ពីខេត្តព្រះសីហនុ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទម្លាយព័ត៌មានដែលថា សមត្ថកិច្ចចិនបានស្នើសុំភាគីកម្ពុជាដើម្បីអាចចាប់ខ្លួនជនជាតិចិនដែលប្រព្រឹត្តិបទល្មើសដោយខ្លួនឯង ដោយមិនឱ្យភាគីកម្ពុជាធ្វើនោះទេ នៅលើទឹកដីកម្ពុជានោះ។ សម្តេច ថា សំណើររបស់ភាគីចិនបែបនេះត្រូវបានភាគីកម្ពុជាបដិសេធផងដែរ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ និងទិសដៅបន្ដរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃពុធ ទី៩ មីនានេះ សម្តេច ស ខេង បានសង្កត់ធ្ងន់ថា សំណើររបស់ភាគីចិនខាងលើនេះ គឺមិនអាចទទួលយកបាននោះទេ ហើយម្យ៉ាងវិញទៀតសំណើរបែបនេះក៏វាទាក់ទងនឹងអធិបតេយ្យភាពរបស់កម្ពុជាផងដែរ។
សម្តេច បានគូសបញ្ជាក់ថា “បើយើងផ្តល់អធិបតេយ្យភាពនេះទៅឱ្យចិន។ វាក៏ត្រូវឱ្យទៅប្រទេសផ្សេងទៀតដែរ ដែលកំពុងតែមានការិយាល័យសហប្រតិបត្តិការជាមួយកម្ពុជាសព្វថ្ងៃនេះ មានប្រទេសមួយចំនួន មិនតិចប៉ុន្មាននោះទេ”។ ត្រង់ចំណុចនេះ សម្តេច ថា ភាគីចិនក៏បានឯកភាពផងដែរនូវអ្វីដែលកម្ពុជាបានលើកឡើងបែបនេះ៕