ភ្នំពេញ៖ ក្រសួងមហាផ្ទៃ កំពុង រៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង ដើម្បីឆ្លើយតប ទៅនឹងបរិបទនៃការរីកចម្រើននៃបច្ចេកវិទ្យាក្នុងសម័យឌីជីថលបាន និង ជំនួសច្បាប់ចាស់ឆ្នាំ ១៩៩៦។
លោក ទ្រី សុខហេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារបច្ចេកទេសនៅថ្ងៃ ទី២៣ ខែមករា ឆ្នាំ ២០២៤ដឹកនាំបន្តកិច្ចប្រជុំក្រុមការងារបច្ចេកទេសរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសងដោយមានការចូលរួមពី អនុប្រធាន និងសមាជិកក្រុមការងារបច្ចេកទេសរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំនេះ លោក ទ្រី សុខហេងបានបញ្ជាក់ថា កិច្ចការរបស់ក្រុមការងារបច្ចេកទេសជំហ៊ានទី១ គឺត្រូវសិក្សាសាវជ្រាវប្រមូលផ្ដុំឯកសារពាក់ព័ន្ធច្បាប់ជាតិ និងអន្តរជាតិ ដើម្បីជាមូលដ្ឋាន ក្នុងការរៀបចំជាគោលគំនិតរួម ជាទស្សនាទានរួមនៃគោលបំណងដែលត្រូវរៀបចំក្នុងការធ្វើវិសោធនកម្មច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសងឆ្នាំ 1996 ឱ្យមានភាពប្រទាក់ក្រឡាស៊ីសង្វាក់ជាមួយនឹងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មដែលបានប្រកាសប្រើនៅឆ្នាំ 2020 ។
លោកបន្តថា ក្រោយពីបញ្ចប់ការងារជំហានដំបូងនេះ ក្រុមការងារបច្ចេកទេស ត្រូវធ្វើរបាយការណ៍សុំគោលការណ៍ដឹកនាំចង្អុលបង្ហាញពីក្រុមការងាររៀបចំកសាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសងដែលមាន លោក ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាន។
គោលបំណងដែលនៃការផ្ដួចផ្ដើមធ្វើវិសោធនកម្មច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសងឆ្នាំ 1996 នេះគឺដោយសារច្បាប់ចាស់មិនអាចឆ្លើយតបទៅនឹងបរិបទនៃការរីកចម្រើននៃបច្ចេកវិទ្យាក្នុងសម័យឌីជីថលបាន គឺធ្វើយ៉ាងណាឱ្យច្បាប់នេះមានសង្គតិភាពជាមួយនឹងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងដើម្បីធានាឱ្យការបង្ក្រាប និងលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព ។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះជាកិច្ចប្រជុំលើកទី 24 របស់ក្រុមការងារបច្ចេកទេស ហើយរហូតមកដល់ពេលនេះក្រុមការងារបច្ចេកទេសសម្រេចបានការងាររៀបចំទស្សនាទានរួមស្ទើរទាំងស្រុងហើយ៕