល្មើសព្រហ្មទណ្ឌ ហើយបទល្មើសនឹងមានស្ថានទម្ងន់ទោស អាស្រ័យលើសកម្មភាពរបស់អ្នកប្រព្រឹត្ត ឬព្យសនកម្មទីកន្លែង ឬម្ចាស់ឆ្កែ។ មាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ ចែងថា ត្រូវផ្តន្ទាទោសបទល្មើសលួច ពី៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លាន ដល់ ៦លានរៀល។ ការខូចខាតទ្រព្យ(ឆ្កែ) ទាល់តែប្រព្រឹត្ត ដោយមានចេតនា ហើយនៅទីកន្លែង ឬនៅចំពោះមុខម្ចាស់វត្ថុនោះ ទើបមានទោសព្រហ្មទណ្ឌ [លេខ 5 (លួច) និង 12(ការធ្វើឱ្យខូចខាតដោយចេតនា)]។ ការធ្វើឱ្យខូចខាតទ្រព្យ(ឆ្កែ) ក្រៅពីនេះ គ្មានបទល្មើសព្រហ្មទណ្ឌទេ តែបើម្ចាស់ឆ្កែបានដឹង អាចប្តឹងទាមទារសំណងរដ្ឋប្បវេណីបាន។ ម្យ៉ាងទៀត ឆ្កែ ពុំមែនជាវត្ថុទេ ហើយឆ្កែជាទ្រព្យសម្បត្តិឯកជន លុះត្រាតែវានៅទីកន្លែងកាន់កាប់របស់ម្ចាស់ឆ្កែ និងទីតាំងដែលឆ្កែនោះចងទុក អាចសម្គាល់ ឬមានភស្តុតាងបង្ហាញពីទំនាក់ទំនងរវាងឆ្កែ និងម្ចាស់ឆ្កែ។ ឆ្កែ ឬសេក ដែលរត់ចេញទៅបាត់ លើសពីមួយខែ ម្ចាស់ឆ្កែ ឬសេក បាត់បង់សិទ្ធិកម្មសិទ្ធដោយស្វ័យប្រវត្តិ(លេខ 7, 8 និង 9)។
ដើម្បីជ្រាបច្បាស់ ខ្ញុំសូមនិយាយពីការចិញ្ចឹមសត្វពាហនៈនៅកម្ពុជាជាមុនសិន។ មានការចិញ្ចឹមសត្វបែបសេដ្ឋកិច្ច(បសុសត្វ និងបសុបក្សី) និងការចិញ្ចឹមបែបកម្សាន្ត ឬតាមទំនៀមទម្លាប់ប្រពៃណី។

៣. ប្រជាពលរដ្ឋខ្មែរ ចិញ្ចឹមសត្វបែបសេដ្ឋកិច្ច មានដូចជា មាន់ ទា ជ្រូក គោក្របី ជាដើម(បសុសត្វ)។ ការចិញ្ចឹមបែបសេដ្ឋកិច្ចម្ចាស់សត្វត្រូវមានតួនាទីមើលថែទាំសត្វចិញ្ចឹមនោះទៅតាមប្រភេទសត្វ និងទីកន្លែងចិញ្ចឹមសត្វនោះ។ បើនៅជនបទ ការចិញ្ចឹមមាន់ទា គេព្រលែងវាដើរហើរតាមចិត្តបើមានតិចតួចលក្ខណៈគ្រួសារ បើលក្ខណៈអាជីវកម្មត្រូវមាន ទ្រុង។ បើការចិញ្ចឹម ជ្រូក ឬគោ ក្របី លក្ខណៈគ្រួសារភាគច្រើនគឺព្រលែងដោយសេរីដែរ តែបើលក្ខណៈអាជីវកម្ម ត្រូវតែមើលថែឱ្យបានគត់មត់។ តែតាមច្បាប់(ចរាចរណ៍ផ្លូវគោគ) ជ្រូក គោ ក្របី គឺត្រូវតែដាក់ក្នុងទ្រុងជាដាច់ខាត ហើយបើវាដើរចេញក្រៅ ត្រូវមានម្ចាស់មើលថែ ហើយបើវាបង្ករការខូចខាត ត្រូវតែសងសំណងរដ្ឋប្បវេណី ឬព្រហ្មទណ្ឌ អាស្រ័យលើស្ថានភាព និងករណីសិក្សានីមួយៗ ដែលមានលក្ខណតឹងរឹង និងមានសំអាងហេតុ និងច្បាប់ច្បាស់លាស់ (មាត្រា ៨១ កថាខណ្ឌទី២ នៃក្រមព្រហ្មទណ្ឌ “ការប្រើសត្វជាអាវុធ”) ។
ចុះបើចិញ្ចឹមឆ្កែវិញ តើម្ចាស់ឆ្កែ ត្រូវមានកាតព្វកិច្ចអ្វីខ្លះ?
នៅកម្ពុជា មិនទាន់មានច្បាប់ស្តីពីការគ្រប់គ្រងសត្វចិញ្ចឹម(ឆ្កែ) បែបកម្សាន្ត ឬលក្ខណៈគ្រួសារទេ។

