ភ្នំពេញ៖ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាល វៀតណាម នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤ បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៤ ដើម្បីបន្តអនុវត្តនូវយន្តការសហប្រតិបត្តិការអនុវត្តច្បាប់កាន់តែសកម្ម និងខ្លាំងក្លាថែមទៀត រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ព្រមទាំងបានឯកភាពយកចិត្តទុកដាក់បន្តអនុវត្តកិច្ចការសំខាន់ៗមួយចំនួន ។
ភាគីទាំងពីរ បង្កើនកិច្ចសហការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងតំបន់ ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍ការងារ និងការអភិវឌ្ឍធនធានមនុស្ស សំដៅឆ្លើយតបបានសមស្របទៅនឹងការវិវត្តស្មុគស្មាញនៃបទល្មើស ជាពិសេសបទល្មើសមិនប្រពៃណីដែលកំពុងមានកើនឡើងយ៉ាងឆាប់រហ័ស ។
ជាមួយគ្នានោះ ភាគីទាំងពីរនឹងសហការជំរុញការបើកដំណើរការជាផ្លូវការនូវបណ្តាច្រកទ្វារព្រំដែនអន្តរជាតិ ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នាកន្លងមក ដើម្បីឱ្យសមស្របតាមបរិបទរីកចម្រើននៃសេដ្ឋកិច្ចសង្គម និងជំរុញដល់កំណើននៃការផ្លាស់ប្តូរពាណិជ្ជកម្ម ព្រមទាំងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែលបន្តមានការកើនឡើងជាលំដាប់ ក៏ដូចជារួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង៕