ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស នឹងផ្តើមទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី១៨ មីនានេះ។
ដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន ទៅកាន់ប្រទេសមីយ៉ាន់ម៉ានេះ គឺធ្វើឡើងតាមការអញ្ជើញរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ក្រសួងការបរទេស ថា ដំណើរទស្សនកិច្ចនេះមានការចូលរួមពីលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន, លោក លី យ៉ាម មីង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ ជាដើម។
បើតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីឈានទៅដល់ការបញ្ចប់អំពើហិង្សាក៏ដូចជាការអត់ធ្មត់ឱ្យបានខ្ពស់បំផុតពីគ្រប់ភាគីទាំងអស់។
ក្នុងនោះការចែកចាយជំនួយមនុស្សធម៌ ដោយមានការគាំទ្រនិងសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ និងការលើកទឹកចិត្តឱ្យមានកិច្ចពិគ្រោះយោបល់, កិច្ចសន្ទនានយោបាយ ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។
ក្រសួង បញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងផ្អែកលើឯកសារមូលដ្ឋាននៃកិច្ចព្រមព្រៀងជាឯកច្ឆន្ធប្រាំចំណុចរបស់អាស៊ាន។ ក្នុងនោះលទ្ធផលនៃដំណើរទស្សនកិច្ចការងាររបស់សម្តេច ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧,៨ ខែមករា ឆ្នាំ២០២២កន្លងទៅនេះជាដើម៕