៤. យោងស្តីពីច្បាប់ចរាចរណ៍ផ្លូវគោគថ្មី ឆ្នាំ ២០១៧ មាត្រា ៣៣ វាក្យខណ្ឌទី៥ចែងថា ហាមលែងសត្វឱ្យដើររហេត រហូត។ ត្រង់មាត្រានេះមានន័យគ្រប់គ្រាន់ហើយថា សត្វនិយាយជាទូទៅ ឆ្កែនិយាយដោយឡែកនៅទីនេះ ត្រូវហាមលែងឱ្យដើររហេតរហូត។ ដូច្នេះ បើម្ចាស់ឆ្កែនាំចេញក្រៅផ្ទះ ត្រូវតែចងខ្សែដឹក ហើយគ្រប់គ្រងវាឱ្យបាន ចៀសវាងការបង្ករគ្រោះថ្នាក់ដល់អ្នកដទៃជាយថាហេតុចំពោះការធ្វើចរាចណ៍ និងព្យសនកម្មផ្សេងទៀត ដូចជាបង្ករបួសស្នាម ឬការប្រើសត្វដើម្បីសម្លាប់ ធ្វើឱ្យមានរបួស ឬគំរាមកំហែង ឬត្រូវចាត់ទុកថាដូចបានប្រើប្រាស់អាវុធដែរ (មាត្រា ៨១ វាក្យខណ្ឌទី៣)។ ដើម្បីឱ្យកាន់តែច្បាស់ ខ្ញុំសូមលើកយកឧទាហរណ៍ខ្លះៗអំពីការចិញ្ចឹមសត្វនៅកម្ពុជាដូចខាងក្រោម។
នៅជនបទ ការចិញ្ចឹមឆ្កែ ភាគច្រើនគេព្រលែង ដើរហើរដោយសេរី បើទោះបីជាម្ចាស់ឆ្កែត្រូវមានកាតព្វកិច្ចដូចម្ចាស់ឆ្កែទីក្រុង ព្រោះវាជាទម្លាប់ដែលគេនៅបន្តអនុវត្ត ដោយសារទីកន្លែងធំទូលាយផង។ តែបើនៅទីប្រជុំជន ជាពិសេសនៅភ្នំពេញ ម្ចាស់ឆ្កែ(មិនមែនភាគី “ក” ទេ ម្ចាស់ឆ្កែ គឺជាម្ចាស់ឆ្កែ) មិនអាចព្រលែងឆ្កែ ចេញក្រៅរបងបានឡើយ។ ឆ្កែនៅក្នុងផ្ទះត្រូវដាក់ច្រវ៉ាក់វា ចងភ្ជាប់មិនឱ្យវាបង្ករការភ័យខ្លាចដល់ភ្ញៀវ ឬអ្នកក្រៅដែលមករកម្ចាស់ផ្ទះ ហើយបើមិនចងខ្សែវាទេ ត្រូវឃ្លុំមាត់វានឹងឧបករណ៍ ដែលការពារមិនឱ្យវាខាំគេបាន។ បើចង់ព្រលែងវាឱ្យដើរខាងក្រៅរបងផ្ទះ ម្ចាស់ឆ្កែត្រូវឃ្លុំមាត់ឆ្កែ និងចងឆ្កែដឹក ដែលធ្វើឱ្យប្រាកដថាវា មិនបង្ករគ្រោះថ្នាក់ ឬការភ័យខ្លាចដល់អ្នកដទៃ។ ហើយបើវាជុះនៅតាមផ្លូវ តាមរបងផ្ទះគេ ឬតាមសួនច្បារ ម្ចាស់វាត្រូវកើបបើវាជុះលើដី នឹងត្រូវសម្អាតផងបើជុះនោមលើផ្លូវបេតុង ឬរបងផ្ទះ កុំឱ្យគេដៀលទាន់ ថាម្ចាស់ឆ្កែគ្មានគំនិត កុំឱ្យខូចឈ្មោះដល់ម្ចាស់ឆ្កែដែលមានមាយាទល្អ។

៥. ដូចបានដឹងត្រួសៗពីកាតព្វកិច្ចរបស់ម្ចាស់ឆ្កែខាងលើហើយ ឆ្កែជាសត្វចិញ្ចឹមត្រូវស្ថិតនៅលក្ខខណ្ឌមួយតឹងរឹង បើទោះបីជាឆ្កែស្លូត ឬកាចក៏ដោយ ព្រោះអ្នកមិនចិញ្ចឹមសត្វឆ្កែ មិនដឹងថាឆ្កែប្រភេទណាស្លូត ឆ្កែប្រភេទណាកាចទេ ហើយម្ចាស់ឆ្កែ ត្រូវតែបន្ថយនូវការភ័យខ្លាច និងរក្សាអនាម័យ ដោយគោរពតាមការជម្រាបខាងលើ។
៦. ដូច្នេះ ឆ្កែត្រូវស្ថិតនៅក្នុងលក្ខខណ្ឌមានសុវត្ថិភាព និងអនាម័យ។ បើឆ្កែនៅក្នុងរបងផ្ទះបាត់ គឺមានគេចូលមកចាប់ ឬលួចដល់ផ្ទះ អ្នកចាប់ ឬលួច ត្រូវមានទោសព្រហ្មទណ្ឌពីបទលួច(ទ្រព្យសម្បត្តិ តាមក្រមព្រហ្មទណ្ឌ មាត្រា ៣៥៣ ស្តីអំពី និយមន័យនៃអំពើលួចបានចែងថា “អំពើលួច គឺជាអំពើដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្ដិ ឬវត្ថុផ្សេងទៀត របស់អ្នកដទៃ តាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ បទល្មើសលួចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ដល់ ៣ឆ្នាំ និងពិន័យជាប្រាក់ពី១លាន ដល់ ៦លាន”) ហើយការលួចនោះនឹងបន្ថែមស្ថានទម្ងន់ទោស បើជនសង្ស័យ(ចោរ)ចូលមកលួចដល់ក្នុងទីកន្លែងដែលម្ចាស់ឆ្កែបានកាន់កាប់ ដោយក្រុមមានការចាត់តាំង ការគិតទុកជាមុន ការកាប់គាស់ទម្លុះទម្លាយ(របងផ្ទះ) ការផ្លោះរបងចូល(របងផ្ទះ) ការមានអាវុធ ឬចាត់ទុកដូចអាវុធ(នៅនឹងដៃ) ការពួនស្ទាក់ ចាប់ពីមាត្រា ៧៩ ដល់ មាត្រា ៨២ នៃក្រមព្រហ្មទណ្ឌ និងបន្ថែមទោសពីពីបទលួច ពី៦ខែ ដល់ ៣ឆ្នាំ ទៅពីទោស ៣ឆ្នាំ ដល់១០ឆ្នាំវិញ បើការលួចមានការគាស់ទម្លុះទម្លាយ(មាត្រា ៣៥៧ កថាខណ្ឌទី២)។ បើម្ចាស់ផ្ទះមានពិការភាព មានទោសពី ១០ ទៅ ១៥ឆ្នាំ (មាត្រា៣៥៨)។ បើការលួចមានអំពើទារុណកម្មលើម្ចាស់ឆ្កែ ត្រូវមានទោសពី ១៥ ដល់ ៣០ឆ្នាំ (មាត្រា ៣៥៩) បើម្ចាស់ឆ្កែមរណៈភាពដោយសារជនល្មើសលួចឆ្កែ មានទោសពី១៥ ដល់ ៣០ឆ្នាំ (មាត្រា ៣៦០) និងអាចមានទោសបន្ថែមជាច្រើនទៀត ដូចមានចែងក្នុងមាត្រា ៣៦២។ ហើយបើជនល្មើសមិនរាងចាលក្នុងការលួច អាចមានទោសបន្ថែមទៀត។

