លោក អាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ទីក្រុងហ្សឺណែវ បានលើកឡើងថា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានសំងំស្ងៀមឈឹងអស់រយៈពេលជាច្រើនឆ្នាំ ចំពោះការប្រើភាសាប្រជាភិថុតិប្រកបដោយគ្រោះថ្នាក់របស់ក្រុមប្រឆាំងមួយចំនួន។
យោងតាមបទអន្តរាគមន៍របស់លោក អាន សុខខឿន នាសម័យប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ចុះថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ លោក បានគូសបញ្ជាក់ថា ការប្រើប្រាស់ភាសាប្រជាភិថុតិរបស់ក្រុមប្រឆាំងនេះ គឺធ្វើឡើងតាមរបៀបផ្សព្វផ្សាយព័ត៌មានមិនពិត ជេរប្រមាថ និងបង្កាច់បង្ខួចគ្រប់យ៉ាងញុះញង់ឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ និងការរើសអើងពូជសាសន៍ និងអំពាវនាវឱ្យមានការបះបោរប្រឆាំងរដ្ឋាភិបាលជាថ្នូរនឹងប្រាក់។
ត្រង់ចំណុចខាងលើនេះ លោកដាក់ជាសំណួរទៅកាន់លោកស្រីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សថា តើសកម្មភាពទាំងនេះគឺជាអ្វីដែលលោកស្រីចាត់ទុកថាជាការប្រព្រឹត្តស្របច្បាប់ក្រោមច្បាប់អន្តរជាតិឬ?
ដោយឡែកឯាកមកនិយាយអំពីគណបក្សនយោបាយដែលនឹងចូលរួមការបោះឆ្នោតខាងមុខវិញ។ លោក អាន សុខខឿន បានគូសបញ្ជាក់ថា អវត្តមាននៃគណបក្សនយោបាយមួយក្នុងការបោះឆ្នោតនាពេលខាងមុខ ដោយសារការបំពានច្បាប់ មិនបានធ្វើឱ្យកម្ពុជាចាកឆ្ងាយពីពហុបក្សឡើយ។ លោក ថា មិនថាលទ្ធផលបែបណាឡើយ ការពិតមួយដែលមិនអាចប្រកែកបានគឺថា អ្នកបោះឆ្នោតនៅតែអាចជ្រើសរើសគណបក្សនយោបាយមួយ ក្នុងចំណោមគណបក្សនយោបាយចំនួន១៧ ដែលបានចុះបញ្ជីរួចរាល់ចូលរួមការប្រកួតប្រជែងបោះឆ្នោត។
សម្រាប់លោក អាន សុខខឿន “គណបក្សទាំងនោះ មិនថាតូច ឬធំ មានសិទ្ធិនយោបាយនិងសេចក្តីថ្លៃថ្នូរស្មើៗគ្នា និងត្រូវទទួលបានការគោរពដូចៗគ្នា”៕