ក្រសួងយុត្តិធម៌ បានប្រកាសពីការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមផ្ទៃក្នុងជំនាន់ទី២ សម្រាប់ឆ្នាំ២០២២-២០២៤ ហើយការទទួលពាក្យសុំប្រឡងនេះ គឺធ្វើឡើងចាប់ពីថ្ងៃទី១០ ខែមីនា ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងនៅថ្ងៃទី៩ មីនានេះ។
បើតាមក្រសួងយុត្តិធម៌ លក្ខខណ្ឌ ដែលបេក្ខជនមានដើម្បីអាចចូលរួមប្រឡងប្រជែងនេះ គឺត្រូវបំពេញលក្ខខណ្ឌចំនួន៥ ចំណុចរួមមាន៖ ១.ត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រច្បាប់ឡើងទៅ,២.ត្រូវមានបទពិសោធន៍ក្នុងវិស័យច្បាប់ ឬយុត្តិធម៌ យ៉ាងតិច៥ឆ្នាំ, ៣.មានអាយុមិនលើសពី៤៥ឆ្នាំ គិតមកដល់ថ្ងៃប្រឡង, ៤.មិនដែលមានទោសពីបទមជ្ឈិម ឬបទឧក្រិដ្ឋ និង៥.ត្រូវមានកាយសម្បទាគ្រប់គ្រាន់អាចបំពេញការងារបាន។
ក្រសួង បានបន្តថា បេក្ខជនដែលមានបំណងចូលរួមប្រកួតប្រជែងអាចទាញយកពាក្យសុំចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមផ្ទៃក្នុង ជំនាន់ទី២នេះ ពីក្នុងគេហទំព័រផ្លូវការរបស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ឬពីទំព័រហ្វេសប៊ុករបស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដើម្បីបំពេញបែបបទសុំប្រឡង។
ក្រោយពេលបំពេញរួច បេក្ខជនត្រូវយកមកដាក់ផ្ទាល់នៅការិយាល័យរដ្ឋបាលនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ក្នុងអំឡុងពេលកាលបរិច្ឆេទដែលបានកំណត់ខាងលើនេះ។ នេះបើតាមការបញ្ជាក់របស់ក្រសួង៕