៧. ហើយបើឆ្កែនៅក្រៅផ្ទះ គេចាប់ ឬកំហែងយក គឺជាបទល្មើសលួច (បទមជ្ឈឹមជាក់ស្តែង) ហើយបើប្រើប្រាស់ហឹង្សាលើម្ចាស់ឆ្កែ ត្រូវមានស្ថានទម្ងន់ទោស តាមមាត្រាដូចបានរៀបរាប់ក្នុងលេខ5ខាងលើ។ ឆ្កែនៅក្រៅផ្ទះ តាមលក្ខខណ្ឌកាតព្វកិច្ចរបស់ម្ចាស់សត្វចិញ្ចឹម ត្រូវតែជាបទល្មើសជាក់ស្តែង ព្រោះម្ចាស់ឆ្កែមិនអាចឃ្លាតពីឆ្កែបានទេ (មាត្រា ៣៣ វាក្យខណ្ឌទី៥ នៃច្បាប់ចរាចរណ៍ផ្លូវគោគថ្មី ឆ្នាំ ២០១៧។ បើសត្វ(ឆ្កែ) រួចពីដៃម្ចាស់ ទាល់តែអ្នកចាប់យកនោះបានដឹង បានស្គាល់ម្ចាស់ឆ្កែ ហើយនៅតែមានចេតនាចាប់យកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន(ចេតនាទុច្ចរិត ដែលបានចាប់យកសត្វ ដែលមិនមែនជាបសុសត្វ យកមកធ្វើជាកម្មសិទ្ធិ តាមមាត្រា ១៨៩ នៃក្រមរដ្ឋប្បវេណី) មិនអាចយកមកធ្វើជាកម្មសិទ្ធិបានទេ បើទោះបីជាសិទ្ធិទាមទាររលត់គិតពីថ្ងៃឆ្កែរត់ចេញ ផុតរយៈពេល១ខែហើយក្តី (លេខ7 ដល់លេខ9)។

៨. ករណីឆ្កែចេញក្រៅផ្ទះ (នៅទីសាធារណៈ) គ្មានម្ចាស់នៅជាមួយទេ អ្នកដទៃ អាចធ្វើលទ្ធកម្មកម្មសិទ្ធិ(យកធ្វើជាកម្មសិទ្ធិ) តាមមាត្រា ១៨៨ នៃក្រមរដ្ឋប្បវេណី គឺជាចលនវត្ថុដែលគ្មានម្ចាស់ ត្រូវជាកម្មសិទ្ធិរបស់អ្នកកាន់កាប់នោះមុនគេ ដោយមានឆន្ទៈយកជាកម្មសិទ្ធិ។ ប៉ុន្តែ បញ្ញត្តិនេះ មិនត្រូវយកមកអនុវត្តឡើយចំពោះករណីដែលមានបញ្ញតិ្តពិសេស នៅក្នុងច្បាប់ ឬបទដ្ឋានគតិយុត្ត ស្តីពីការការពារសត្វព្រៃ។ មាត្រានេះ មានន័យថាសព្វពាហនៈ(រួមទាំងឆ្កែផង) ដែល អានាថានៅតាមទីសាធារណៈ អ្នកដែលចាប់បានមុនគេហើយមានបំណងយកជាកម្មសិទ្ធិ គឺមានសិទ្ធិលើសត្វនោះ លើកលែងតែសត្វព្រៃដែលច្បាប់ហាមឃាត់ ដូចជាសត្វកម្រ មានដូចជា ផ្សោត ខ្លា តោជាដើម។

៩. មួយទៀត គឺកម្មសិទ្ធិលើសត្វដែលរត់ចេញជាអាទិ៍ នៃមាត្រា ១៨៩ ក្រមរដ្ឋប្បវេណីចែងថា ជនដែលកាន់កាប់ដោយសុច្ចរិតនូវសត្វ ឬបក្សី ដែលមិនមែនជាបសុសត្វ ឬបសុបក្សី ហើយដែលអ្នកដទៃចិញ្ចឹម ត្រូវធ្វើលទ្ធកម្មនូវកម្មសិទ្ធិលើសត្វ ឬបក្សីនោះ លុះត្រាតែមិនបានទាមទារពីអ្នកចិញ្ចឹមក្នុងអំឡុងពេល១(មួយ)ខែ តាំងពីពេលសត្វ ឬបក្សីនោះរត់ ចេញ។ មាត្រានេះ គេអនុញ្ញាឱ្យអ្នកចាប់បានសត្វ ឬបក្សី មកធ្វើជាកម្មសិទ្ធិ បើម្ចាស់មិនទាមទារ។ ត្រង់ចំណុចនេះ មានការខ្វះខាតមួយត្រង់ថា បើម្ចាស់មិនទាមទារ ក្នុងអំឡុងពេល១ខែ គិតចាប់ពីថ្ងៃដែលសត្វរត់ចេញ។ តើឱ្យម្ចាស់ទាមទារដូចម្តេចបើម្ចាស់មិនបានដឹងថា អ្នកណាចាប់ផង? មាត្រានេះ គួរធ្វើវិសោធនកម្មថា ក្រោយពីម្ចាស់បានដឹង បានស្គាល់អ្នកចាប់សត្វ ឬបក្សីរបស់ខ្លួន ចង់យកធ្វើជាម្ចាស់កម្មសិទ្ធិ ហើយម្ចាស់មិនទាមទារក្នុងអំឡុងពេល១ខែ ទើបអ្នកចាប់អាចធ្វើលទ្ធកម្មលើសត្វ ឬបក្សីនោះបាន ទើបត្រឹមត្រូវជាង! វាជាគោលការទូទៅនៃច្បាប់ ដែលទុកសិទ្ធិដល់អ្នកបានដឹងពីសិទ្ធិរបស់ខ្លួនពិចារណា ឬរកមធ្យោបាយ និងសម្រេចក្នុងអំឡុងពេលសមរម្យ ដូចជាសិទ្ធិប្តឹងតវ៉ា ឬបណ្តឹងតប ឬបណ្ដឹង ឧបាស្រ័យ ដែលជាទូទៅ មានរយៈពេល ពី១៥ថ្ងៃ ទៅ ១ខែ។

១០. តើអ្វីទៅជាបសុសត្វ ឬបសុបក្សី? ឥឡូវនេះនៅក្នុងការធ្វើកសិកម្មបសុសត្វប្រភេទផ្សេងៗគ្នាអាចចិញ្ចឹមបានដែលក្នុងនោះមានដូចជា គោ ក្របី ចៀម ពពែ ជ្រូក សេះ លា (Equine) សត្វអូដ្ឋ ។ ហើយបសុសត្វដទៃទៀតដែលពាក់ព័ន្ធនឹងសត្វតូចៗដូចជាឃ្មុំ ទន្សាយ បក្សី(មាន់ទា) ក្នុងចំណោមសត្វដទៃទៀតក៏អាចត្រូវបានលើកឡើងផងដែរ។ ដែលសត្វ ឬបក្សីទាំងនេះ ទោះបីជាបានរត់ចេញ១ខែហើយក្តី អ្នកចាប់បាន ចង់យកធ្វើកម្មសិទ្ធិ ក្រោយហួសអំឡុងពេល១ខែហើយក្តី ក៏ពុំអាចយកធ្វើជាកម្មសិទ្ធិបានឡើយ នេះជាលក្ខខណ្ឌអញ្ញាត្តិកម្ម ឬលក្ខខណ្ឌលើកលែង។ ក្នុងនេះដែរ សត្វឆ្កែ ឆ្មា មិនមែនជាបសុសត្វ ដែលច្បាប់លើកលែងទេ បានន័យថា ឆ្កែ ឬឆ្មា ដែលរត់ចេញ អ្នកដែលបានចាប់ ឬកាន់កាប់មុនគេ អាចយកធ្វើជាកម្មសិទ្ធិក្នុងអំឡុងពេលមួយខែ បើទោះបីជាម្ចាស់មិនបានដឹងក៏ដោយ គឺគិតចាប់ពីពេលដែល សត្វឆ្កែ ឬឆ្មានោះរត់ចេញ។ ក្រោយពីផុតរយៈពេលមួយខែ ទោះបីម្ចាស់សត្វ ឬបក្សី រកឃើញក៏ពុំអាចទាមទារវិញបានដែរ។ ត្រង់នេះ នៅខ្វះចំណុចមួយ សួរថាបើម្ចាស់បានដាក់ពាក្យប្តឹង ទៅអាជ្ញាធរ(នគរបាលយុត្តិធម៌ ឬតុលាការ ដោយមានភ្ជាប់ ភស្តុតាងដូចជារូបថត ឬភស្តុតាងជាក់លាក់ណាមួយដែលអាចសំអាងថាជាម្ចាស់កម្មសិទ្ធិ) ហើយផុតរយៈពេលមួយខែគិតពីថ្ងៃសត្វ ឬបក្សីនោះបានរត់ចេញ តើគាត់នៅមានសិទ្ធិទាមទារមកវិញឬទេ? ចុះបើសត្វព្រៃជាសត្វតោ មិនមែនជាបសុសត្វ តែជាកម្មសិទ្ធិឯកជន ដែលមានការអនុញ្ញាតិពិសេស (តោចិន ដែលសម្តេចលើកលែង) ដែលជាកម្មសិទ្ធិឯកជន ហើយរត់ចេញ តើផុតអំឡុងពេល១ខែ ម្ចាស់អាចទាមទារវិញបានដែរឬទេ? បើតាមមាត្រា ១៨៩ នៃក្រមរដ្ឋប្បវេណី ម្ចាស់សត្វដែលដាក់ពាក្យប្តឹងពីការបាត់សត្វដែលមិនមែនជាបសុសត្វ ឬបសុបក្សី ដែលច្បាប់មិនបានកំណត់ទេ គឺមានតែចៅក្រមទេ ជាអ្នកមានឆន្ទានុសិទ្ធិក្នុងការសម្រេច ថាម្ចាស់សត្វអាចទទួលបានសត្វ ឬបក្សីនោះមកវិញ។ ចុះបើសត្វ ឬបក្សីដែលរត់នោះ នៅរស់ មានសុខភាពល្អម្ចាស់ទាមទារវិញ តើអ្នកកាន់កាប់នោះ អាចសុំថ្លៃថែរក្សាបានឬទេ បើច្បាប់មិនបានចែង? បើតាមក្រមសីលធម៌ ហើយអ្នកចាប់មិនបានស្គាល់ម្ចាស់ទេ(សន្មតថាសុច្ចរិត) ម្ចាស់សត្វត្រូវចេញថ្លៃថែទាំ តាមការចំណាយ និងថែទាំជាក់ស្តែង មិនមែនចេះតែទាមទារតាមការចង់បានរបស់អ្នកចាប់នោះទេ។ តែបើអ្នកចាប់មានចេតនាទុច្ចរិត (ចាប់បានសត្វ ឬបក្សីនោះ ស្គាល់ម្ចាស់ហើយ តែមិនប្រាប់ ឬមិនឱ្យម្ចាស់សត្វ ឬបក្សីវិញ លាក់ទុករយៈពេល១ខែ ដើម្បីឱ្យម្ចាស់រលត់សិទ្ធិទាមទារ) តើម្ចាស់សត្វ ឬបក្សី ដែលមានសិទ្ធិទាមទារក្នុងអំឡុងពេលមួយខែ សងថ្លៃថែទាំ ឬការចំណាយលើសត្វ ឬបក្សីនោះបានដែរឬទេ? ហើយចុះបើ ផុតអំឡុងពេលទាមទាររបស់ម្ចាស់សត្វ ឬបក្សី ក្នុងអំឡុងពេលមួយខែនោះ អាចមានសិទ្ធិទាមទារសត្វ ឬបក្សីនោះមកវិញបានដែរឬទេ បើច្បាប់មិនបានចែង? ត្រង់នេះ ក៏មានតែចៅក្រមទេ ទើបមានឆន្ទានុសិទ្ធិក្នុងការសម្រេច។ បើតាមសញ្ញាណច្បាប់របស់ប្រទេសបារាំង ជនដែលមានចេតនាទុច្ចរិត (Mauvaises foire) ពុំអាចទាមទារសំណងបានទេ ហើយអំណាចនៃសិទ្ធិប្តឹងទាមទារក៏មិនរលត់ដែរ។ មានន័យថា បើតុលាការចេញសាលក្រមមួយ ត្រូវជូនដំណឹងពីសេចក្តីសម្រេចនេះទៅគូភាគី ឬអ្នកដែលបាត់បង់ប្រយោជន៍ ឱ្យមានសិទ្ធិប្តឹងតវ៉ាសេចក្តីសម្រេចក្នុងអំឡុងពេលសមរម្យ ដែលជាទូទៅ មានរយៈពលេពី១៥ថ្ងៃ ទៅ១ខែ គិតចាប់ពីថ្ងៃដែលអ្នកខូចប្រយោជន៍ ឬមានសិទ្ធិទាមទារ ឬប្តឹងតវ៉ា អាចតវ៉ាបាន។ តែបើតុលាការ ចេញសាលក្រមរួច មិនផ្ញើទៅអ្នកខូចប្រយោជន៍ ឬអ្នកមានសិទ្ធិទាមទារ ឬប្តឹងតវ៉ាទេ បើទោះបីជាហួសពេលកំណត់សិទ្ធិប្តឹងតវ៉ានោះក៏ដោយ ក៏នៅតែភាគីនោះអាចប្តឹតវ៉ាបានដែរ គេហៅបណ្តឹងនោះថា ជាបណ្តឹងសើរើឱ្យជំនុំជម្រះជាថ្មី ឬបណ្តឹងតវ៉ា។ ក្នុងករណីនេះ ជាការធ្វេសប្រហែស ឬ Mauvaises foire របស់អ្នកមានកាតព្វកិច្ចជូនដំណឹង។ ដូច្នេះ សិទ្ធិតវ៉ា មិនរលត់ទេ។

១១. ថ្មីៗនេះ មានករណីម្ចាស់បក្សី (សត្វសេក ពូជមកពីតំបន់ព្រៃអាម៉ាហ្សូន) ជារបស់លោកអភិបាលខេត្តព្រះសីហនុ ហើរចេញបាត់។ ម្ចាស់បានប្រកាសតាមហ្វេសប៊ុក មានការចែករម្លែកតាមបណ្តាញហ្វេសប៊ុកយ៉ាងច្រើន តែពុំមានអ្នកចាប់ណាយកមកសងវិញទេ។ តាមមាត្រា ១៨៩ ក្រមរដ្ឋប្បវេណី បើហួសរយៈពេលពេល១ខែ ម្ចាស់បក្សី(សេក)នោះពុំអាចទាមទារវិញបានទេ។ តើការបង្ហោះហ្វេសប៊ុកស្វែងរកបក្សីដែលបាត់នោះ ជាការសន្មត ឬជាការចាត់ទុកថាបានប្តឹងដែរឬទេ? ក្នុងករណីនេះ មានតែតុលាការទេទើបមានឆន្ទានុសិទ្ធិអាចសម្រេចបាន ថាម្ចាស់មានសិទ្ធិទទួលបានវិញឬក៏អត់? បើបក្សីនោះទ្រុឌទ្រោម ឬខូចខាត តើម្ចាស់បក្សីនោះអាចប្តឹងទាមទារសំណងបានដែរឬទេ? ករណីនេះ ច្បាប់ក៏មិនបានចែងដែរ សិទ្ធិសម្រេច គឺចៅក្រម។ ករណីនេះ មានចម្ងល់ថា ម្ចាស់បក្សី ផុសឡើងល្បី ហេតុអ្វីអ្នកក្រុងព្រះសីហនុ ជាអ្នកចាប់មិនបានដឹង? ហើយថែមទាំងកាត់ស្លាបសេក មិនអាចហោះហើរបានទៀតផង។ តើជាចេតនាទុច្ចរិតរបស់អ្នកចាប់បក្សីនោះ? តើការកាត់ស្លាបបក្សី ជាការធ្វើឱ្យខូចខាតដោយចេតនា នូវទ្រព្យសម្បត្តិរបស់អ្នកដទៃ តាមក្រមព្រហ្មទណ្ឌមាត្រា ៤១០ដែរឬទេ? ដើម្បីចង់ដឹងថា តើការធ្វើឱ្យខូចខាតដោយចេតនា នូវទ្រព្យសម្បត្តិរបស់អ្នកដទៃ តាមក្រមព្រហ្មទណ្ឌមាត្រា ៤១០ដែរឬទេ យើងត្រូវឈ្វេងយល់ថា តើសត្វ(ឆ្កែ) ឬបក្សី(សេកអាម៉ហ្សូន) ជាទ្រព្យសម្បត្តិឯកជនដែរឬទេ?

១២. យោងតាមមាត្រា ១៨៨ និង មាត្រា ១៨៩ នៃក្រមរដ្ឋប្បវេណី បានចែងយ៉ាងច្បាស់ថា សត្វ ក្រៅពីសត្វព្រៃដែលច្បាប់ពិសេស(ច្បាប់ស្តីពី ព្រៃឈើឆ្នាំ២០០២) បានការពារអ្នកណាកាន់កាប់ ឬចាប់បានមុនគេ គឺអាចធ្វើលទ្ធកម្មបាន(យកធ្វើជាម្ចាស់កម្មសិទ្ធិ)។ ហើយមាត្រា ១៨៩ ក្រៅពីបសុសត្វ(មានដូចជា គោ ក្របី ចៀម ពពែ ជ្រូក សេះ លា (Equine) សត្វអូដ្ឋ) និង បសុបក្សី (មានដូចជា ឃ្មុំ មាន់ ទា ឬបក្សីចិញ្ចឹមជាលក្ខណសេដ្ឋកិច្ចផ្សេងទៀត) សត្វ(ឆ្កែ ឬឆ្មា) ឬបក្សី(សេក ចាបស្រុក ជាដើម ឬជាបក្សីដែលច្បាប់ស្តីពីព្រៃឈើមិនបានការពារទេ) ជនដែលកាន់កាប់ដោយសុច្ចរិតនូវសត្វ ឬបក្សីទាំងនេះ ដែលមិនមែនជាបសុសត្វ ឬបសុបក្សី ហើយដែលអ្នកដទៃចិញ្ចឹមទេ ត្រូវធ្វើលទ្ធកម្មនូវកម្មសិទ្ធិលើសត្វ ឬបក្សីនោះ លុះត្រាតែមិនបានទាមទារពីអ្នកចិញ្ចឹមក្នុងអំឡុងពេល១(មួយ)ខែ តាំងពីពេលសត្វ ឬបក្សីនោះរត់ចេញ អ្នកដែលចាប់បាន ហើយមានបំណងយកធ្វើជាកម្មសិទ្ធិ។ មាត្រា ១៩១ នៃក្រមរដ្ឋប្បវេណីដដែល បានចែងពី “កម្មសិទ្ធិនៃវត្ថុបាត់” ថា៖
១- អ្នកដែលបានរើសវត្ថុដែលអ្នកដទៃបានបាត់ ប្រសិនបើដឹងកម្មសិទ្ធិករនៃវត្ថុនោះច្បាស់លាស់ ត្រូវប្រគល់វត្ថុនោះឱ្យកម្មសិទ្ធិករវិញ ហើយប្រសិនបើមិនដឹងកម្មសិទ្ធិករនៃវត្ថុនោះច្បាស់លាស់ទេ ត្រូវប្រគល់វត្ថុនោះជូនប្រធានប៉ុស្ដិ៍នគរបាល ក្នុងអំឡុងពេល ៧ (ប្រាំពីរ) ថ្ងៃ ក្រោយពេលបានរើស ។
២- ប្រធានប៉ុស្ដិ៍នគរបាល ត្រូវរក្សាទុកនូវវត្ថុរើសបាននោះ ហើយប្រកាសជា សាធារណៈ ហើយប្រសិនបើមិនឃើញមានកម្មសិទ្ធិករក្នុងអំឡុង ៦ (ប្រាំមួយ) ខែ ទេ អ្នករើសត្រូវធ្វើលទ្ធកម្មកម្មសិទ្ធិលើវត្ថុនោះ ។ ប៉ុន្ដែ ប្រសិនបើអ្នករើស មិនបានប្រគល់ជូន ទៅប្រធានប៉ុស្ដិ៍នគរបាល ក្នុងអំឡុងពេល ៧(ប្រាំពីរ) ថ្ងៃ ក្រោយពេលបានរើសទេ អ្នក រើសនេះ មិនអាចធ្វើលទ្ធកម្មកម្មសិទ្ធិលើវត្ថុបានទេ ហើយវត្ថុនោះត្រូវធ្លាក់ទៅជាកម្មសិទ្ធិ របស់រដ្ឋ ។ បញ្ញត្ដិនេះត្រូវយកមកអនុវត្ដដូចគ្នាផងដែរ ចំពោះករណីដែលអ្នករើសមិនមកយកវត្ថុរើស ក្នុងអំឡុងពេល ២ (ពីរ) ខែ ក្រោយពេលខ្លួនបានធ្វើលទ្ធកម្មកម្មសិទ្ធិលើវត្ថុនោះ ។
៣- ប្រសិនបើវត្ថុរើសបាននោះជាវត្ថុដែលមិនអាចទុកយូរបាន ប្រធានប៉ុស្ដិ៍នគរបាលអាចលក់វត្ថុនោះ ហើយរក្សាទុកនូវប្រាក់លក់នោះបាន ។ ការចាត់ចែងប្រាក់លក់នេះ ត្រូវធ្វើដូចគ្នានឹងការចាត់ចែងវត្ថុរើស ។
៤- ក្នុងករណីដែលវត្ថុរើសត្រូវបានប្រគល់ឱ្យកម្មសិទ្ធិករវិញ កម្មសិទ្ធិករត្រូវផ្ដល់ប្រាក់រង្វាន់ទៅអ្នករើសពី ៥ (ប្រាំ) ភាគរយ ទៅ ២០ (ម្ភៃ) ភាគរយ នៃតម្លៃវត្ថុនោះ ។អ្នករើសត្រូវបាត់បង់សិទ្ធិទាមទារប្រាក់រង្វាន់នេះ ប្រសិនបើអ្នកនោះ មិនទាមទារក្នុងអំឡុងពេល ១ (មួយ) ខែ ក្រោយពេលកម្មសិទ្ធិករបានទទួលយកវត្ថុនោះ ។
ត្រង់ចំណុចនៃមាត្រា ១៨៨ ១៨៩ និង ១៩១ បានកំណត់យ៉ាងច្បាស់ថា សត្វ(ឆ្កែ) ឬបក្សី(សេក) មិនមែនជាទ្រព្យសម្បត្តិ ដែលត្រូវបានការពារតាមមាត្រា ៣៥៣ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤១០ ស្តីពីការធ្វើឱ្យខូចខាតដោយចេតនា នូវទ្រព្យសម្បត្តិរបស់អ្នកដទៃនោះទេ ក្នុងករណី សត្វ(ឆ្កែ) ឬបក្សី(សេក) រត់ ឬហើរចេញបាត់ពីទីកន្លែងកាន់កាប់របស់ម្ចាស់សត្វនិងបក្សីនោះទេ។ លើកលែងតែសត្វ(ឆ្កែ) ឬបក្សី(សេក) នោះនៅក្នុងទីកន្លែងដែលម្ចាស់កាន់កាប់ ទើបមាត្រា ៣៥៣ និងមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌនេះ អាចយកមកអនុវត្តលើជនល្មើសបាន ដូចបានរៀបរាប់នៅក្នុងលេខ 5 និងលេខ 6 ខាងលើ។

១៣. នៅមានមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ ពីបទ ធ្វើឱ្យខូចខាតដោយចេតនា គឺអំពើប្រព្រឹត្តដោយចេតនា ដោយបំផ្លិចបំផ្លាញ ធ្វើឱ្យទ្រុឌទ្រោម ឬធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់អ្នកដទៃនោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាការពី៦(ប្រាំមួយខែ) ទៅ២(ពីរ)ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ៤លានរៀល លើកលែងតែការខូចខាតមានលក្ខណៈស្រាល។ មាត្រានេះ មានចំណុចខ្វះខាតមួយទៀត គឺការខូចខាតមានលក្ខណៈស្រាល។ ម្ចាស់របស់ដែលរងការខូចខាត ដោយអំណាចនៃការស្រលាញ់ទ្រព្យ ការខឹងអ្នកធ្វើឱ្យខូចខាតទ្រព្យ ការស្អប់ គុំគួន គឺត្រូវតែលើកថា ទ្រព្យរបស់ខ្លួនខូចខាតធ្ងន់ខ្លាំង ឬធ្ងន់ក្រៃលែង បើទោះបីជាការខូចខាតនោះស្រាល ឬតិចតួចក្តី។ ផ្ទុយទៅវិញ បើអ្នកបង្ករឱ្យខូចខាតនូវទ្រព្យសម្បត្តិរបស់អ្នកដទៃវិញ ទោះបីជាបានធ្វើឱ្យខូចខាតទ្រព្យនោះធ្ងន់ក្រៃលែង ឬធ្ងន់ខ្លាំង ក៏នៅតែអះអាងថា ទ្រព្យនោះខូចខាតតិចតួច ដើម្បីរួចពីការទទួលខុសត្រូវ។ ត្រង់ចំណុចនេះ គួរតែមានកំណត់និយមន័យថា ដូចម្តេចទៅហៅថាខូចខាតខ្លាំង ដូចម្តេចទៅហៅថាខូចខាតស្រាល?

១៤. ចុះបើម្ចាស់ឆ្កែមិនគោរពកាតព្វកិច្ចថែរក្សាឆ្កែទេ ឆ្កែនោះបានដើរចេញក្រៅដោយគ្មានឃ្លុំមាត់ ឬគ្មានចងខ្សែទេ ហើយឆ្កែរងគ្រោះដោយ ការវាយដំ ទារុណកម្ម ហឹង្សា ឬសម្លាប់ ជនដែលប្រព្រឹត្តលើឆ្កែ ពុំមានទោសព្រហ្មទណ្ឌទេ តែត្រូវសងសំណងរដ្ឋប្បវេណី។ តែបើចាប់យកទៅចិញ្ចឹម ហើយនៅរស់ ម្ចាស់បានឃើញ ត្រូវសុំវិញ។ បើអ្នកចាប់មិនប្រគល់ឆ្កែឱ្យម្ចាស់វិញទេ ត្រូវមានបទល្មើសលួច។ អ្នកចាប់ឆ្កែបាន ឬរើសបាន កាលពីសម័យសង្គមរាស្រ្តនិយម គេចាប់សត្វអានាថានោះ យកទៅដាក់នៅរបើសក្រុង បច្ចុប្បន្នគ្មានកន្លែងថែរក្សាសត្វចិញ្ចឹមអានាថាទេ។ បើចាប់ទុក តិចជាង១ខែថ្ងៃម្ចាស់រកឃើញ ត្រូវសងគេវិញ។ បើលើស១ខែ គិតចាប់ពីពេលឆ្កែរត់បាត់ ម្ចាស់ពុំអាចទាមទារឆ្កែវិញបានទេ។ ចុះបើម្ចាស់ឆ្កែដែលបាត់ ដាក់ពាក្យបណ្តឹងពីការបាត់ឆ្កែនៅមូលដ្ឋានរបស់ខ្លួន? ដូច្នេះការស្នើសុំរបស់ដែលបាត់ ពេលបានរកឃើញវិញ ជាដំណោះស្រាយដ៏ល្អបំផុត។ បើសិនជាម្ចាស់ឆ្កែដែលបាត់ មិនបានដាក់ពាក្យបណ្តឹងពីការបាត់ឆ្កែទេ(ដែលគ្មានអត្តសញ្ញាណ ដូចជាប្រាក់ ឬសត្វចិញ្ចឹម) ទុកដូចម្ចាស់ឆ្កែបានបោះបង់ ឬបរិច្ចាកដល់អ្នកចាប់សត្វបាន ឬរើសប្រាក់បាន ព្រោះសមត្ថកិច្ចពុំបានទទួលពាក្យបណ្តឹងពីការបាត់របស់ ទោះបីអ្នកចាប់សត្វបាន ឬរើសបានប្រាក់មកប្រគល់ដល់សមត្ថកិច្ច ក៏ពុំអាចរកឃើញម្ចាស់សត្វ ឬម្ចាស់ប្រាក់បានឡើយ ព្រោះជារបស់ពុំបានចុះបញ្ចីសម្គាល់កម្មសិទ្ធិ ដូចជាចលនវត្ថុផ្សេងៗទៀត ។ តែបើការរើសបាន ឬការចាប់យករបស់ដែលអាចសម្គាល់ម្ចាស់កម្មសិទ្ធិបានដូចជាយានជំនិះ អ្នករើសបាន ពុំអាចរួចខ្លួនពីការចោទប្រកាន់ពីបទលួច ដោយលក្ខខណ្ឌ រក្សាទុករបស់រើសបានក្នុងរយៈពេល៧ថ្ងៃបានឡើយ។

១៥. ឆ្កែ ឬសត្វដែលពុំមានអត្តសញ្ញាណទេ ហើយចេញទៅក្រៅដោយគ្មានឃ្លុំមាត់ គ្មានខ្សែប្រឡៅទេ ដើរតាមផ្លូវ មានអ្នកចាប់យក (ឬបើទោះបីជាលួចក៏ដោយ) ត្រូវមើលកថាខណ្ឌខាងលើអំពីកាតព្វកិច្ចថែរក្សាសត្វ ទៅតាមប្រភេទសត្វ ឬទីន្លែងចិញ្ចឹមសត្វ ថានៅជនបទ ឬនៅទីក្រុង បើជាឆ្កែដែលគេចាប់បាន ឬរើសបាន នៅទីសាធារណៈ ត្រូវមើលពីលក្ខខណ្ឌស្តីពីការចាប់ ឬរើសវត្ថុបាន(លេខ8) ។

១៦. ចុះបើឆ្កែដែលពុំមានអត្តសញ្ញាណ គ្មានឃ្លុំមាត់ គ្មានខ្សែប្រឡៅទេ ចូលទៅទីកន្លែងឯកជនរបស់អ្នកដទៃ ត្រូវម្ចាស់ទីកន្លែងឯកជននោះ វាយឱ្យរបួស ឬធ្វើទារុណកម្ម ឬសម្លាប់ ទោះមានចេតនា ឬគ្មានចេតនាក៏ដោយ តើម្ចាស់ទីកន្លែងនោះ មានទោសឬទេ? គឺគ្មានទេ ព្រោះនៅកម្ពុជា ក្រមព្រហ្មទណ្ឌការពារតែបូរណៈរាងកាយមនុស្សតែប៉ុណ្ណោះ ពុំបានការពារ បូរណៈភាពរាងកាយសត្វទេ។ ចុះបើ ម្ចាស់ទីកន្លែងឯកជននោះ ធ្វើឱ្យឆ្កែស្លាប់ គ្មានទោស ចុះសាកសពឆ្កែ ត្រូវចាត់ចែងដូចម្តេច? បើឆ្កែងាប់ ហើយ តើម្ចាស់ទីកន្លែង ស្គាល់ម្ចាស់ឆ្កែ ត្រូវយកសងម្ចាស់គេវិញ។ តែបើមិនស្គាល់ អាចបោះចោល ឬកប់ចោលបាន។ តែបច្ចុប្បន្ន មានទំនោអ្នកលួចឆ្កែគេស៊ី ហើយប្រើមូលហេតុការពារខ្លួន សម្លាប់ឆ្កែរួច យកក្លែម(ភាគច្រើនជាជនថោកទាបដែលសង្គមស្អប់ខ្ពើមបំផុត ហើយគួរតែមានវិធានការណ៍សមស្របណាមួយលើមនុស្សប្រភេទនេះ) ដែលគេច្រើននិយាយលេងថា «បើចង់ស៊ីឆ្កែ ត្រូវចោទថា ឆ្កែនោះឆ្កួត»។ ក្នុងករណីយកសាកសពឆ្កែទៅប្រើជាប្រយោជន៍ ក្រោយពីសម្លាប់រួចហើយ វាជាការណីធ្វើឱ្យខូចខាតដោយអចេតនា ឬដោយចេតនា ទៅតាមអង្គហេតុនីមួយៗ ហើយអ្នកប្រព្រឹត្ត ត្រូវសងសំណងខូចខាតដល់ម្ចាស់ឆ្កែ តែមិនអាចប្តឹងពីបទលួច ចំពោះម្ចាស់ទីតាំងលើទីកន្លែងឯកជនរបស់ម្ចាស់ទីតាំងបានឡើយ ឬឃាតកម្មលើសត្វចិញ្ចឹមរបស់អ្នកដទៃ ឬធ្វើឱ្យខូចខាតដោយចេតនាលើទ្រព្យសម្បត្តិរបស់អ្នកដទៃនោះទេ(លេខ12)។ ត្រង់ចំណុចនេះ គឺត្រូវមើលលើសកម្មភាព(សត្យានុម័ត) មើលលើចេតនារបស់អ្នកប្រព្រឹត្ត(អត្តនោម័ត) និង ច្បាប់(នីត្យានុកូល) ហើយការបកស្រាយ ដាក់បន្ទុក ឬដោះបន្ទុក ត្រូវតែធ្វើនៅចំពោះមុខតុលាការ អាស្រ័យលើអង្គហេតុនីមួយៗជាក់ស្តែង។ ការបង្ហាញមតិ របស់មហាជន វាផ្អៀងទៅតាមការយល់ឃើញរបស់អ្នកស្រលាញ់ឆ្កែ ឬអ្នកដែលមិនស្រលាញ់ឆ្កែ តែស្រលាញ់បរិស្ថាន ហើយមិនចូលចិត្តនូវការខ្វះការទទួលខុសត្រូវរបស់ម្ចាស់ឆ្កែ ដែលធ្វើឱ្យឆ្កែជុះពាសវាលពាសកាល ឬបង្ករសោកនាដកម្មលើពួកគេ ឬក្រុមគ្រួសាររបស់ពួកគេ ទៅតាមបទពិសោធ(ការឈឺចាប់) វប្បធម៌ ទីកន្លែង ជាតិសាសន៍ណាមួយ ដែលមានទំនាក់ទំនងជាមួយឆ្កែ។

ឯកសារយោង៖
១. ច្បាប់ស្តីពីព្រៃឈើ ឆ្នាំ ២០០២
២. ក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ (ដាក់ឱ្យអនុវត្ត ដោយច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី ឆ្នាំ ២០១១)
៣. ក្រមព្រហ្មទណ្ឌ ឆ្នាំ ២០១០
៤. ច្បាប់ស្តីពី សុខភាពសត្វ និង ផលិតកម្មសត្វ ឆ្នាំ ២០១៦
៥. ច្បាប់ស្តីពី ចរាចរណីផ្លូវគោគថ្មី ឆ្នាំ ២០១៧

———————————-

អត្តបទនេះ គ្រាន់តែជាការចែករម្លែកចំណេះដឹងផ្នែកច្បាប់របស់កម្ពុជា អំពីកាតព្វកិច្ច សិទ្ធិ ការទទួលខុសត្រូវរបស់ម្ចាស់សត្វចិញ្ចឹមនិយាយជារួម និងសត្វឆ្កែនិយាយដោយឡែក និងសិទ្ធិនិងការទទួលខុសត្រូវរបស់អ្នកដែលប្រព្រឹត្តលើឆ្កែ(ជនល្មើស) ឬជនរងគ្រោះ ដែលបណ្តាលមកពីម្ចាស់ឆ្កែ និងសត្វឆ្កែផង លើការខូចខាតទ្រព្យសម្បត្តិ ឬការប៉ះពាល់ដល់ បូរណៈភាពរាងកាយបុគ្គលផង។
ការបកស្រាយនេះ ស្មេរពុំបានបង្ហាញពីការគាំទ្រឱ្យចាប់ ឬដាក់ទោសធ្ងន់ក្រៃលែងលើអ្នកប្រព្រឹត្តមិនសមរម្យលើឆ្កែ ឬក៏រើសអើងដល់អ្នកស្រលាញ់ឆ្កែនោះក៏ទេដែរ។ រាល់ការបកស្រាយបំផ្លើស ឬទាញទៅរកន័យចោទប្រកាន់ណាមួយ ឬញុះញង់ដល់ការរើសអើង ឬប្រព្រឹត្តបទល្មើសណាមួយ ជាការទទួលខុសត្រូវរបស់ជននោះ។